វៀតណាម៖ កីឡាករ កីឡាការិនីជម្រើសជាតិ និងថ្នាលកម្ពុជា២០នាក់បានឈ្នះមេដាយសរុប ១៧គ្រឿង ក្នុងនោះមេដាយមាស ៤ ប្រាក់៦ និងសំរឹទ្ធ៧ ពីការប្រកួត WDSF World Challenge Cup Rising Star Latin & Standard 2024/WDSF International Open Latin & Standard 2024/KTOC Cup 2024 ដោយមាន២៦ប្រទេសជុំវិញពិភពលោកចូលរួមប្រកួត ដែលបានប្រារព្ធឡើងនៅទីក្រុងហូជីមិញ ប្រទេសវៀតណាមជាធ្វើម្ចាស់ផ្ទះ។
លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការ សហព័ន្ធកីឡារាំកម្ពុជាគូសបញ្ជាក់ថា មេដាយសរុបចំនួន១៧គ្រឿងរបស់កម្ពុជា គឺក្នុងនោះមានមេដាយមាស ៤គ្រឿង មេដាយប្រាក់៦គ្រឿង និងសំរឹទ្ធ ៧គ្រឿង នៅក្នុងការប្រកួតកីឡារាំ WDSF World Challenge Cup, WDSF International Open និងKTOC Cup 2024 នៅប្រទេសវៀតណាម។ មេដាយមាសចំនួន៤គ្រឿងរបស់កម្ពុជាដណ្តើមបានដោយកីឡាករជម្រើសជាតិ ជុំ លី ហៀង មេដាយមាស១ គ្រឿង (WDSF World Challenge Cup Raising Star 2024), កីឡាការិនីជម្រើសជាតិ សាន រ៉ូហ្សា មេដាយមាស១គ្រឿង (WDSF World Challenge Cup Raising Star 2024) និងកីឡាករថ្នាល ឡុង ចំណូល ឈ្នះមេដាយមាស២។
លោកស្រី ហង់ ស៊ីមន បន្ថែមថា នេះជាសមិទ្ធផលថ្មីមួយទៀតរបស់ប្រភេទកីឡារាំកកម្ពុជា ដែលបានកើតចេញពីការខិតខំប្រឹងប្រែងហ្វឹកហាត់ត្រៀមបានយ៉ាល្អស្ទើរគ្មានពេលសម្រាក និងការប្រកួតរបស់កីឡាករ កីឡាការិនីជម្រើសជាតិ និងថ្នាលយុវជនកម្ពុជា។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាដ៏ធំឆ្នាំ២០២៤ ដែលប្រទេសវៀតណាមទទួលរៀបចំធ្វើម្ចាស់ផ្ទះនេះ មាន២៦ប្រទេសចូលរួមមកពីទ្វីបអាស៊ី អឺរ៉ុប អាមេរិក និងអាហ្វ្រិច ដែលបានប្រព្រឹត្តទៅពីថ្ងៃទី១៣-១៤ ខែកក្កដា ឆ្នាំ២០២៤៕