ភ្នំពេញ៖ ការប្រកួតកីឡាប្រដាល់សកល និងគុនខ្មែរ ជើងឯករាជធានីភ្នំពេញ ឆ្នាំ២០២៤បានបិទបញ្ចប់ដោយជោគជ័យ កាលពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នៅសាលនៃពហុកីឡដ្ឋានជាតិអូឡាំពិក បន្ទាប់ពីដំណើរការប្រកួតអស់រយៈពេល៤ថ្ងៃ ដោយគណៈកម្មការបច្ចេកទេសផលិតបានធនធានកីឡាករ កីឡាការិនីឆ្នើមៗលើ១៣ប្រភេទទម្ងន់នៃ២ប្រភេទកីឡាទាំងពីរនេះ។
លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញបានលើកឡើងថា ការប្រកួតកីឡាប្រដាល់សកល និងគុនខ្មែរជ្រើសរើសជើងឯករាជធានីភ្នំពេញ ប្រចាំឆ្នាំ២០២៤បានបញ្ចប់ប្រកបដោយភាពរីករាយនិងស្និទ្ធស្នាល។ ក្នុងនាមមន្ទីរ អប់រំ យុវជន និង កីឡារាជធានីភ្នំពេញ លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសហព័ន្ធកីឡាប្រដាល់សកលនិងគុនខ្មែរ គណៈកម្មការរៀបចំការប្រកួតគ្រប់ផ្នែកដែលបានផ្ដល់កិច្ចសហការបានយ៉ាងល្អ ប្រសើរធ្វើឱ្យការប្រកួតកីឡាប្រដាល់សកលនិងគុនខ្មែរ រហូតមកដល់ថ្ងៃនេះទទួលបានជោគជ័យគួរជាទីមោទនៈ។
អនុប្រធានមន្ទីរអប់រំបន្ថែមថា ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរៀបចំការប្រកួតបានបង្ហាញឱ្យឃើញថា ក្លឹបកីឡាប្រដាល់សកលនិងគុនខ្មែរបានចូលរួមប្រកួតនេះទទួលបានលទ្ធផលល្អគួរឱ្យកត់សម្គាល់ លើកម្រិតបច្ចេកទេស វិន័យ និងសណ្ដាប់ធ្នាប់ គឺការស្ដែងចេញឱ្យឃើញថា នូវការខិតខំប្រឹងប្រែងហ្វឹកហាត់របស់កីឡាករ កីឡាការិនី និងការជួយឧបត្ថម្ភគាំទ្រលើកទឹកចិត្តទាំងធនធាន សម្ភារ ថវិកាប្រធានក្លឹបកីឡា ថ្នាក់ដឹកនាំ គ្រូបង្វឹក ក្នុងការដឹកនាំក្រុមរបស់ខ្លួនចូលរួមប្រកួត ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និងស្រឡាញ់ចូលចិត្តវិស័យកីឡាប្រដាល់សកល និងគុនខ្មែរពិតប្រាកដមែន។ ការចូលប្រកួតកីឡានាពេលនេះ គឺការប្រកួតមួយ ដើម្បីបង្កើនកម្រិតបច្ចេកទេស និងផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងន័យមិត្តភាព សាមគ្គីភាព និងសុខភាព។
លោក អ៊ុក ចន្ថា សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះគឺការលើកកម្ពស់ ការអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាព សុខភាពល្អ ជំនាញ និងសីលធម៌ល្អ ជាពិសេសលើកកម្ពស់វប្បធម៌ជាតិ បង្កើតគំនិតថ្មីៗ វប្បធម៌សិក្សាពេញមួយជីវិត សំដៅធានាការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបដោយ ចីរភាព និងលើកកម្ពស់ ការអភិវឌ្ឍ វិស័យអប់រំកាយនិងកីឡា ព្រោះវិស័យនេះជួយលើកស្ទួយសុខុមាលភាពរបស់ប្រជាពលរដ្ឋឱ្យមានកាយសម្បទាមាំមួន និងសុខភាពល្អ ចៀសផុតពីជំងឺផ្សេងៗ និងអំពើអបាយមុខមួយចំនួនដើម្បីចូលរួមចំណែកអភិវឌ្ឍន៍រាជធានីភ្នំពេញឱ្យកាន់តែមានភាពរីកចម្រើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។
យោងតាមគណ:កម្មការរៀបចំការប្រកួតកីឡាប្រដាល់សកល និងគុនខ្មែរ ជើងឯករាជធានីភ្នំពេញ ឆ្នាំ២០២៤បានឱ្យដឹងថា ព្រឹត្តិការណ៍នេះមាន១១ក្លឹបបានចូលរួម ហើយមានវិញ្ញាសាប្រកួតចំនួន ១៣ប្រភេទទម្ងន់ និងមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីសរុប ១០០នាក់។ ក្រោយប្រកួតគ្នាយ៉ាងស្វិតស្វាញ រយ:ពេល៤ថ្ងៃ និងផ្អែកលើលទ្ធផលជ័យលាភីនាពេលនេះ គឺបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ពីការអនុវត្តភារកិច្ចបានយ៉ាងត្រឹមត្រូវ របស់ថ្នាក់ដឹកនាំក្លឹប កីឡាករ កីឡាការិនិ គណ:កម្មការបច្ចេកទេស និងគណ:កម្មការគ្រប់ផ្នែកទាំងអស់៕