ភ្នំពេញ៖ ព្រឹត្តិការណ៍កីឡាជាតិដ៏ធំបំផុតរបស់កម្ពុជា រៀងរាល់២ឆ្នាំម្តង គឺការប្រកួតកីឡាជាតិ លើកទី៤ និងការប្រកួតកីឡាជាតិជនពិការ លើកទី២ ដែលគ្រោងនឹងបើកដំណើរការពីថ្ងៃទី២៩ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ គិតមកដល់ត្រឹមព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ គឺក្រសួងចំនួន៣ និងបណ្តារាជធានី-ខេត្តទាំង២៥បានចុះបញ្ជីលើប្រភេទកីឡារបស់ខ្លួនរួចរាល់ហើយ ខណៈការចុះឈ្មោះតាមប្រព័ន្ធលើចំនួនកីឡាករ កីឡាការិនី នៅបន្តទទួលការចុះឈ្មោះនៅឡើយ។
នេះបើតាមការគូសបញ្ជាក់របស់ លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានព្រឹត្តិការណ៍ និងស្ថិតិកីឡាចំណុះអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡាបានប្រាប់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា-AKP នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះ។
លោក ហួត សេង ទ្រី បានលើកឡើងទៀតថា ៖«នៅពេលនេះ យើងបានបិទការចុះបញ្ជីតែលើប្រភេទកីឡាប៉ុណ្ណោះ សម្រាប់ការប្រកួតកីឡាជាតិ លើកទី៤ មានចំនួន ៣៦ប្រភេទកីឡា និងកីឡាជាតិជនពិការ លើកទី២ មាន៧ប្រភេទកីឡា។ ប្រធាននាយកដ្ឋានរូបនេះពន្យល់ថា ឧទាហរណ៍ថា ខេត្តតាកែវ បានចុះឈ្មោះ ១២ប្រភេទកីឡាក្នុងចំណោម ៣៦ប្រភេទកីឡាដែលបានដាក់ឱ្យប្រកួត។ ដោយឡែក សម្រាប់ការចុះឈ្មោះចំនួនកីឡាករ កីឡាការិនីនៅតែបន្តការចុះឈ្មោះនៅឡើយ»។
នាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា ចំណុះអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និង កីឡា សហការជាក្រសួង០៣ និងសហព័ន្ធកីឡាជាតិទាំង៣៦ រៀបចំការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ខេត្តកែប ស្វាយរៀង ព្រះសីហនុ និងខេត្តកំពង់ឆ្នាំង ក្រោមប្រធានបទ “កីឡាជាតិដើម្បីព្រែក ជីកហ្វូណនតេជោ” ដែលបានកំណត់យកប្រភេទកីឡា ចំនួន៣៦ ដោយមានវិញ្ញាសាសរុប ៣២៨។ ដោយឡែកប្រភេទកីឡា សម្រាប់ការប្រកួតកីឡាជាតិជនពិការ លើកទី២ មាន៧ប្រភេទកីឡា មានវិញ្ញាសាសរុប ៤៥។ សរុបរួមស្មើនឹង ៣៧៣វិញ្ញាសា ដែលមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមប្រកួតសរុប ៤៨៥០នាក់ មកពី២៥រាជធានី-ខេត្ត និង៣ក្រសួង៣ គឺក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
បន្ថែមពីលើនេះ ប្រធាននាយកដ្ឋានព្រឹត្តិការណ៍ និងស្ថិតិកីឡាបានឱ្យដឹងថា ចំពោះគោលបំណងចម្បងនៃព្រឹត្តិការណ៍កីឡាជាតិនេះ គឺផ្តោតសំខាន់លើការប្រកួត និងជាការសាកល្បង វាស់ស្ទង់ គុណផលកីឡាជាតិ និងហ្វឹកហ្វឺន មន្ត្រីជំនាញកីឡា ឱ្យមានចំណេះដឹង និងបទពិសោធន៍គ្រប់គ្រាន់ ជាពិសេស ដើម្បីផ្តល់ឱកាសដល់សហព័ន្ធ កីឡាជាតិទាំងអស់បានដាក់មន្ត្រីបច្ចេកទេស ដែលបានបណ្តុះបណ្តាលរួចឱ្យអនុវត្តការរៀបចំប្រកួតជាក់ស្តែងលើទីលានប្រកួត, ទទួលបានចំណេះដឹង និងបទពិសោធន៍, កីឡាករ កីឡាការិនី បានវាស់ស្ទង់គុណផលកីឡា និងទទួលបានបទពិសោធន៍នៃការប្រកួត, រៀបចំទីលានប្រកួតឱ្យស្របតាមស្តង់ដាតំបន់, រៀបចំពិធីបើក-បិទ ឱ្យស្របតាមស្តង់ដាហ្គេម, ជាការសាកល្បងសម្រាប់ត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ (The 5th Asian Youth Games 2029) ក្នុងន័យការរៀបចំពិធី «បើក» «បិទ» បដិសណ្ឋារកិច្ចឱ្យបានល្អ និងការដណ្តើមមេដាយ ការរៀបចំបច្ចេកទេសប្រកួតឱ្យមានតម្លាភាព ស្អាតស្អំ និងយុត្តិធម៌ ស្របតាមអនុសាសន៍ដ៏ឧត្តុងឧត្តមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
គណៈកម្មការរៀបចំការប្រកួតបានកំណត់យកទីតាំងទីលាន ៥រាជធានី-ខេត្ត ដើម្បីរៀបចំការប្រកួតឱ្យស្របតាមស្តង់ដា រួមមាន៖ ១.រាជធានីភ្នំពេញ មាន ១៧ទីលាន, ២.ខេត្តកែប នៅទីរួមខេត្ត និងឆ្នេរកែប, ៣.ខេត្តព្រះសីហនុ នៅឆ្នេរអូឈើទាល ៤,ខេត្តកំពង់ឆ្នាំង នៅមុខសាលាខេត្ត និងភ្នំត្រាក និង៥.ខេត្តស្វាយរៀង នៅទន្លេវ៉ៃគោ។
គួរបញ្ជាក់ថា ពិធីបើកការប្រកួតប្រព្រឹត្តទៅ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៨:០០នាទី នៅពហុកីឡដ្ឋានជាតិអូឡាំពិក ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ពិធីបិទប្រព្រឹត្តទៅនាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៨:០០នាទី នៅពហុកីឡដ្ឋានជាតិអូឡាំពិកស្ថិតក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕