ភ្នំពេញ៖ ម្ចាស់មេដាយមាសជើងឯកអាស៊ី កីឡករកាយវប្បកកម្មកម្ពុជា ឃូ ឃាងហ៊ុយ បានបង្ហាញក្តីរំភើបរីករាយ ដោយរំភើបដល់ហូរទឹកភ្នែក នៅពេលដែលពិធីបំពាក់មេដាយមាស ដល់រូបគេ មានការគោរពទង់ជាតិកម្ពុជា ក្នុងនាមជាម្ចាស់ជើងឯកនៃវិញ្ញាសា Men’s sport physique over 180cm ការប្រកួតកីឡាកាយវប្បកម្ម ជើងឯកអាស៊ី នៅប្រទេសឥណ្ឌូណេស៊ី ឆ្នាំ២០២៤។
នេះជាការលើកឡើងរបស់ម្ចាស់មេដាយមាសរូបនេះ នៅពេលថ្លែងទៅកាន់ក្រុមសារព័ត៌មាន ពេលវិលត្រឡប់មកដល់មាតុប្រទេសវិញ នៅព្រលប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ក្រោយពីឈ្នះមេដាយមាស១គ្រឿងជូនជាតិពីការប្រកួតកីឡាកាយវប្បកម្ម ជើងឯកអាស៊ី លើកទី៥៦ នៅប្រទេសឥណ្ឌូណេស៊ី ឆ្នាំ២០២៤ (56th Asian Bodybuilding And Physique Sports Championship)។
ជម្រើសជាតិ ឃូ ឃាងហ៊ុយ បានលើកឡើងយ៉ាងដូច្នេះថា ៖«សម្រាប់ខ្ញុំមិនធ្លាប់ឈ្នះមេដាយមាសបែបនេះនោះទេ ហើយបានឮ និងបានឃើញគេគោរពទង់ជាតិកម្ពុជា ក្នុងពិធីបំពាក់មេដាយ ដូច្នេះចិត្តខ្ញុំពិតជារំភើបណាស់។ ខ្ញុំនឹងបន្តការខិតខំហ្វឹកហាត់ឱ្យបានល្អបន្ថែមទៀត តាមរយៈការកែច្នៃនូវចំណុចខ្វះខាត ដែលខ្ញុំមានរាល់ថ្ងៃ ដើម្បីឈានទៅចូលរួមប្រកួតជើងឯកពិភពលោក នាខែវិច្ឆិកា ឆ្នាំ២០២៤។ ខ្ញុំនឹងបន្តប្រឹងប្រែងឱ្យអស់ពីសមត្ថភាព និងមានបំណងប្រាថ្នាចង់ឈ្នះមេដាយមាសជូនជាតិ ម្តងទៀត»។
ជាមួយគ្នានេះ លោក តិក ប៊ុនវី ប្រធានប្រតិភូដឹកនាំ និងជាចៅក្រមបានបង្ហាញក្តីរីករាយជាខ្លាំង ដែលកីឡាករជម្រើសជាតិកាយវប្បកម្មកម្ពុជាដណ្តើមបានមេដាយមាស១គ្រឿងជូនជាតិ ហើយទទួលបានភាពកក់ក្តៅ ដែលលោក ប៉ែន វុទ្ធី នតំណាងឯកឧត្តម ប៉ុន សុខ អគ្គនាយក អគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡាបានមកទទួលដំណើរស្វាគមន៍ប្រកបដោយភាពកក់ក្តី។ លោក តិក ប៊ុនវី គូសបញ្ជាក់ថា អ្វីដែលលំបាកសម្រាប់ការប្រកួតជើងឯកអាស៊ី នៅប្រទេសឥណ្ឌូណេស៊ី ឆ្នាំ២០២៤នេះ សហព័ន្ធបានត្រៀមបញ្ជូនកីឡាកររបស់ខ្លួនចំនួន២រូប ប៉ុន្តែបានចូលរួមប្រកួតតែម្នាក់ គឺកីឡាករ ឃូ ឃាងហ៊ុយ ប៉ុណ្ណោះ។ រីឯកីឡាករ ស្រ៊ិន រាជ្យ មានបញ្ហាសុខភាព (គ្រុនពោះវៀន) ហើយបានដកខ្លួនចេញពីការប្រកួតវិញ។
លោក តិក ប៊ុនវី សង្កត់ធ្ងន់ថា ៖«យ៉ាងណា បើទោះបីជាកីឡាករយើងដណ្តើមបានមេដាយមាស ក៏ពិតមែន ប៉ុន្តែយើងក៏នៅមានចំណុចខ្វះខាតខ្លះៗដែរ ដូចជាសាច់ទ្រូងនៅស្ទើរតិចតួច សាច់សុំមិនទាន់ស្ងួតល្អ ដូច្នេះយើងនឹងបន្តការខិតខំប្រឹងប្រែងអភិវឌ្ឍបច្ចេកទេសពួកគាត់ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីឈានទៅដល់ចំណុច ដែលយើងចង់បាន។ ការឈ្នះមេដាយមាសមាសនេះ មិនមែនថាយើងឈ្នះដាច់គេ ១០០%នោះទេ ដោយឈ្នះក្នុងកម្រិតពិន្ទុ។ ដូច្នេះ ជាគោលដៅបន្ទាប់ យើងនឹងជំរុញការអភិវឌ្ឍគុណភាពម្ចាស់មេដាយមាសជើងឯកអាស៊ីរូបនេះឱ្យបានល្អ ត្រៀមចូលរួមប្រកួតកីឡាកាយវប្បកម្ម ជើងឯកពិភពលោក នៅប្រទេសម៉ាល់ឌីវ នាខែវិច្ឆិកា ឆ្នាំ២០២៤»។
បន្ថែមពីលើនេះ លោក តិក ប៊ុនវី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែឧបត្ថម្ភគាំទ្រដល់ប្រភេទកីឡានានា រួមទាំងកីឡាកាយវប្បកម្ម ដើម្បីបន្តកិច្ចខំប្រឹងប្រែងអភិវឌ្ឍគុណផលកីឡា ក្នុងការដណ្តើមមេដាយជូនជាតិពីការប្រកួតអន្តរជាតិនានា នាពេលខាងមុខទៀត។
ជាមួយគ្នានេះ លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន គូសបញ្ជាក់ដែរថា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមអគ្គនាយកីឡា ដែលបានអនុញ្ញាតដល់លោក ក្នុងការមកទទួលស្វាគមន៍ អបអរសាទរប្រតិភូកីឡាកាយវប្បកម្ម ដែលដណ្តើមបានភាពជោគជ័យនៃការឈ្នះមេដាយមាស ពីការប្រកួតកម្រិតអាស៊ី នៅប្រទេសឥណ្ឌូណេស៊ី។ «អ្វីដែលពិសេសគឺប្រតិភូកីឡាកាយវប្បកម្មកម្ពុជាបានលើកទង់ជាតិ ដែលបានបង្ហាញកិត្តិយស កិត្យានុភាពជាតិ ក្នុងចំណោមប្រទេសចូលរួមប្រកួត។ ខ្ញុំសង្ឃឹមថា ការទទួលបានមេដាយមាស ក្នុងកម្រិតអាស៊ី នាពេលនេះ នឹងការប្រកួតលើកក្រោយទៀតនឹងទទួលបានមេដាយកម្រិតពិភពលោក ដើម្បីបញ្ជាក់ជូនដល់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាជន ក្នុងការបង្ហាញកិត្តិយសជាតិជូនដល់ពិភពលោកថា កម្ពុជាកាន់តែរីកចម្រើនលើផ្នែកវិស័យកីឡាជាដ៏រាប»។
គួរបញ្ជាក់ថា ប្រតិភូកីឡាកាយវប្បកម្មកម្ពុជា ដែលចូលរួមប្រកួតជើងឯកអាស៊ី នេះ មាន៣រូប គឺលោក តិក ប៊ុនវី ប្រធានប្រតិភូ និងជាចៅក្រម អ្នកស្រី អេមី សារីរ៉ុម គ្រូបង្វឹក និងកីឡាករ ឃូ ឃាងហ៊ុយ៕