ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានចាប់ផ្តើមការហ្វឹកហាត់ថ្ងៃដំបូង កាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅកីឡដ្ឋាន ដើម្បីត្រៀមប្រកួតជម្រុះជាមួយក្រុមជម្រើសជាតិ ស្រីលង្កា នាដើមខែកញ្ញា ឆ្នាំ២០២៤នៃព្រឹត្តិការណ៍ពានរង្វាន់ទ្វីបអាស៊ី AFC Asian Cup Saudi Arabia 2027 ។
ក្រុមជម្រើសជាតិកម្ពុជានឹងត្រៀមប្រកួតជម្រុះជាមួយក្រុមជម្រើសជាតិស្រីលង្កា ចំនួន២ជើង ដោយជើងទី១ ប្រកួតនាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ នៅកីឡដ្ឋាន Racecourse International Stadium ប្រទេសស្រីលង្កា ខណៈជើងទី២ ក្រុមជម្រសជាតិកម្ពុជានឹងបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ទទួលក្រុមស្រីលង្កា វិញម្តង នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៧:០០ នាទីយប់។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានកោះហៅកីឡាករចំនួន២៤នាក់ មកពីក្លឹបបាល់ទាត់ចំនួន៦ ក្រោមការដឹកនាំពីគ្រូបង្គោលកម្ពុជា ដែលជាជនជាតិអាហ្សង់ទីន គឺលោក Felix Dalmas។ បញ្ជីឈ្មោះកីឡាករ២៤នាក់ ដែលកោះហៅចូលជម្រើសជាតិកម្ពុជា ក្រោមការនាំរបស់លោក Felix Dalmas គ្រូបង្វឹកជនជាតិអាហ្សង់ទីន គឺមកពី៦ក្លឹប ដូចជាវិសាខា ៧នាក់, ព្រះខ័នរាជស្វាយរៀង ៩នាក់, ភ្នំពេញក្រោន ៤នាក់, បឹងកេត ២នាក់ ISIដង្កោសែនជ័យ ម្នាក់ និងក្លឹប 𝗠𝗲𝗹𝘃𝗶𝗹𝗹𝗲 𝗨𝗻𝗶𝘁𝗲𝗱 លីគកំពូលនូវែលសេឡង់ ដែលមានកីឡាករកូនខ្មែរ-ណូវែលសេឡង់ម្នាក់ គឺកីឡាករ លីម លោកាថុង។ យុវជនខ្មែរ-ណូវែលសេឡង់ លីម លោកាថុង ដែលមកចូលរួមជួយឈុតធំក្រុមជម្រើសជាតិកម្ពុជា នាពេលនេះ គឺជាការបង្ហាញខ្លួន លើកទី២ បន្ទាប់ពីបានជួយក្រុមជម្រើសជាតិ U19 ប្រកួតក្នុងពានអាស៊ាន នៅប្រទេសឥណ្ឌូណេស៊ី កន្លងទៅថ្មីៗនេះ ក្រោមការដឹកនាំរបស់លោក ភា សុភ័ក្រ្តា គ្រូបង្គោលU19។
គួរបញ្ជាក់ថា នៅក្នុងសមាសភាព ២៤នាក់នេះ គឺមានកីឡាករចូលសញ្ជាតិខ្មែរមួយចំនួនដែរ ដូចជាកីឡាករសញ្ជាតិដើមជប៉ុន២នាក់ គឺ Yudai Ogawa និងHikaru Mizuno, កីឡាករ Mohammed Faeez សញ្ជាតិដើមអាហ្រ្វិកខាងត្បូង ដែលមានឈ្មោះខ្មែរ កាន់ ម៉ូ៕