ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតីបានស្នើដល់អ្នកយុទ្ធគុនខ្មែរទាំងអស់ កុំបន្ទោសបង្អាប់គ្នា ដោយយើងប្រកួតប្រជែងគ្នា ក្នុងការស្វែងរកឧត្តមភាពផ្នែកបច្ចេកទេសវិញ។
នេះជាការអំពាវនាវជាថ្មីម្តងទៀតរបស់ឯកឧត្តម វ៉ាត់ ចំរើន នៅក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតី ក្នុងមហាសន្និបាតបញ្ចប់អាណត្តិចាស់ ២០២០-២០២៤ និងបន្តអាណត្តិថ្មី ទី២ ឆ្នាំ២០២៤-២០២៨ កាលពីល្ងាចថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារ ភ្នំពេញ។
ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការចំពោះកិច្ចបានសង្កត់ធ្ងន់ថា ៖«សូមថ្នាក់ដឹកនាំ កីឡាករ កីឡាការិនីឱ្យមានសាមគ្គីភាព ក្នុងរង្វង់យុទ្ធគុនខ្មែររបស់យើងទាំងអស់គ្នា។ ដូច្នេះយើងត្រូវតែជួយគ្នា សាមគ្គីគ្នា ដោយមិនវាយប្រហារគ្នាទៅលើក្បាច់គុននេះ ឬក្បាច់គុននោះ ដោយត្រូវតែមានអារម្មណ៍តែមួយថា អ្នកហាត់ក្បាច់គុនណាក៏ដោយឱ្យតែជាអ្នកហាត់ក្បាច់គុនរបស់ដូនតាខ្មែរ គឺសុទ្ធតែជារបស់ខ្មែរយើងទាំងអស់គ្នា»។
ឯកឧត្តម វ៉ាត់ ចំរើន លើកឡើងថា ៖«ដោយសារតែឃើញសភាពការណ៍នៃការប្រកាន់នូវប្រភេទក្បាច់គុនល្បុក្កតោ ឬក្បាច់គុនយុទ្ធក្រមខម ជារបស់អ្នកនេះ ឬអ្នកនោះ ឬអ្នកនេះថាបែបនេះ ឬបែបនោះ។ ដូច្នេះហើយ ចាប់ពីពេលនេះតទៅ យើងត្រូវរួមគ្នា និងចាត់ទុកថា យុទ្ធគុនរបស់បុព្វបុរសខ្មែរយើង គឺជារបស់យើងទាំងអស់គ្នា។ យើងមិនត្រូវប្រកាន់គ្នាទេ ដោយយើងប្រកួតប្រជែងគ្នាតែក្នុងបច្ចេកទេសកីឡាប៉ុណ្ណោះ ដែលមានន័យថា ការប្រកួតប្រជែងគ្នាក្នុងការស្វែងរកឧត្តមភាពផ្នែកបច្ចេកទេស។ យើងមិនប្រកួតប្រជែងគ្នា បន្ទោសបង្អាប់គ្នាចំពោះយុទ្ធគុនខ្មែរ។ ខ្ញុំស្នើសុំការគាំទ្រពីលោកគ្រូ អ្នកគ្រូ កីឡាករ កីឡាការិនីទាំងអស់ឱ្យចូលរួមទាំងអស់គ្នា ក្នុងការជួយលើកកម្ពស់យុទ្ធគុនខ្មែរបុរាណយើង។ ប្រភេទកីឡាឃីកបុកស៊ីងនេះ ក៏ជាសណ្តាណក្នុងរង្វង់គុនខ្មែរយើងដែរ ដោយមិនខុសគ្នាទេពោលគឺនៅក្នុងរង្វង់តែមួយទេ»។
ដោយសំដៅដល់គោលដៅចម្បងនៃសាមគ្គីភាពនេះ ឯកឧត្តម វ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា (NOCC) ផងនោះ បានលើកបង្ហាញពីគុណតម្លៃនៃសាមគ្គីភាពឱ្យបានកាន់តែច្រើន គឺកាន់តែល្អ កាន់តែរឹងមាំ ក្នុងការជួយជំរុញឱ្យមានការអភិវឌ្ឍឱ្យតែលឿន។ ដូច្នេះឯកឧត្តមលើកទឹកចិត្តឱ្យចូលរួមឱ្យបានទាំងអស់គ្នា នៅក្នុងការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី លើកទី១ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៨ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ដោយអាចចូលរួមទស្សនាដោយសេរី មិនមានការលក់សំបុត្រនោះឡើយ។
«សូមចូលរួមគាំទ្រឱ្យបានទាំងអស់គ្នា ក្នុងការបង្រួបបង្រួមគ្នាឱ្យក្លាយជានិមិត្តរូបនៃសាមគ្គីភាព និងបង្ហាញការដឹងគុណកតញ្ញូចំពោះយុទ្ធគុនចម្រុះខ្មែរបុរាណទាំងអស់គ្នា។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា ខ្មែរយើងជាពូជអ្នកចម្បាំង អ្នកក្លាហាន ជាពូជអ្នកយុទ្ធគុន និងយុទ្ធមន្តខាងផ្នែកសឹកសង្គ្រាមដ៏ខ្ពង់ខ្ពស់ណាស់។ បើមិនបុព្វបុរសខ្មែរមិនខ្លាំងពូកែនោះទេ បុព្វបុរសមិនអាចកសាងចក្រភពខ្មែរដ៏ខ្លាំងក្លាពីបុរាណកាលបាននោះទេ។ ជាថ្មីម្តងទៀត ខ្ញុំសូមអំពាវនាវម្តងទៀតថា អ្វីដែលជាគោលការណ៍របស់រាជរដ្ឋាភិបាលយើងត្រូវតែចូលរួមគាំទ្រទាំងអស់គ្នា ហើយសង្ឃឹថា អ្វីៗទាំងអស់នឹងសម្រេចបានជោគជ័យតាមគោលដៅ»។ ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ចុងក្រោយ៕