លោក ម៉ារ វង្សវិបុល៖ ខ្ញុំសប្បាយចិត្តជាងគេ គឺទង់ជាតិកម្ពុជាត្រូវបានគោរពក្នុងពិធីបំពាក់មេដាយមាស ការប្រកួតជើងឯកយូដូអន្តរជាតិ នៅថៃ

លោក ម៉ារ វង្ស​វិបុល គ្រូបង្វឹក​កីឡា​យូ​ដូ​ជម្រើសជាតិ​កម្ពុជា​បាន​លើក​ឡើង​ថា ៖«​អ្វី​ដែល​ខ្ញុំ​សប្បាយចិត្ត​ជាងគេ គឺ​ទង់ជាតិ​កម្ពុជា និង​ភ្លេងជាតិ​កម្ពុជា​ត្រូវ​បាន​គោរព និង​បន្លឺ​ឡើង ក្នុង​ពិធី​បំពាក់​មេដាយមាស ២​ដង នៅ​ចំពោះ​មុខ​ប្រតិភូ​កីឡា​អន្តរជាតិ​មក​ពី​បណ្តា​ប្រទេស​នានា​ចូលរួម​ប្រកួត​កីឡា​យូ​ដូ ជើងឯក​អន្តរជាតិ ឆ្នាំ​២០២៤ (THAILAND INTERNATIONAL JUDO CHAMPIONSHIPS 2024) នៅ​ខេត្ត CHONBURI ប្រទេស​ថៃ​»​។

នេះ​ជា​ការ​លើក​បង្ហាញ​ពី​មោទកភាព​ជាតិ ក្នុង​ឱកាស​ដែល​លោកគ្រូ​ដឹកនាំ​កីឡាករ កីឡាការិនី​យូ​ដូ​ជម្រើសជាតិ​កម្ពុជា​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​មួយ​នេះ ដោយ​ឈ្នះ​បាន​មេដាយ​សរុប ៨​គ្រឿង ក្នុង​នោះ​មេដាយមាស ២​គ្រឿង មេដាយ​ប្រាក់ ២​គ្រឿង និង​មេដាយ​សំរឹទ្ធ ៤​គ្រឿង ហើយ​បាន​វិល​ត្រឡប់​មក​ដល់​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៤​។

លោក ម៉ារ វង្ស​វិបុល គូសបញ្ជាក់​ថា ៖«​ខ្ញុំ​មានការ​បារម្ភ​ច្រើន​ដែរ ដោយសារ​តែ​ការ​ចូលរួម​ប្រកួត​នេះ ប្រ​តិ​កីឡា​យូ​ដូ​កម្ពុជា​ធ្វើ​ដំណើរ​ដោយ​រថយន្ត​ចំពោះ​ភាព​អស់​នឿយហត់​អស់កម្លាំង ប៉ុន្តែ​តាម​រយៈ​លទ្ធផល​នេះ គឺ​កីឡាករ កីឡាការិនី​កម្ពុជា​យើង​បាន​ប្រឹងប្រែង​ប្រកួត​អស់ពី​សមត្ថភាព និង​ទទួល​បាន​មេដាយ​ជូន​ជាតិ​ប្រកបដោយ​ភាព​ជោគជ័យ​។ អ្វី​ដែល​ខ្ញុំ​សប្បាយចិត្ត​ជាងគេ គឺ​ទង់ជាតិ​កម្ពុជា និង​ភ្លេងជាតិ​កម្ពុជា​ត្រូវ​បាន​គោរព និង​បន្លឺ​ឡើង ក្នុង​ពិធី​បំពាក់​មេដាយមាស ចំនួន​២​ដង នៅ​ចំពោះ​មុខ​ប្រតិភូ​កីឡា​អន្តរជាតិ​មក​ពី​បណ្តា​ប្រទេស​នានា​ចូលរួម​។ ជាមួយ​គ្នា​នេះ ម្ចាស់ផ្ទះ​ថៃ​បាន​កោតសរសើរ​ចំពោះ​ភាព​រីក​ចម្រើន​របស់​ប្រភេទ​កីឡា​យូ​ដូ​កម្ពុជា​»​។

«​យើងខ្ញុំ​សូម​អរគុណ​សន្តិភាព ដែល​ធ្វើ​ឱ្យ​យើង​ទាំងអស់​គ្នា​មាន​លទ្ធភាព​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស​បាន សូម​អរគុណ​ដល់​ថ្នាក់ដឹកនាំ សូម​អរគុណ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ដែល​បាន​បង្ហោះ​សារ​គាំទ្រ និង​អបអរសាទរ​ចំពោះ​អត្ត​ព​លិ​កម្ពុជា​ដណ្តើម​បាន​មេដាយ​ជូន​ជាតិ​មាតុភូមិ ក្នុង​ការ​ប្រកួត​កីឡា​យូ​ដូ​ជើងឯក​អន្តរជាតិ នៅ​ប្រទេស​ថៃ ឆ្នាំ​២០២៤​នេះ​»​។ គ្រូបង្វឹក​កីឡា​យូ​ដូ លោក ម៉ារ វង្ស​វិបុល បាន​បន្ថែម​។

សម្រាប់​ការ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​នេះ លោកគ្រូ​បាន​កត់​សម្គាល់ថា ការ​ប្រកួត​នេះ​ត្រូវ​បាន​ចែក​ចេញ​ជា​ពីរ​ផ្នែក គឺ​យុវជន ១៤-១៦​ឆ្នាំ និង​ចាប់ពី​១៧​ឆ្នាំ​ឡើង​លើ ដោយ​មាន​១៣​ប្រទេស​ចូលរួម​ប្រកួតប្រជែង​មេដាយ ហើយ​កីឡាករ កីឡាការិនី​កម្ពុជា​ដណ្តើម​បាន​មេដាយ​សរុប​ដល់ ៨​គ្រឿង​។ លោក​ភ្ញាក់ផ្អើល ដោយ​សង្ឃឹម​ឈ្នះ​មេដាយមាស​ច្រើន​ជាង​ពីរ​គ្រឿង ប៉ុន្តែ​ពេល​ឡើង​ទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ គឺ​កម្ពុជា​យើង​ប៉ះ​កូរ៉េ ដែល​ខ្លាំងក្លា​ខាង​ផ្នែក​យូ​ដូ​នេះ​។

បន្ថែម​ពីលើ​នេះ លោកគ្រូ ម៉ារ វង្ស​វិបុល មាន​ប្រសាសន៍​ថា ៖«​គោលបំណង​ចម្បង​របស់​យើង គឺ​ចង់​ឈ្នះ​មេដាយ​ក្នុង​ការ​ប្រកួត​អន្តជាតិ​នានា រួម​ទាំ​អាស៊ាន អាស៊ី ហើយ​ក្តី​ប្រាថ្នា​ធំ​បំផុត គឺ​ចង់​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក ដែល​ជា​ព្រឹត្តិការណ៍​កីឡា​កម្រិត​បច្ចេកទេស​ខ្ពស់​បំផុត​របស់​ពិភពលោក រៀង​រាល់​៤​ឆ្នាំ​ម្តង​។ យើង​នឹង​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ដំឡើង​កម្រិត​គុណភាព​របស់​យើង និង​ត្រៀម​ចូលរួម​ប្រកួត​ជម្រុះ​អូ​ឡាំ​ពិ​ក​ហ្គេ​ម ឈាន​ឆ្ពោះទៅ​ប្រកួត​អូ​ឡាំ​ពិ​ក​ហ្គេ​ម ពេញ​សិទ្ធិ នា​ថ្ងៃ​ណាមួយ​ជាក់​ជា​មិន​ខាន​»​។

លោកគ្រូ​បានឱ្យ​ដឹង​ទៀត​ថា តាម​រយៈ​ជោគជ័យ​ក្នុង​កម្រិត​អន្តរជាតិ​មួយ​នេះ ប្រភេទ​កីឡា​យូ​ដូ​កម្ពុជា​ក៏​កំពុង​ខិតខំ​ប្រឹងប្រែង​សម្រួច​គុណភាព​របស់​កីឡាករ កីឡាការិនី​ថ្នាល​កម្ពុជា ដើម្បី​ត្រៀម​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ការ​ប្រកួត​កីឡា​យុវជន​អាស៊ី (Asian Youth Games 2029) លើក​ទី​៥ នា​ឆ្នាំ​២០២៩ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ នៅ​ក្នុង​ការ​ប្រកួត​នៅ​ប្រទេស​ថៃ នា​ព​លេ​នះ សហព័ន្ធ​កីឡា​យូ​ដូ​កម្ពុជា​ក៏​បាន​បញ្ជូន​កីឡាករ កីឡាការិនី​ថ្នាល​២​នាក់ ក្នុង​នោះ​ថ្នាល​ម្នាក់​របស់​យើង​ក៏​បាន​ឈ្នះ​មេដាយ​ប្រាក់​១​គ្រឿង ដែល​នេះ​ជា​ក្តី​សង្ឃឹម​បូក​រួម​ទាំង​ថ្នាល​ផ្សេង​ៗ​ទៀត ក្នុង​គោលដៅ​ឆ្ពោះទៅ​ការ​ប្រកួត​កីឡា​យុវជន​អាស៊ី ២០២៩ ផង​ដែរ​។

គួរ​បញ្ជាក់​ថា ប្រតិភូ​កីឡា​យូ​ដូ​កម្ពុជា​មាន​ចំនួន ១២​នាក់ ក្នុង​នោះ​គ្រូបង្វឹក លោក ម៉ារ វង្ស​វិបុល គ្រូ​ជំនួយ លោក សុខ ដា​រ៉ា និង​កីឡាករ ៥​នាក់ កីឡាការិនី ៥​នាក់ ចូលរួម​ប្រកួត THAILAND INTERNATIONAL JUDO CHAMPIONSHIPS 2024 ពី​ថ្ងៃ​ទី​២១-២២ ខែកញ្ញា ឆ្នាំ​២០២៤​។ យូ​ដូ​កម្ពុជា​ឈ្នះ​មេដាយ​សរុប ៨​គ្រឿង គឺ​មេដាយមាស ២ ប្រាក់ ២ និង​សំរឹទ្ធ ៤ ក្នុង​នោះ​មេដាយមាស​២​គ្រឿង ដណ្តើម​បាន​ដោយ​កីឡាការិនី ចេ​ង មាស ដណ្តើម​បាន លើ​វិញ្ញាសា​ប្រយុទ្ធ​ប្រភេទ​ទម្ងន់​ក្រោម ៦៣​គីឡូក្រាម និង​កីឡាករ ហ្គូ​ឆ្លូវ វ​ឡូ​ឌី​មៀរ ដណ្តើម​បាន​លើ​វិញ្ញាសា​ប្រយុទ្ធ​ប្រភេទ​ទម្ងន់​ក្រោម ៦០ គីឡូក្រាម​។ ចំពោះ​មេដាយ​ប្រាក់​២​គ្រឿង ដណ្តើម​បាន​ដោយ​កីឡាការិនី គុណ ស្រី​និ​ច ដណ្តើម​បាន​លើ​វិញ្ញាសា​ប្រយុទ្ធ​ប្រភេទ​ទម្ងន់​ក្រោម ៥២ គីឡូក្រាម និង​កីឡាករ ទី ជី​ហាវ លើ​វិញ្ញាសា​ឯកត្តជន ក្រោម​៥០​គីឡូក្រាម​។ សម្រាប់​មេដាយ​សំរឹទ្ធ ៤​គ្រឿង ដណ្តើម​បាន​ដោយ​កីឡាករ ឈៀវ ឆ​វិ​ន លើ​វិញ្ញាសា​ប្រយុទ្ធ​ប្រភេទ​ទម្ងន់​ក្រោម ៥៥​គីឡូក្រាម កីឡាការិនី កែវ វ៉ា​ន់​ឌឿ​ន លើ​វិញ្ញាសា​ប្រយុទ្ធ​ប្រភេទ​ទម្ងន់​ក្រោម ៤៥​គីឡូក្រាម កីឡាការិនី តុ​ន ស្រី​ពេជ្រ លើ​វិញ្ញាសា​ប្រយុទ្ធ​ប្រភេទ​ទម្ងន់​ក្រោម ៤៨​គីឡូក្រាម និង​កីឡាការិនី សេង គឹ​ម​លី ដណ្តើម​បាន​លើ​វិញ្ញាសា​ប្រយុទ្ធ​ប្រភេទ​ទម្ងន់ ៧៨​គីឡូក្រាម​៕

Previous articleReal Madrid សម្លឹងឃើញខ្សែការពាររបស់វ័យក្មេងរបស់ក្លឹប RB Leipzig
Next articleប្រធានថ្មីសហព័ន្ធបាល់ឱបកម្ពុជាប្តេជ្ញាអភិវឌ្ឍ ប្រកបដោយសុខដុមរមនាផ្ទៃក្នុង ក្រោយពីមានបញ្ហាផ្ទៃក្នុង