ប្រធានថ្មីសហព័ន្ធបាល់ឱបកម្ពុជាប្តេជ្ញាអភិវឌ្ឍ ប្រកបដោយសុខដុមរមនាផ្ទៃក្នុង ក្រោយពីមានបញ្ហាផ្ទៃក្នុង

ភ្នំពេញ៖ ឯកឧត្តម លន់ សាម​ឌី ដែល​ជាប់​ឆ្នោត​ជា​ប្រធាន​ថ្មី សហព័ន្ធ​កីឡា​បាល់ឱប​កម្ពុជា​បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​កីឡា​បាល់ឱប​កម្ពុជា​ឱ្យ​មានដំណើរ​ការ​ល្អ​ទៅ​មុខ ជា​ពិសេស​រាល់​ការ​សម្រេចចិត្ត​នានា​ត្រូវ​ឆ្លងកាត់​កា​រស​ម្រ​ច​ចិត្ត​ផ្ទៃក្នុង​ប្រកបដោយ​សុខដុមរមនា បន្ទាប់​ពី​មាន​បញ្ហា​ផ្ទៃក្នុង​ដែល​រាំងស្ទះ​ដល់​ដំណើរការ​អភិវឌ្ឍ ក្នុង​អាណត្តិ​២០២២-២០២៦​។

នេះ​ជា​ការ​ប្តេជ្ញា​ចិត្ត​របស់​ឯកឧត្តម នៅ​ក្នុង​សន្និបាត​វិសាមញ្ញ ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​សាល​នាយកដ្ឋាន​កីឡា​ជំនាញ និង​កីឡា​មហាជន​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រោម​សក្ខីភាព​ពី​លោក ដួង មាស​ចំរើន អគ្គនាយករង តំណាង​ឯកឧត្តម ប៉ុន សុខ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា លោក ប៉ែន វុ​ទ្ធី ប្រធាន​នាយកដ្ឋាន​កីឡា​ជំនាញ និង​កីឡា​មហាជន លោក ងិ​ន សុខ​បញ្ញា តំណាង​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ អូ​ឡាំ​ពិ​ក​កម្ពុជា និង​លោក ទុ​យ ប៉ុន​ហឿ​ន អនុប្រធាន​ប្រធាន​នាយកដ្ឋាន​កីឡា​ជំនាញ និង​កីឡា​មហាជន​។

ឯកឧត្តម លន់ សាម​ឌី បាន​លើក​ឡើង​ថា ក្រោយ​ពី​មាន​បញ្ហា​ផ្ទៃក្នុង សន្និបាត​វិសាមញ្ញ​ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​តម្រង់​ទិស​ដល់​ការ​អភិវឌ្ឍ​នូវ​ប្រភេទ​កីឡា​អូ​ឡាំ​ពិ​ក​របស់​កម្ពុ​ជាមួយ​នេះ​ឱ្យ​មានដំណើរ​ការ​ល្អ​ប្រសើរ​ឡើង​វិញ ជា​ពិសេស​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ថ្នាក់​ជាតិ និង​អន្តរជាតិ ព្រមទាំង​ទិស​ដៅ​ត្រៀម​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ការ​ប្រកួត​កីឡា​យុវជន​អាស៊ី នា​ឆ្នាំ​២០២៩ នៅ​កម្ពុជា​ផង​ដែរ​។ ប្រធាន​ថ្មី​រូប​នេះ​សង្កត់ធ្ងន់​ថា កីឡា​បាល់ឱប​ជា​ប្រភេទ​កីឡា​ជា​ក្រុម ហើយ​យើង​ត្រូវការ​វិន័យ និង​សាមគ្គីភាព​ជា​ធ្នុង​មួយ​ដ៏​រឹង​មាំ​ក្នុង​ក្រុម ទើប​ធ្វើ​ឱ្យ​យើង​ទទួល​ជោគជ័យ​រាល់​ការ​ប្រកួត​នានា​ទាំង​ជាតិ និង​អន្តរជាតិ​។ សព្វ​ថ្ងៃនេះ​សហព័ន្ធ នឹង​ត្រៀមខ្លួន​ចូលរួម​ព្រឹត្តិការណ៍​ការ​ប្រកួត​កីឡា SEA GAMES 2025 លើក​ទី​៣៣ នៅ​ប្រទេស​ថៃ និង​ការ​ប្រកួត​កម្រិត​អន្តរជាតិ នានា​ពេល​ខាង​មុខ​នេះ​។ ឯកឧត្តម លន់ សាម​ឌី ក៏​អះអាង​ដែរ​ថា ចាប់ពី​ពេល​នេះ​តទៅ រាល់​ការ​សម្រេចចិត្ត​នានា​នៅ​ក្នុង​ផ្ទៃក្នុង​សហព័ន្ធ​ត្រូវ​បាន​ឆ្លងកាត់​ការ​សម្រេចចិត្ត​រួម​គ្នា ក្នុង​ស្មារតី​របស់​គណៈកម្មាធិការ​ប្រតិបត្តិ​ទាំងអស់ ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត​ត្រឹមត្រូវ និង​យុត្តិធម៌ ក្រោម​ស​ក្ខ​ភាព​របស់​អាជ្ញាធរ​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​។

ជាមួយ​គ្នា​នេះ លោក ដួង មាស​ចំរើន អគ្គនាយករង​កីឡា​បាន​លើក​ឡើង​ថា កន្លង​មក ផ្ទៃក្នុង​សហព័ន្ធ​មាន​បញ្ហា ហើយ​តាម​រយៈ​សន្និបាត​វិសាមញ្ញ​នេះ សហព័ន្ធ​នឹង​អាច​ដើរ​ឆ្ពោះទៅ​មុខ​ក្នុង​កិច្ច​ក​ការ​អភិវឌ្ឍ​របស់​ខ្លួន​ប្រកបដោយ​ភាព​កក់ក្តៅ​។ តំណាង​អគ្គនាយកដ្ឋាន​កីឡា​រូប​នេះ​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សហព័ន្ធ​កីឡា​បាល់ឱប​កម្ពុជា ក្នុង​ការ​អភិ​ឌ្ឍ​កីឡា​ប្រភេទ​នេះ ជា​ពិសេស​ប្រធាន​ថ្មី ត្រូវ​ជំរុញ​ឱ្យ​បាន​ខ្លាំងក្លា​ជាង នេះ​ទៅ​ទៀត ដើម្បី​ត្រៀមខ្លួន​ចូលរួម​ព្រឹត្តិការណ៍​ការ​ប្រកួត​កីឡា​បាល់ឱប​កម្រិត​អន្តរជាតិ​។ ចំពោះ​សហព័ន្ធ​កីឡា​បាល់ឱប​កម្ពុជា ខិតខំ​ប្រឹងប្រែង ដើម្បី​លើកកម្ពស់​ឱ្យ​វិស័យ​បាល់ឱប​កម្ពុជា​មានការ​រីក​ចម្រើន​ទាំង​ផ្នែក​ចំណេះដឹង បច្ចេកទេស និង​ជំនាញ​។

គួរ​បញ្ជាក់​ថា សម្រាប់​សន្និបាត​វិសាមញ្ញ​នេះ មាន​សមាជិក​ប្រតិបត្តិ​១១​រូប រួម​មាន ឯកឧត្តម លន់ សាម​ឌី ប្រធាន​ថ្មី លោក ម៉ូ​ណាំង ហ្វី​លី​ព អនុប្រធាន លោក ខេ​ង សុភាព លោក ម៉ូ​ណាំង ហ្វី​លី​ព អនុប្រធាន លោក ពេជ្រ រតនា អគ្គលេខាធិការ លោក ផា​ន សុភា លោក ច​ន សា​មឺ​ឌី លោក អ៊ុ​ក ដា​រ៉ា អគ្គលេខាធិការ​រង លោក យ៉​ន វ៉ា​ន់​ថា អគ្គ​ហេរញ្ញិក លោក អ៊ុត វុ​ទ្ធី លោក ជ្រូ គឹ​ម​សៀង និង​លោក យុន សុ​ផា សមាជិក​៕

Previous articleលោក ម៉ារ វង្សវិបុល៖ ខ្ញុំសប្បាយចិត្តជាងគេ គឺទង់ជាតិកម្ពុជាត្រូវបានគោរពក្នុងពិធីបំពាក់មេដាយមាស ការប្រកួតជើងឯកយូដូអន្តរជាតិ នៅថៃ
Next articleឯកឧត្តមបណ្ឌិត ថោង ខុន៖ កីឡាករ កីឡាការិនី ២៥៤នាក់ចុះឈ្មោះចូលរួម ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានសម្តេចធិបតី លើកទី១