គ្រូបង្គោលកម្ពុជា ៖ យើងចង់ឈ្នះដូចអ្នកគាំទ្រដែរ ក្នុងជំនួបមិត្តភាពអន្តរជាតិជាមួយក្រុមឆាយនិស តៃប៉ិ

ភ្នំពេញ៖ លោក KOJI GYOTOKU គ្រូ​បង្គោល​ក្រុម​ជម្រើស​កម្ពុជា​បាន​លើក​ឡើង​ថា យើង​ក៏​ចង់​ឈ្នះ​ដូច​អ្នកគាំទ្រ​ដែរ​ដោយសារ​ការ​ចាញ់​កន្លង​មក​ធ្វើ​ឱ្យ​កីឡាករ​មួយ​ចំនួន​រាង​បាត់​ទំនុកចិត្ត​បន្តិច​ក្នុង​ការ​លេង​។

នេះ​ជា​ការ​លើក​ឡើង​របស់​គ្រូ​បង្គោល​កម្ពុជា ក្នុង​ឱកាស​សន្និសីទ​សារព័ត៌មាន កាលពី​ល្ងាច​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២៤ មុន​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ឆាយ​និ​ស​តៃប៉ិ នៅ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក នៅ​យប់​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២៤​នេះ​។

លោក KOJI GYOTOKU គូសបញ្ជាក់​ថា បើ​ទោះបីជា​កីឡាករ​យើ​ត​បាន​ទំនុកចិត្ត​បន្តិច ក្នុង​ការ​លេង​ក្តី ប៉ុន្តែ​លោក​សង្កេត​ឃើញ​ថា ក្នុង​ការ​ប្រមូលផ្តុំ​លើក​នេះ​យើង​មាន​កីឡាករ​ល្អ​ៗ​ច្រើន ហើយ​ពួក​គេ​កាន់តែ​យល់ចិត្ត​គ្នា​បាន​ល្អ​ជាង​មុន ដូច្នេះ​លោក​រំពឹង​ថា​ពួក​គេ​នឹង​ធ្វើ​បាន​ល្អ​ច្រើន​ជាង​លើក​មុន​ក្នុង​ពេល​ប្រកួត​។ លោក KOJI GYOTOKU បន្ថែម​ថា ក្រុម​នឹង​រក្សា​ការ​ប្រយុទ្ធ​ដដែល ទោះបី​លោក​មាន​រយៈពេល​ខ្លី ដើម្បី​រៀបចំ​ក្រុម ក៏​ដូច​ជា​ការ​ត្រៀមខ្លួន​មិន​ទាន់​បាន​ល្អ​ប្រសើរ​ក៏​ដោយ​។ គោលដៅ​សំខាន់​របស់​លោក គឺ​នឹង​ព្យាយាម​ស្វែង​យល់​ពី​កីឡាករ​ឱ្យ​បាន​ច្រើន តាម​រយៈ​ការ​ប្រកួត​នេះ ដើម្បី​ពង្រឹង​ក្រុម​ឱ្យ​បាន​កាន់តែ​ល្អ​ត្រៀម​ការ​ប្រកួត​បន្ដបន្ទាប់​ទៀត​។

ជាមួយ​គ្នា​នេះ លោក Gary John White គ្រូ​បង្គោល​ក្រុម​ឆាយ​និ​ស តៃប៉ិ បាន​លើក​ឡើង​ដែរ​ថា អរគុណ​កម្ពុជា ដែល​ទទួល​ក្រុម​របស់​លោក​បាន​យ៉ាង​ល្អ ហើយ​ការ​ប្រកួត​នៅ​យប់​ថ្ងៃនេះ ក្រុម​លោក​នឹង​ព្យាយាម​ធ្វើ​យ៉ាងណា​ឱ្យ​ល្អ ព្រោះ​ក្រុម​ទាំង​ពីរ​សុទ្ធតែ​មាន​កម្រិត​ប្រហាក់ប្រហែល​គ្នា​។ គ្រូបង្វឹក​សញ្ជាតិ​អង់គ្លេស​ដដែល​រូប​នេះ​បាន​ស​ង្គ​ត់​ធ្ងន់​បន្ថែម​ថា ការ​ប្រកួត​នេះ​ជា​ការ​ប្រកួត​មិត្តភាព ដូច្នេះ​លោក​រំពឹង​បាន​ផ្ដល់​ឱកាស​ដល់​កីឡាករ​ក្មេង​ៗ​ដែល​ទើបតែ​ត្រូវ​បាន​កោះហៅ ដើម្បី​កសាង​ក្រុម​មួយ​ជាមួយនឹង​ប្រព័ន្ធ​ថ្មី​។

គួរ​រម្លឹក​ថា ប្រវត្តិ​ធ្លាប់​ជួប​គ្នា ៣​លើក​របស់​ក្រុម​កម្ពុជា និង​ក្រុម​ឆាយ​និ​ស តៃប៉ិ គឺ​កាលពី​ថ្ងៃ​ទី​០៨ ខែតុលា ២០១៤ ឆាយ​នី​ស​តៃប៉ិ ចាញ់​ក្រុម កម្ពុជា ០-២ ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​, ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០១៦ ឆាយ​និ​ស តៃប៉ិ ស្មើ​ជាមួយ​ក្រុម​កម្ពុជា ២-២ ក្នុង​វគ្គ​ជម្រុះ AFC Asian Cup និង​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០១៦ កម្ពុជា បាន​យកឈ្នះ​ឆាយ​នី​ស​តៃប៉ិ ២-០ ក្នុង​វគ្គ​ជម្រុះ AFC Asian Cup​។ ក្រោយ​ចប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ទល់​នឹង​ឆាយ​នី​ស​តៃប៉ិ នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៤ គឺ​ក្រុម​ជម្រើសជាតិ​កម្ពុជា​នឹង​ត្រូវ​ជួប​ហុងកុង នៅ​កីឡដ្ឋាន Hong Kong Stadium ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​ដែរ​។

សូម​បញ្ជាក់​ថា តាម​រយៈ​ការ​ប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​អន្តរជាតិ​២​ប្រកួត​នេះ គឺ​ក្រុម​កម្ពុជា​នឹង​ត្រូវ​ប្រកួត​ពានរង្វាន់​អាស៊ាន (2024 ASEAN Championship ឬ AFF Mitsubishi Electric Cup) ដែល​គ្រោង​នឹង​ចាប់ផ្តើម ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២៤ ដល់​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២៥) ដោយ​កម្ពុជា​ស្ថិត​នៅ​ពូ​ល A ជាមួយ​ថៃ​, ម៉ា​ឡេ​ស៊ី​, សិង្ហ​បុរី និង ប្រ៊ុ​យ​ណេ ឬ​ទី​ម័​រ​ខាងកើត ដែល​ត្រូវ​ប្រកួត​ជម្រុះ​បឋម​ជាមួយ​គ្នា ២​ជើង ដែល​ជើង​ទី​១ ទី​ម័​រ​ខាងកើត​បាន​យកឈ្នះ​ប្រ៊ុ​យ​ណេ ១-០ កាលពី​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០២៤ ហើយ​នៅ​ថ្ងៃ​ទី​១៥​ខែតុលា​ខាង​មុខ ក្រុម​ទាំង​ពីរ​នឹង​ត្រូវ​ជួប​គ្នា​ម្តងទៀត ដើម្បី​កាត់សេចក្តី​រក​ក្រុម​ឈ្នះ​១​ក្រុម​ឡើង​មក​បង្គ្រប់​ក្នុង​ពូ​ល A៕

Previous articleកីឡាករ Antoine Semenyo ក្លាយជាគោលដៅរបស់ក្លឹបយក្សនៅ Premier League
Next articleយុវជនវ័យ ១៤ឆ្នាំរបស់បិសាចក្រហមម្នាក់ កំពុងតែបង្ហាញភាពលេចធ្លោ