ឯកឧត្តម ខូវ ឆាយ ៖ សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភបាល់ទាត់សប្បុរសធម៌ ជួយគុនខ្មែរ ១០០លានរៀល និងសរុបបឋម ៣០០លានរៀល

ភ្នំពេញ៖ ឯកឧត្តម ខូ​វ ឆាយ ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​គូសបញ្ជាក់​ថា ការ​ប្រកួត​កីឡាបាល់ទាត់​មិត្តភាព​សប្បុរសធម៌ ក្រោម​មូលបទ «​យើង​រួម​គ្នា​លើក​ស្ទួយ ជួយ​គុន​ខ្មែរ​»​ទទួល​បានការ​ឧបត្ថម្ភ​លើកទឹកចិត្ត​ដ៏​ខ្ពស់​ខ្ពស់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចំនួន ១០០​លាន​រៀល និង​អ្នកឧកញ៉ា លាង ម៉េ​ង សហ​ស្ថាបនិក និង​ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន ខ្មែរ​ប៊ែ​រើ​រី​ជី​សបាន​ឧបត្ថម្ភ​ថវិកា​ចំនួន​២០០​លាន​រៀល សរុប​ថវិកា​ទទួល​បានជា​បឋម គឺ​ចំនួន ៣០០​លាន​រៀល​។

នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម ខូ​វ ឆាយ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ល្ងាច​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៤ នៅ​សាល​កីឡា​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ នៃ​មជ្ឈមណ្ឌល​កីឡា​កង​យោធពលខេមរភូមិន្ទ (​ស្តា​ត​ចាស់​) រាជធានី​ភ្នំពេញ​។

ឯកឧត្តម ខូ​វ ឆាយ គូសបញ្ជាក់​ថា ការ​ប្រកួត​បាល់ទាត់​មិត្តភាព​សប្បុរសធម៌ ក្រោម​មូលបទ «​យើង​រួម​គ្នា លើក​ស្ទួយ ជួយ​គុន​ខ្មែរ​» មាន​២​ប្រកួត នៅ​ស្តា​ត​ចាស់ ចាប់ពី​ម៉ោង​៣​រសៀល​តទៅ នា​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២៤ ដោយ​ការ​ប្រកួត​គូ​ទី​១ ក្រុមបាល់ទាត់​តារា​កម្ពុជា (B) ប្រកួត​ជាមួយ​ក្រុម​អ្នក​អត្ថាធិប្បាយ​ប្រដាល់​គុន​ខ្មែរ និង​ការ​ប្រកួត​គូ​ទី​២ ជា​ការ​ជួប​គ្នា​រវាង ក្រុមបាល់ទាត់​តារា​កម្ពុជា (A) ជាមួយ ក្រុម​កីឡាករ​ប្រដាល់​គុន​ខ្មែរ​។ គោលបំណង​ចម្បង​នៃ​ព្រឹត្តិការណ៍​បាល់ទាត់​សប្បុរសធម៌​នេះ គឺ​ដើម្បី​កៀរគរ​មូលនិធិ​ពី​បណ្តា​សប្បុរសជន និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​មាន​បំណង​ចង់​ចូលរួម​ឧបត្ថម្ភ​គាំទ្រ អាច​បរិច្ចាគ​ថវិកា​តាម​លទ្ធភាព ទោះ​តិច​ក្តី ច្រើន​ក្តី ដើម្បី​យក​ទៅ​ជួយ​ដល់​ក្លឹ​ប​កីឡាប្រដាល់​គុន​ខ្មែរ​នានា ដែល​កំពុង​ជួប​ការ​ខ្វះខាត​។

ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​រូប​នេះ​សង្កត់ធ្ងន់​ថា បន្ទាប់​ពី​លោក​បាន​ចុះ​ទស្សនកិច្ច​សិក្សា​ស្វែង​យល់​តាម​បណ្តា​ខេត្ត​នានា​កន្លង​ទៅ​នេះ ឯកឧត្តម​បានឃើញ​ផ្ទាល់​ភ្នែក​នូវ​ការ​ខ្វះខាត និង​ការ​លំបាក​របស់​ក្លឹ​ប​ជា​ច្រើន​ដូច​ជាទី​កន្លែង​ហ្វឹកហាត់ សម្ភារ និង​ថវិកា​ជាដើម ប៉ុន្តែ​ពួក​គាត់​មាន​តែ​កម្លាំងកាយ​ចិត្ត​តស៊ូ​ហ្វឹកហាត់​ទាំង​លំបាក​វេទនា​។ អាស្រ័យ​ឃើញ​ការ​ខ្វះខាត និង​ទុក្ខ​លំបាក​របស់​គ្រូបង្វឹក កីឡាករ កីឡាការិនី​ដែល​តស៊ូ​ក្នុង​ប្រដាល់​គុន​ខ្មែរ​ទាំងនោះ​ហើយ​ទើបបាន​ឯកឧត្តម​រក​វិធីសាស្ត្រ ដែល​អាច​ជួយ​សម្រាលទុក្ខ​លំបាក​របស់​ពួក​គាត់​បាន​ខ្លះ ក្នុង​ន័យ​ជួយ​លើកទឹកចិត្ត និង​អភិវឌ្ឍ​វិស័យ​ប្រដាល់​គុន​ខ្មែរ ដែល​ជា​ប្រភេទ​កីឡា​អត្តសញ្ញាណ​ជាតិខ្មែរ​។

ឯកឧត្តម ខូ​វ ឆាយ បាន​លើក​ឡើង​ទៀត​ថា ដោយសារ​តែ​ចក្ខុវិស័យ​បែប​នេះ​ហើយ ទើប​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​សហការ​ជាមួយ​ក្រុមបាល់ទាត់​តារា​កម្ពុជា និង​ក្រុម​អ្នក​អត្ថាធិប្បាយ​កីឡាប្រដាល់​គុន​ខ្មែរ​ដើម្បី​រៀបចំ​ឲ្យ​មាន​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​មិត្តភាព​សប្បុរសធម៌​នេះ​ឡើង​។ អ្វី​ដែល​កាន់តែ​ពិសេស និង​មហា​កិត្តិយស គឺ​ទទួល​បានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។

ជាមួយ​គ្នា​នេះ លោក ឈិ​ន ឈឿ​ន គ្រូបង្វឹក​ក្រុមបាល់ទាត់​តារា​កម្ពុជា និង​តារាចម្រៀង ខេ​ម ប្រធាន​ក្រុមបាល់ទាត់​តារា​កម្ពុជា​ក៏​បាន​បង្ហាញ​ក្តី​រីករាយ​ជា​ខ្លាំង ដែល​បាន​សហការ​រៀបចំ​ការ​ប្រកួត​បាល់ទាត់​សប្បុរសធម៌​ដ៏​មាន​អត្ថន័យ​នេះ​ឡើង និង​បាន​ជួយ​ដល់​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​។ លោក ខេ​ម គូសបញ្ជាក់​ថា ក្រុមបាល់ទាត់​តារា​កម្ពុជា និង​ក្នុង​នាមខ្លួន​លោក​ផ្ទាល់​ពិតជា​មាន​មហា​កិត្តិ​ស​វិសេសវិសាល​ណាស់​ដែល​ចូលរួម​កិច្ច​សប្បុរសធម៌​។ ជា​ពិសេស​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​សប្បុរសធម៌​ដើម្បី​ជួយ​គុន​ខ្មែរ​ទទួល​បានការ​គាំទ្រ​ពី​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដោយ​នេះ​ជា​កម្លាំងចិត្ត​ដ៏​ធំធេង​ដែល​ផ្តល់​ឱ្យ​ក្រុមបាល់ទាត់​តារា​កម្ពុជា ក៏​ដូច​ជា​អ្នកចូលរួម​ទាំងអស់​មាន​បន្ត​ធ្វើ​ទៅ​ថ្ងៃក្រោយ​ទៀត​៕

Previous articleThomas Frank បង្ហើបអំពីអនាគតខ្លួន​ ក្រោយមានការចាប់អារម្មណ៍ពី Man Utd
Next articleកីឡាការិនី ពេជ្រ សុគន្ធារី ៖ ការសិក្សាវគ្គគ្រូកីឡាកាយវប្បកម្មធ្វើឱ្យយល់ដឹងពីអត្ថប្រយោជន៍ជាច្រើន