ភ្នំពេញ៖ កញ្ញា ពេជ្រ សុគន្ធារី ជាកីឡាការិនី និងសិក្ខាកាមម្នាក់ចូលរួមសិក្សាវគ្គបណ្ដុះបណ្ដាលគ្រូកីឡាកាយវប្បកម្មថ្នាក់មូលដ្ឋានជំនាន់ទី២ បានលើកឡើងថា កញ្ញាបានចំណាយពេលអស់រយៈ៤៥ថ្ងៃ ក្នុងការសិក្សាវគ្គបណ្ដុះបណ្ដាលនេះ ដើម្បីពង្រឹង និងបានជ្រួតជ្រាបកាន់តែស៊ីជម្រៅអំពីជំនាញប្រភេទកីឡាកាយវប្បកម្មនេះ និងអត្ថប្រយោជន៍នៃការប្រកួតហ្វឹកហាត់កាយវប្បកម្ម។
កីឡាការិនី ពេជ្រ សុគន្ធារី លើកឡើងថា ក្នុងឱកាសពិធីវគ្គបណ្ដុះបណ្ដាលគ្រូកីឡាកាយវប្បកម្មថ្នាក់មូលដ្ឋានជំនាន់ទី ២ បានបិទបញ្ចប់កាលពីពេលថ្មីៗនេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អ៊ុក សិទ្ធិជាតិ តំណាងរាស្ត្រខេត្តព្រៃវែង និងប្រធានកិត្តិយសសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា និងលោក តឹក ប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា និងលំហាត់ប្រាណកម្ពុជា ព្រមទាំងសិក្ខាកាមទាំំងអស់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
កីឡាការិនី ពេជ្រ សុគន្ធារី បានបញ្ជាក់ថា ការសិក្សារយៈ ៤៥ ថ្ងៃនោះ ទៅលើផ្នែកសាច់ដុំ ផ្នែសន្លាក់ និងផ្នែកសរសៃរ វាពិតជាបានផ្តល់សារៈសំខាន់ច្រើនណាស់ ដោយយើងមិនចេះតែហាត់ឱ្យចេញរៀងឡើយ ជាពិសេសរបបអាហារទទួលទានរបស់អ្នកហាត់កីឡាកាយវប្បកម្ម ក្រោយពីកញ្ញាបានរៀនវគ្គបណ្តុះបណ្តាលដ៏មានអត្ថន័យនេះ បានធ្វើឱ្យនាងឈ្វេងយល់កាន់តែច្បាស់ពីចំណុចខ្វះខាតកន្លងមក ក្នុងការយកចំណេះដឹងទាំងនេះមកអភិវឌ្ឍខ្លួនឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ កីឡាការិនី ពេជ្រ សុគន្ធារី បន្ថែមថា អ្នកហាត់កីឡាកាយវប្បកម្មត្រូវហាត់ឱ្យបានត្រឹមត្រូវ និងទទួលទានអាហារឱ្យបានត្រឹមត្រូវ ទើបយើងទទួលបានរូបរាងស្អាត ប៉ុន្តែយើងមិនដឹងថារងផលប៉ះពាល់ដល់ផ្នែសន្លាក់ សាច់ដុំ និងសរសៃ ដែលធ្វើឱ្យយើងមានបញ្ហានៅពេលក្រោយ។
កីឡាការិនីរូបនេះបានបន្តថា ការសិក្សានេះធ្វើឱ្យកញ្ញាយល់ដឹងខ្លាំង ហើយនឹងយកចំណេះដឹងទាំងនេះ មកបង្ហាត់បង្រៀនកូនសិស្សរបស់នាង ដើម្បីឱ្យពួកគាត់ជៀសវាងជួបបញ្ហាប្រឈម នៅពេលក្រោយ និងធ្វើឱ្យពួកគាត់មានសុខភាពល្អថែមទៀតផង។
ជាមួយគ្នានេះ លោកស្រី អេមី អគ្គលេខាធិការ សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាក៏បានលើកឡើងដែរថា កីឡាការិនី ពេជ្រ សុគន្ធារី កំពុងហ្វឹកហាត់សាច់ដុំ ដើម្បីត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាកាយវប្បកម្មជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ នៅប្រទេសថៃ។ សព្វថ្ងៃនេះសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា និងលំហាត់ប្រាណកម្ពុជាកំពុងពង្រឹងការហ្វឹកហាត់កីឡាករ-កីឡាការិនី ត្រៀមចេញទៅចូលរួមការប្រកួតកម្រិតអន្តរជាតិនានា នៅឆ្នាំ២០២៤ និងឆ្នាំ២០២៥ ក្នុងគោលដៅដណ្តើមបានមេដាយយកមកជូនជាតិផងដែរ៕