ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» បានចុះសាកសួរសុខទុក្ខ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ទៅប្រគល់ជូនដល់កីឡាករ ដែលរងរបួស ក្នុងការប្រកួតយុទ្ធគុនខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» ដែលបានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាតិតេជោសន្ដិភាព កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។
ឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវរធិបតីនាយករដ្ឋមន្ដ្រីបានក្រើនរម្លឹកឱ្យក្រុមការងារតាមដានជានិច្ចចំពោះសុខទុក្ខកីឡាករ-កីឡាការិនី ដែលរងរបួស ដើម្បីធានាក្នុងការព្យាបាលរហូតដល់ជាសះស្បើយ។ តាមរយៈឯកឧត្តមអនុប្រធានអចិន្ដ្រៃយ៍ សម្ដេចធិបតីបានផ្ដាំផ្ញើនូវការសួរសុខទុក្ខ និងលើកទឹកចិត្តដល់កីឡាករត្រូវថែរក្សាសុខភាព និងឆាប់បានជាសះស្បើយ ដើម្បីបានត្រឡប់ទៅផ្ទះវិញ ក្រោមការយកចិត្តទុកដាក់របស់សម្ដេចធិបតី ដែលផ្ដល់ការឧបត្ថម្ភគាំទ្រ និងធានាក្នុងការព្យាបាលរហូតដល់ជាសះស្បើយ។
ឯកឧត្តម វ៉ាត់ ចំរើន ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតនូវថវិកាចំនួន ៥០០ដុល្លារ ផ្ដល់ជូនកីឡាករប្រដាល់គុនខ្មែរ អូន ស៊ីនួន ដែលរងរបួសបាក់ខ្ទង់ច្រមុះ នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ កន្លងទៅ ហើយបានវះកាត់ដោយជោគជ័យ និងកំពុងសម្រាកតាមដាន នៅមន្ទីរពេទ្យជាតិតេជោសន្ដិភាព ហើយប្រហែល ១ថ្ងៃ ឬ២ថ្ងៃទៀត ទើបគ្រូពេទ្យអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។ ជាមួយគ្នានេះ ឯកឧត្តម វ៉ាត់ ចំរើន ក៏បាននាំយកអំណោយថវិកាចំនួន ៥០០ដុល្លារផ្ដល់ជូនដល់ កីឡាករ គុនល្បុក្កតោ មុំ រដ្ឋា មកពីសាលាគុនល្បុក្កតោស្រីជោយដំរីសាមពាន់ ខេត្តសៀមរាប ដែលរងរបួសបាក់ប្រអប់ដៃស្ដាំ បន្ទាប់ពីប្រកួតនៅថ្ងៃដំបូង (ថ្ងៃទី១៨-តុលា) ដែលបានវះកាត់ព្យាបាលដោយជោគជ័យ និងបានត្រឡប់ទៅខេត្តសៀមរាបវិញ កាលពីពេលថ្មីៗនោះដែរ។
គួរបញ្ជាក់ថា ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី១ ពីថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះបានដំណើរការយ៉ាងរលូន និងទទួលបានជោគជ័យយ៉ាងធំធេង ដោយទទួលបានការអបអរសាទរយ៉ាងច្រើនកុះករពីថ្នាក់ដឹកនាំ ចាស់ព្រឹទ្ធាចារ្យ កីឡាករ-កីឡាការិនីអ្នកហាត់គុនបុរាណខ្មែរ និងប្រជាពលរដ្ឋទូទាំងប្រទេសនូវគុណតម្លៃនៃព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ដ្រនេះ៕