ភ្នំពេញ៖ គ្រូបង្វឹកនិងមន្ត្រីបច្ចេកទេសនៃសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាចំនួន២៥នាក់មកពី៩រាជធានី-ខេត្ត ទទួលបានការបណ្តុះបណ្តាលវគ្គសាមគ្គីអូឡាំពិក ស្តីពីគ្រូបង្វឹកកីឡាលើកទម្ងន់កម្រិត២ រយៈពេល៨ថ្ងៃនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្រោមការចែករំលែកចំណេះដឹង និងបទពិសោធន៍ដោយគ្រូឧទ្ទេស លោក AVEENNASH PANDOO មកពីប្រទេសអាហ្វ្រិកខាងត្បូង។
លោក ផេង ប៉ាក អគ្គលេខាធិកាស្តីទី សហព័ន្ធកីឡាលើកទម្ងន់កម្ពុជាគូសបញ្ជាក់ថា វគ្គសាមគ្គកីឡាអូឡាំពិកស្តីពីគ្រូបង្វឹកកីឡាលើកទម្ងន់កម្រិត២ ជាគម្រោងឧបត្ថម្ភរបស់អង្គកាសាមគ្គីអូឡាំពិកអន្តរជាតិ ក្រោមការសម្របសម្រួលពីគណៈកម្មាធិការអូឡាំពិកកម្ពុជា ក្នុងគោលបំណងអភិវឌ្ឍន៍សមត្ថភាពគ្រូបង្វឹកផ្នែកកីឡាលើកទម្ងន់ឈានទៅពង្រីកធនធានកីឡាករ កីឡាការិនីបន្តវេនឱ្យមានកាន់តែច្រើននៅកម្ពុជា។
អគ្គលេខាធិការស្តីទីបានគូសបញ្ជាក់ទៀតថា ការបណ្តុះបណ្តាលរយៈពេល៨ថ្ងៃនេះ គឺផ្តោតសំខាន់លើជំនាញបច្ចេកទេស និងការថែទាំសុខភាព ដើម្បីឱ្យលោកគ្រូអ្នកទាំងអស់ទទួលបាននូវចំណេះដឹងយកទៅបង្ហាត់នៅតាមក្លឹបប្រកបដោយគុណភាពដែលអាចជួយឱ្យការបង្ហាត់ត្រូវតាមបទដ្ឋានបច្ចេកទេសស្របតាមគរុកោសល្យកីឡា។
អគ្គលេខាធិការស្តីទី លោក ផេង ប៉ាក បានថ្លែងអំណរគុណដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងឯកឧត្តម វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ដែលបានសម្របសម្រួលនាំយកគ្រូឧទ្ទេសមានបទពិសោធន៍ផ្នែកកីឡាលើកទម្ងន់កម្រិតពិភពលោកមកចែករំលែកចំណេះជំនាញដល់គ្រូបង្វឹកកម្ពុជា ដើម្បីនាំយកចំណេះជំនាញដែលទទួលបានពីគ្រូបង្វឹកអន្តរជាតិកីឡាលើកទម្ងន់ទៅអនុវត្តនៅមូលដ្ឋាន ក្នុងគោលដៅផលិតបានធនធានឱ្យកាន់តែសម្បូរបែបប្រកបដោយគុណភាព សម្រាប់កម្ពុជា នាពេលខាងមុខ។
សូមបញ្ជាក់ថា វគ្គសាមគ្គីអូឡាំពិក ពី គ្រូបង្វឹកកីឡាលើកទម្ងន់កម្រិត២នេះ ដំណើរការរយៈពេល៨ថ្ងៃចាប់ពីថ្ងៃទី២០ដល់២៧ ខែតុលា ឆ្នាំ២០២៤ ដោយមានសិក្ខាកាមចំនួន២៥នាក់ ជាមន្ត្រីបច្ចេកទេស និងគ្រូបង្វឹកមកពី៩រាជធានីខេត្ត មានដូចជា រាជធានីភ្នំពេញ សៀមរាប កណ្តាល បាត់ដំបង កំពង់ស្ពឺ ពោធិ៍សាត់ កំពង់ចាម តាកែវ និងបន្ទាយមានជ័យ៕