យុទ្ធគុនចម្រុះខ្មែរបុរាណពានសម្តេចបវរធិបតី លើកទី១ បានបញ្ចប់ដោយជោគជ័យធំធេង លើសពីការរំពឹងទុក

ភ្នំពេញ៖ ព្រឹត្តិការណ៍​កីឡា​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ ពានរង្វាន់​សម្តេច​បវរ​ធិ​បតី លើក​ទី​១ ដែល​បាន​ដំណើរការ​ពី​ថ្ងៃ​ទី​១៨-២០ ខែតុលា ឆ្នាំ​២០២៤ នៅ​វិមាន​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​កបាន​បញ្ចប់​ដោយ​ជោគជ័យ​យ៉ាង​ធំធេង ដោយ​ការ​រៀបចំ​មាន​ពេលវេលា​ខ្លី​បន្តិច ប៉ុន្តែ​អាច​ដំណើរការ​ទៅ​បាន​ដោយ​រលូន ហើយ​មិន​នឹក​ស្មាន​ការ​ចូលរួម​ប្រកួត​មាន​ចំនួន​ច្រើន​ហួស​ពី​ការ​រំពឹង​ទុក ដែល​បាន​បង្ហាញ​ពី​ការ​ចូលរួម​គាំទ្រ​យ៉ាង​ផុលផុស​ដល់​ការ​ប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ​។

នេះ​បើ​តាម​ការ​បញ្ជាក់​ជូន​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មការ​ចំពោះ​កិច្ច​រៀបចំ​ការ​ប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ ពានរង្វាន់​សម្តេច​បវរ​ធិ​បតី លើក​ទី​១ នៅ​ក្រោយ​កិច្ចប្រជុំ​បូក​សរុប​ក​លទ្ធផល​ការងារ និង​ការ​វាយតម្លៃ​ចុង​ក្រោយ កាលពី​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៤ ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​បណ្ឌិត ថោ​ង ខុន ទេស​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​។

ឯកឧត្តម វ៉ា​ត់ ចំរើន សង្កត់ធ្ងន់​នូវ​ចំណុច​សំខាន់​នៃ​ដំណើរ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​នេះ​ថា ការ​រៀបចំ​តុបតែង​ពិសេស​ទីលាន​ប្រកួត​ប្លែក​ភ្នែក និង​ទាក់ទាញ​ជាមួយ​ការ​រៀបចំ​អាសនៈ​ប្រណិត មាន​អ្នក​អត្ថាធិប្បាយ​ជំនាញ អ្នក​ពោល​ពិសេស រួម​ទាំង​សាច់ភ្លេង​យុទ្ធ​គុន​បាន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​មានការ​ជក់ចិត្ត​ដិតអារម្មណ៍​។ កម្រិត​បច្ចេកទេស​កីឡា​ប្រយុទ្ធ និង​សម្តែង​មួយ​ចំនួន​ធំ មានគុណ​ផល​កីឡា (Performance) កម្រិត​មធ្យម និង​ខ្ពស់ ធ្វើ​ឱ្យ​ការ​ប្រកួត​មាន​ភាព​ទាក់ទាញ​។ ការ​សម្តែង​ក្នុង​ពិធី​បិទ​ការ​ប្រកួត​បាន​បញ្ចូល​សាច់​រឿង និង​ឈុត​ឆាក​សម្តែង​ទម្រង់​វប្បធម៌ និង​យុទ្ធ​គុន​ខ្មែរ​បុរាណ​យ៉ាង​ប្រទាក់ក្រឡា និង​ស៊ីសង្វាក់​គ្នា​ល្អ​។

ជុំវិញ​ការ​ផ្សព្វផ្សាយ​ត្រូវ​បាន​ឯកឧត្តម​អនុប្រធាន​អចិន្ត្រៃយ៍​ពន្យល់​ថា ព្រឹត្តិការណ៍​ប្រកួត​ទាំងមូល​បាន​បញ្ជ្រាប​ការ​យល់​ដឹង និង​អប់រំ​អំពី​យុទ្ធ​គុន​ព្រលឹង​ដូនតា​បាន​ទូលំទូលាយ និង​គ្របដណ្តប់​ទូ​ទាំង​ប្រទេស និង​នៅ​លើ​ឆាក​អន្តរជាតិ ពិសេស​ខ្មែរ​នៅ​ក្រៅប្រទេស​ក៏​បាន​ជ្រួតជ្រាប និង​គាំទ្រ​ផង​ដែរ​។

ដោយ​ភាព​ប៉ិនប្រសព្វ និង​ទំនាក់ទំនង​ល្អ​លើ​ការងារ​កៀរគរ​ចំណូល​របស់​ឯកឧត្តម​បណ្ឌិត ម៉ឹង មក​រា និង ឯកឧត្តម ឡៅ វណ្ណ ធ្វើ​ឱ្យ​ប្រភព​ចំណូល​លើស​ពី​សេចក្តី​ត្រូវការ​ក្នុង​ការ​រៀបចំ​ការ​ប្រកួត​លើក​ទី​១​នេះ ប្រកបដោយ ភាព​កក់ក្តៅ​។ តាម​រយៈ​ព្រឹត្តិការណ៍​ប្រកួត​នេះ​ទទួល​បានការ​គាំទ្រ​ក្នុង​ស្មារតី​ជាតិនិយម ស្រឡាញ់​កីឡា​វប្បធម៌ កីឡា​អត្តសញ្ញាណ​ជាតិ​នៃ​យុទ្ធ​គុន​ដូនតា​ខ្មែរ ត្រូវ​បាន​បំផុស​ឡើង និង​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​។

គួរ​បញ្ជាក់​ថា ចំពោះ​អ្នក​ទស្សនា​ផ្ទាល់​នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ថ្ងៃ​ទី​១ ចំនួន ៥០០០​នាក់​, ថ្ងៃ​ទី​២ ចំនួន ៤ ៥០០​នាក់​, ថ្ងៃ​ទី​៣ ចំនួន ៦ ០០០​នាក់ ដោយ​សរុប​ទាំង​៣​ថ្ងៃ​មាន​ចំនួន ១៥ ៥០០​នាក់​។ ដោយឡែក​សម្រាប់​ការ​ទស្សនា​តាម​ប្រព័ន្ធ​អន​ឡាញ​ប្រមាណ ៥​លាន​នាក់​៕

Previous articleគ្រូបង្វឹកកីឡាលើកទម្ងន់ទទួលការបណ្តុះបណ្តាលវគ្គសាមគ្គីអូឡាំពិកពីគ្រូបង្វឹកកីឡាលើកទម្ងន់កម្រិត២
Next articleReal Madrid និង La Liga បើកការស៊ើបអង្កេតពាក់ព័ន្ធករណីបំពានពូជសាសន៍ចំពោះកីឡាករ Lamine Yamal