ជម្រើសជាតិកម្ពុជា និងម៉ាឡេស៊ី ចែកគ្នាម្នាក់១ពិន្ទុ ASEAN Mitsubishi Electric Cup 2024

ភ្នំពេញ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា និង​ក្រុម​ជម្រើសជាតិ​ម៉ា​ឡេ​ស៊ី​បាន​ចែក​គ្នា​ម្នាក់​១​ពិន្ទុ ក្រោយ​រក្សា​លទ្ធផល​ស្មើគ្នា ២-២ នៅ​ក្នុង​ការ​ប្រកួត​បើក​ឆាក​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល A កាលពី​យប់​ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ជើងឯក​អាស៊ាន (ASEAN Mitsubishi Electric Cup 2024)​។

នៅ​ក្នុង​ការ​ប្រកួត​ដ៏​ជក់ចិត្ត​នេះ ក្រុម​ភ្ញៀវ​ម៉ា​ឡេ​ស៊ី បាន​បើក​ការ​នាំមុខ​គ្រាប់​មុន នៅ​នាទី​ទី​៣៥ ដោយ​កីឡាករ Stuart John Wilkin លើ​ក្រម​ម្ចាស់ផ្ទះ​កម្ពុជា​។ ចូល​ដល់​វគ្គ​ទី​២ នៅ​នាទី​ទី​៥២ កីឡាករ​កម្ពុជា Coulibaly Abdel Kader ធ្វើ​សម្រេច​បាន​១​គ្រាប់​តាម​ស្មើ ១​ទល់​១ ជាមួយ​ក្រុម​ម៉ា​ឡេ​ស៊ី ហើយ​នៅ​នាទី​៦០ កីឡាករ​ខ្សែប្រយុទ្ធ​កម្ពុជា សា​ទី ធ្វើ​សម្រេច​បាន​គ្រាប់​ទី​២ ដោយ​បើក​ការ​នាំមុខ​វិញ​លើ​ក្រុម​ម៉ា​ឡេ​ស៊ី​។ ក្តី​រីករាយ​របស់​កម្ពុជា​ក្នុង​ការ​នាំមុខ​នេះ​បាន​ត្រឹម​១៤​នាទី​ប៉ុណ្ណោះ ត្រូវ​កីឡាករ Fergus Tierney របស់​ម៉ា​ឡេ​ស៊ី ទាត់​ប​ញ្ជូ​ល​ទី​ពី​ចម្ងាយ​បាន​យ៉ាង​ល្អ ដែល​ជា​គ្រាប់​តាម​ស្មើ ២​ទល់​២ ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា​។ លទ្ធផល ២​ទល់​២​នេះ រក្សា​បាន​រហូត​ដល់​បញ្ចប់​ការ​ប្រកួត​ពេញ​ម៉ោង ៩០​នាទី​។ ដូច្នេះ​ក្រុម​កម្ពុជា​រកបាន​១​ពិន្ទុ ខណៈ​ម៉ា​ឡេ​ស៊ី​រកបាន​១​ពិន្ទុ​ដែរ ក្នុង​ការ​ប្រកួត​បើក​ឆាក​ដំបូង​របស់​ក្រុម​ទាំង​ពីរ​។

លោក KOJI GYOTOKU គ្រូបង្វឹក​ក្រុម​ជម្រើស​កម្ពុជា​បាន​ថ្លែង​ក្រោយ​បញ្ចប់​ការ​ប្រកួត ASEAN Mitsubishi Electric Cup 2024 ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ម៉ា​ឡេ​ស៊ី ថា ៖«​សម្រាប់​ខ្ញុំ គឺ​មានរឿង​ត្រូវ​តែ​កែប្រែ​ច្រើន ដោយសារ​ការ​កោះហៅ​ប្រមូលផ្តុំ មាន​តែ​ចំនួន ៥​ថ្ងៃ​ទេ មុន​ការ​ប្រកួត​។ ដូច្នេះ​ហើយ ទាក់ទង​នឹង​ការ​លេង គឺ​មិន​ទាន់​ស៊ីចង្វាក់​គ្នា​ទេ ប៉ុន្តែ​ការ​លេង​របស់​កីឡាករ​នៅ​ថ្ងៃនេះ​ធ្វើ​បាន​ដូច​អ្វី​ដែល​ខ្ញុំ​ចង់បាន តែ​ក៏​នៅ​មាន​ចំណុច​កែប្រែ​ការ​លេង​ផង​ដែរ​»​។

គួរ​រម្លឹក​ថា នៅ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​របស់​ក្រុម​ទាំង​ពីរ ជម្រើសជាតិ​កម្ពុជា និង​ក្រុម​ជម្រើសជាតិ​ម៉ា​ឡេ​ស៊ី ដែល​ប្រកួត​ជាមួយ​គ្នា ចំនួន ១៨​ប្រកួត​កន្លង​មក គិត​ចាប់ពី​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​១៩៥៦ មក​ដល់​ថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ​២០២២ គឺ​ក្រុម​កម្ពុជា​ធ្លាប់​ឈ្នះ​ម៉ា​ឡេ​ស៊ី ២​លើក និង​ស្មើ​១​លើក និង​ចាញ់​១៥​លើក​។ ក្រុម​កម្ពុជា​បាន​ឈ្នះ​ម៉ា​ឡេ​ស៊ី ចុង​ក្រោយ នៅ​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​១៩៧០ ដោយ​លទ្ធផល ២-០ ក្នុង​ពានរង្វាន់ King’s Cup 1970 ដោយ​ចាប់ពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​២០២៤​នេះ ក្រុម​កម្ពុជា​មិន​ធ្លាប់​ឈ្នះ​ម៉ា​ឡេ​ស៊ី​នោះ​ទេ ដែល​មាន​រយៈពេល ៥៤​ឆ្នាំ​។ (​នេះ​បើ​យោង​តាម​កំណត់​ត្រា​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា FFC)

ដោយឡែក​១​ប្រកួត​ផ្សេង​ទៀត ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល​A នេះ​ដែរ គឺ​ក្រុម​ជម្រើសជាតិ​ថៃ រកបាន​៣​ពិន្ទុ ក្រោយ​យកឈ្នះ​ក្រុម​ទី​ម័​រ​ខាងកើត ដោយ​លទ្ធផល ១០-០​។ តារាង​លទ្ធផល​បណ្តោះអាសន្ន ក្នុង​ពូ​ល A គឺ​ថៃ ឈរ​លេខ​១ មាន​៣​ពិន្ទុ​, កម្ពុជា ឈរ​លេខ​២ មាន​១​ពិន្ទុ ខណៈ​ម៉ា​ឡេ​ស៊ី ឈរ​លេខ​៣ មាន​១​ពិន្ទុ​ដែរ​។

គួរ​បញ្ជាក់​ថា ប្រកួត​បន្ទាប់​ចំនួន ៣​ទៀត​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា ប្រចាំ​ពូ​ល A នេះ គឺ​ក្រុម​កម្ពុជា​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ សិង្ហ​បុរី នា​វេលា​ម៉ោង ១៦:០០ ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២៤ នៅ​កីឡដ្ឋាន​ជាតិ​សិង្ហ​បុរី​, ក្រុម​កម្ពុជា​បន្ត​ជួប​ប្រកួត​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​ជាមួយ​ក្រុម​ទី​ម័​រ​ខាងកើត នា​វេលា​ម៉ោង ១៧:៤៥ នាទី ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ខណៈ​១​ប្រកួត​ចុង​ក្រោយ​ក្រុម​កម្ពុជា​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ជាមួយ​ម្ចាស់ផ្ទះ ថៃ នា​វេលា​ម៉ោង ២០:០០ ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៤៕

Previous articleកីឡាករអង់គ្លេសចំនួន ១០នាក់ ដែលល្អបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប Chelsea
Next articleCity និង Chelsea ចេញមកប្រជែងគ្នាយកខ្សែប្រយុទ្ធវ័យក្មេងរបស់​ Leicester City