តេក្វាន់ដូ WT ក្រសួងមហាផ្ទៃមកដល់មាតុប្រទេសវិញ ក្រោយឈ្នះមេដាយ៧គ្រឿងជូនជាតិ ពីព្រឹត្តិការណ៍ ASIAN OPEN POLICE TAEKWONDO CHAMPIONSHIPS

ភ្នំពេញ៖ ប្រតិភូ​កីឡា​តេ​ក្វា​ន់​ដូ WT ក្រសួងមហាផ្ទៃ​បាន​វិល​ត្រឡប់​មក​ដល់​មាតុប្រទេស​វិញ កាលពី​ល្ងាច​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៤ បន្ទាប​ពី​ដណ្តើម​បាន​មេដាយ​សរុប​៧​គ្រឿង ពី​ការ​ប្រកួត ASIAN OPEN POLICE TAEKWONDO CHAMPIONSHIPS 2024 នៅ​ប្រទេស​វៀតណាម​។

មេដាយ​សរុប​៧​គ្រឿង​ដែល​អត្ត​ព​លិ​ក​តេ​ក្វា​ន់​ដូ WT​ក្រសួងមហាផ្ទៃ​ដណ្តើម​បាន​ពី​ព្រឹត្តិការណ៍​អន្តរជាតិ​នៅ​វៀតណាម​នេះ មាន​មេដាយមាស​៤ ប្រាក់​២ និង​សំរឹទ្ធ​១​គ្រឿង ដោយ​ការ​ប្រកួត​បាន​ដំណើរ​ចាប់ពី​ថ្ងៃ​ទី​៤​ដល់​ថ្ងៃ​ទី​៩ ខែ ធ្នូ ឆ្នាំ​២០២៤ នៅ​ខេត្ត Quang Ninh ប្រទេស​វៀតណាម​។ លោក​វរ​សេនី​ត្រី ឆូ​យ ពុទ្ធា ប្រតិភូ​ដឹកនាំ បាន​គូ​បញ្ជាក់​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថា សមិទ្ធផល​ដែល​ទទួល​បាន​ពី​ព្រឹត្តិការណ៍​នេះ​មិនមែន​ជា​សមិទ្ធផល​ថ្មី​សម្រាប់​អត្ត​ពល​តេ​ក្វា​ន់​ដូ​ក្រសួងមហាផ្ទៃ​ឡើយ ពោល​គឺ​ការ​ដណ្តើម​បាន​មុន​ៗ​គឺ​ចំនួន​ប្រហាក់ប្រហែល​ដូច​គ្នា​នេះ​ដែរ​។

លោក​វរ​សេនី​ត្រី ឆូ​យ ពុទ្ធា ប្រតិភូ​ដឹកនាំ​បាន​គូសបញ្ជាក់​ថា សម្រាប់​ការ​ចូលរួម​ក្រោយ​ៗ​ទៀត​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​អន្តរជាតិ​ដែល​ថ្នាក់​ដឹក​បញ្ជូន​ទៅ​ចូលរួម​ក្រុម​តេ​ក្វា​ន់​ដូ​WT​ក្រសួងមហាផ្ទៃ​ប្តេជ្ញា​ចិត្តនឹង​ដណ្តើម​ឱ្យ​បាន​លទ្ធផល​ល្អ​ជាង​នេះ​បន្ថែម​ទៀត ដើម្បី​លើកមុខ​មាត់​អង្គភាព​លើ​ឆាក​អន្តរជាតិ​។ ជាមួយ​គ្នា​នេះ ក្នុង​នាម​តំណាង​ក្រុម​ទាំងមូល​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ព្រមទាំង​ឯកឧត្តម យិ​ត ភិ​រៈ ដែល​បាន​យកចិត្តទុកដាក់​តាមដាន​គាំទ្រ​ឧបត្ថម្ភ​ចំពោះ​សុខ​ទុក​អត្ត​ព​លិ​ក​កីឡា​តេ​ក្វា​ន់​ដូ​ក្រសួងមហាផ្ទៃ​ទាំង​ការ​ហ្វឹកហាត់ និង​ពេល​ប្រកួត​។

ព្រឹត្តិការណ៍ ASIAN OPEN POLICE TAEKWONDO CHAMPIONSHIPS នៅ​ប្រទេស​វៀតណាម​នេះ បាន​ដំណើរ​ចាប់ពី​ថ្ងៃ​ទី​៤​ដល់​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២៤ មាន​២៩​ប្រទេស​ចូលរួម​សរុប​មន្ត្រី ប្រតិភូ គ្រូបង្វឹក និង​អត្ត​ព​លិ​ក​ជាង ២,៥០០​នាក់​។ សម្រាប់​សមាគម​កីឡា​តេ​ក្វា​ន់​ដូ WT ក្រសួងមហាផ្ទៃ បាន​បញ្ជូន​ប្រតិភូ​ដឹកនាំ គ្រូបង្វឹក គ្រូ​ជំនួយ កីឡាករ កីឡាការិនី សរុប​ចំនួន​១៤​រូប ប្រតិភូ គ្រូបង្វឹក គ្រូ​ជំនួយ កីឡាករ និង​កីឡាការិនី ជា​នគរបាល​ជាតិ​មាន​ចំនួន​១១​រូប​។

គួរ​បញ្ជាក់​ថា ជា​លទ្ធផល​អត្ត​ព​លិ​ក​ក្រសួង​មា​ផ្ទៃ​ដណ្តើម​បាន​មេដាយ​ជូន​ជាតិ ៧​គ្រឿង ក្នុង​នោះ​មាន​មេដាយមាស​៤ ប្រាក់​២ និង​សំរឹទ្ធ​១​គ្រឿង​។ ១.​កីឡាការិនី ណា​ង វណ្ណៈ ឈ្នះ​មេដាយមាស ១​គ្រឿង វិញ្ញាសា​មេ​គុន ឯកត្តជន​នារី ២.​កីឡាករ ផល សុ​វ​ណ្ណាត់ មេដាយមាស ១​គ្រឿង វិញ្ញាសា​មេ​គុន ឯក​កត្ត​ជន​បុរស ៣.​កីឡាករ​សុ​វ​ណ្ណាត់ និង​កីឡាការិនី ណា​ង វណ្ណៈ មេដាយមាស ០១​គ្រឿង វិញ្ញាសា​មេ​គុនគូ បុរស​-​នារី ៤.​កីឡាករ វ៉ា មិថុនា មេដាយមាស​០១​គ្រឿង វិញ្ញាសា​ប្រយុទ្ធ ទម្ងន់​ក្រោម ៨០​គីឡូក្រាម ៥.​កីឡាការិនី ឈឿ​ង អា​លី​ហ្សា មេដាយ​ប្រាក់​០១​គ្រឿង វិញ្ញាសា​ប្រយុទ្ធ ទម្ងន់​ក្រោម ៥៧​គីឡូក្រាម ៦.​កីឡាករ វ៉ា​ន់ រិ​ទ្ធី មេដាយ​ប្រាក់​០១​គ្រឿង វិញ្ញាសា​ប្រយុទ្ធ ៧.​កីឡាករ​សំ យូ​ដេ​ត មេដាយ​សំរឹទ្ធ​០១​គ្រឿង វិញ្ញាសា​ប្រយុទ្ធ ទម្ងន់​ក្រោម ៥៨​គីឡូក្រាម​៕

Previous articleMan Utd គ្រោងលក់កីឡាករជាងពាក់កណ្តាលក្រុម
Next articleJose Mourinho បើកទ្វារចំហក្នុងកាលវិលត្រលប់ទៅកាន់ក្លឹបមួយនេះវិញ