ឥណ្ឌូនេស៊ី៖ កីឡាការិនី ប៉ាល់ ឆរ រស្មី នៅតែបង្ហាញភាពឆ្នើមរបស់ខ្លួន ដោយប្រកួតលើ៤វិញ្ញាសា ឈ្នះមេដាយទាំង៤វិញ្ញាសា គឺមេដាយមាស២វិញ្ញាសា និងមេដាយប្រាក់២វិញ្ញាសា នៅក្នុងការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកអាស៊ី លើកទី៥ ឆ្នាំ២០២៤ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី។
កីឡាការិនី ប៉ាល់ ឆរស្មី បានគូសបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP តាមរយៈសារអេឡិចត្រូនិកពីប្រទេសឥណ្ឌូណេស៊ី នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះថា រូបគេបានចូលរួមប្រកួតលើ៤វិញ្ញាសា ហើយបានបញ្ចប់ទាំង៤វិញ្ញាសានេះហើយ កាលពីថ្ងៃទី១៩-២០ ខែធ្នូ ដោយនៅថ្ងៃទីមួយ ដណ្តើមបានមេដាយមាស១គ្រឿង និងមេដាយប្រាក់២គ្រឿង ហើយនៅថ្ងៃទីពីរ ដណ្តើមបានមេដាយមាស១គ្រឿង។
មេដាយទាំង៤គ្រឿងរបស់កីឡាការិនី ប៉ាល់ ឆរស្មី រួមមាន៖ មេដាយមាស១លើវិញ្ញាសាកំបិតភ្លោះ និងវិញ្ញាសាក្រុម ស្រី៣នាក់-បុរស៣នាក់ ខណៈមេដាយប្រាក់១ បានលើវិញ្ញាសាស្រី១ប្រុស១ និងមេដាយប្រាក់១គ្រឿង ដណ្តើមបានលើវិញ្ញាសា ស្រី១ ប្រុស៣។ ក្រៅពីនេះ អត្តពលិកកម្ពុជាផ្សេងៗទៀតក៏ដណ្តើមមេដាយមាស ប្រាក់ និងសំរឹទ្ធជាច្រើនគ្រឿងទៀតផងដែរ ដោយបំពាក់មេដាយជាផ្លូវការត្រឹម៤វិញ្ញាសា នៅថ្ងៃដំបូងប៉ុណ្ណោះ។ ចំពោះវិញ្ញាសាផ្សេងទៀត ដែលបានបញ្ចប់ ប៉ុន្តែពុំទាន់ប្រារព្ធធ្វើពិធីបំពាក់មេដាយនៅឡើយ ដោយរង់ចាំបំពាក់មេដាយ នៅថ្ងៃចុងក្រោយបញ្ចប់នៃព្រឹត្តិការណ៍។
កីឡាការិនីវ៉ូវីណាមកម្ពុជារូបនេះបានលើកឡើងថា សម្រាប់ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកអាស៊ី លើកទី៥ ឆ្នាំ២០២៤នេះ គឺចំនួនប្រទេស និងអត្តពលិកចូលរួមតិចជាងឆ្នាំមុនៗ ដោយមានត្រឹម១៥ប្រទេសចូលរួមប្រកួតប៉ុណ្ណោះ។ ជាការកត់សម្គាល់របស់ជម្រើសជាតិ ប៉ាល់ ឆរស្ម៊ី បានឱ្យដឹងទៀតថា បណ្តាប្រទេសដែលចូលរួមទោះជាមានចំនួនតិចជារាល់ឆ្នាំក៏ពិតមែន ប៉ុន្តែបណ្តាប្រទេសទាំងនោះបានសម្រិតសម្រាំងកីឡាករ កីឡាការិនីជម្រើសខ្លាំងៗរបស់ខ្លួនមកចូលរួមប្រកួតប្រជែង ហើយកីឡាករ កីឡាការិនីម្នាក់ៗប្រកួតច្រើនវិញ្ញាសា ហើយកីឡាករ កីឡាការិនីកម្ពុជាសុទ្ធតែជួបអ្នកខ្លាំងៗ ដោយធ្វើឱ្យកម្ពុជាមានភាពតានតឹងក្នុងការប្រកួតដែរ។ បើទោះបីជា អត្តពលិកវ៉ូវីណាមកម្ពុជាបានជួបនូវការលំបាក ក្នុងការប្រកួតយ៉ាងណាក្តី ក៏ពួកគេនៅតែអាចប្រកួតប្រជែងបាន ហើយកម្ពុជាយើងមានសក្តានុពលលើបណ្តាប្រទេសមួយចំនួនដែរ ដោយសារតែការហ្វឹកហាត់ត្រៀមរបស់ក្រុមជម្រើសជាតិកម្ពុជាមានលក្ខណៈល្អប្រសើរ ហើយទទួលបានជោគជ័យច្រើនផងដែរ៕