ត្បូងឃ្មុំ ៖ ការប្រកួតកីឡាប៊ូល និង ប៉េតង់ ពានរង្វាន់ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត ត្បូងឃ្មុំ ដើម្បីអបអរសាទរថ្ងៃជ័យជម្នះ ៧មករា ១៩៧៩ – ៧ មករា ២០២៥ ត្រូវបានរៀបចំពិធីបិទជាផ្លូវការ ក្រោយពីដំណើរការប្រកួតយ៉ាងស្វិតស្វាញរយៈពេល៣ថ្ងៃ ជាមួយនឹងការសម្រិតសម្រាំងបានម្ចាស់ជ័យលាភីលើ៤វិញ្ញាសា។ ក្នុងពិធីបិទការប្រកួតនេះដែរ ធ្វើឡើងនារសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត នាយក/នាយករងរដ្ឋបាលខេត្ត ប្រធាន/អនុប្រធាន មន្ទីរ/អង្គភាពជុំវិញខេត្ត អភិបាល/អភិបាលរងក្រុង/ស្រុកទាំង៧ ព្រមទាំងកីឡាករ កីឡាការីនីជាច្រើនកុះករ។
មានប្រសាសន៍ នាឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា ៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នីតិកាលទី ៧ ក្រោមការដឹករបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពិសេសក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការប្តេជ្ញាចិត្តខ្ពស់ និងខិតខំប្រឹងប្រែងកំណែទម្រង់គ្រប់ទិដ្ឋភាពទាំងក្នុងក្របខណ្ឌគោលនយោបាយ និងក្របខណ្ឌបច្ចេកទេស ដោយផ្អែកលើគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា ផែនការឆ្ពោះទៅមុខ ដោយផ្តោតទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធ កីឡាសម្រាប់ការហាត់ហ្វឹកហ្វឺន ការបណ្តុះបណ្តាលធនធានមនុស្សទាំងបរិមាណ និងគុណភាព និងការរៀបចំប្រកួតកីឡាគ្រប់ប្រភេទប្រកបដោយស្តង់ដាខ្ពស់ ។
ឯកឧត្តម បន្តថា ៖ ការប្រកួតកីឡាប៊ូល និងប៉េតង់នេះ ធ្វើឡើងក្នុងគោលបំណងចម្រាញ់រកកីឡាករ កីឡាការិនី ដែលមានសមត្ថភាព ជាពិសេសបានចូលរួមជួយផ្សព្វផ្សាយជូនដល់ប្រជាជនយើងឲ្យស្រលាញ់វិស័យកីឡាប៊ូល និងប៉េតង់ ដើម្បីសាងមិត្ដភាព សាមគ្គីភាព សុវត្ថិភាព និងសន្តិភាពក្នុងតំបន់ ក៏ដូចជាប្រទេសជាតិ មានការរីកចម្រើនតទៅមុខទៀត។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ដ ក៏បានផ្ដាំផ្ញើដល់ប្អូនៗក្មួយៗ ក្រុមកីឡាករកីឡាការនី កំពុងនៅសិក្សាទាំងអស់ ត្រូវខិតខំរៀនសូត្រ ជាពិសេសគួរយកពេលវេលាលេងកីឡា ប្រសើរជាងយកពេលវេលាទៅប្រើប្រាស់អ្វីដែរមិនបានត្រឹមត្រូវ ឬប្រព្រឹត្តអបាយមុខផ្សេងៗ ដែលបង្កឲ្យមានផលប៉ះពាលដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។
ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់គណៈកម្មការរៀបចំការប្រកួតប៊ូល និងប៉េតង់ គ្រូបង្វិក និងក្រុមកីឡាករទាំងអស់ ដែលបានចូលរួមប្រកួតក្នុងពិធីនេះ ព្រមទាំងបានជម្រុញ ឲ្យកម្មវិធីនេះ ឈានចូលដល់ការប្រកួតផ្តាច់ព្រ័ត្រដោយជោគជ័យ ។
បើតាមលោក ផាត សុខសាន្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ៖ ការប្រកួតកីឡាប៊ូលនិងប៉េតង់នេះ មានក្រុមចំនួន៤០ ក្នុងនោះមានកីឡាករ/កីឡាការិនីចំនួន១៤៩នាក់ គ្រូបង្វឹកចំនួន៤០នាក់ និង មានវិញ្ញាសារចំនួន៤ គឺ៖ វិញ្ញាសារ បុរស/នារី ២ទល់២ និង វិញ្ញាសារបុរស/នារី ៣ទល់៣ ដែលប្រព្រឹត្តរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥។ លោក បន្តថា ៖ ជាលទ្ធផលនៃការប្រកួតរយៈពេល៣ថ្ងៃ រួមមាន ៖ ចំណាត់ថ្នាក់លេខ១ វិញ្ញាសារបុរស ២ទល់២ បានទៅលើក្រុមកីឡាករ ក្លិបហ្លួងព្រះស្ដេចកន A និង វិញ្ញាសារនារី ២ទល់២ បានទៅលើក្រុមកីឡាការិនី វិទ្យាល័យសម្ដេចម៉ែ ក្នុងមួយក្រុមៗ ទទួលបាន ពាន១ ទង់អនុស្សាវរីយ៍១ ខោអាវ០៣កំប្លេរ ថវិកាចំនួន៥០ម៉ឺនរៀល ក្នុងនោះ ចំណាត់ថ្នាក់លេខ២ និងលេខ៣ ទទួលបាន ពាន១ ទង់អនុស្សាវរីយ៍១ ខោអាវ០៣កំប្លេរ ថវិកា។
ដោយឡែក វិញ្ញាសារបុរស ៣ទល់៣ បានទៅលើក្រុមកីឡាករ វិទ្យាល័យ ហ៊ុន សែន ត្រពាំងឬស្សី និងវិញ្ញាសារនារី ៣ទល់៣ បានទៅលើក្រុមកីឡាការិនី ក្រុងសួង ក្នុងមួយក្រុមៗ ទទួលបាន ពាន១ ទង់អនុស្សាវរីយ៍១ ខោអាវ០៤កំប្លេរ ថវិកាចំនួន៦០ម៉ឺនរៀល ក្នុងនោះ ចំណាត់ថ្នាក់លេខ២ និងលេខ៣ ទទួលបាន ពាន១ ទង់អនុស្សាវរីយ៍១ ខោអាវ០៤កំប្លេរ ថវិកាផងដែរ៕