ក្រុមនារីភ្នំពេញក្រោនឈ្នះជើងលីគនារីកម្ពុជា រដូវកាល ២០២៤-២០២៥

ភ្នំពេញ៖ នៅ​ទីបំផុត ក្រុមបាល់ទាត់​នារី​ភ្នំពេញ​ក្រោ​ន​បាន​ឈ្នះ​ជើងឯក​លី​គ​នារី​កម្ពុជា រដូវ​កាល ២០២៤-២០២៥ បន្ទាប់​ពី​បាន​យកឈ្នះ​ក្រុម​វិសាខា នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដោយ​លទ្ធផល​បច្ចេកទេស ២-០ នៅ​ទីលាន​មជ្ឈមណ្ឌល​កីឡា​កង​យោធពលខេមរភូមិន្ទ (​ស្តា​ត​ចាស់​) កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២៥​។

នេះ​ជា​ការ​គ្រង​ជើងឯក​លើក​ទី​២​របស់​ក្រុ​នារី​ភ្នំពេញ​ក្រោ​ន​ជា​លើក​ទី​២ បន្ទាប់​ពី​ធ្លាប់​ឈ្នះ​ជើងឯក លើក​ទី​១ កាលពី​រដូវ​កាល ២០២១-២០២២​។ ក្រុម​ភ្នំពេញ​ក្រោ​ន​បាន​បញ្ចប់​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ទាំង​ពីរ​ជុំ ស្មើនឹង​១៨​ប្រកួត ដោយ​ឈ្នះ​១៦​ប្រកួត ស្មើ​១ និង​ចាញ់​១ មាន​៤៩​ពិន្ទុ ហើយ​ឈរ​រង់ចាំ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ខណៈ​វិសាខា បញ្ចប់​១៨​ប្រកួត ឈ្នះ​១៤ ស្មើ​២ និង​ចាញ់​២ មាន​៤៤​ពិន្ទុ ហើយ​ឈរ​រង់ចាំ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ហើយ​វិសាខា​បាន​យកឈ្នះ​ណា​ហ្គា​វើ​ល​ដ៍ ៤-៣ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ក្រុម​វិសាខា​បាន​ឡើង​មក​ប្រកួត​ជាមួយ​ភ្នំពេញ​ក្រោ​ន នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ហើយ​ភ្នំពេញ​ក្រោ​ន​បាន​យកឈ្នះ ២-០ ដើម្បី​គ្រង​ម្ចាស់​ជើងឯក​រដូវ​កាល ២០២៤-២០២៥ នេះ​តែ​ម្តង​។

ចំពោះ​ក្រុម​វិសាខា ទទួល​បាន​ចំណាត់ថ្នាក់​ថ្នាក់​លេខ​២ ខណៈ​ក្រុម​ណា​ហ្គា​វើ​ល​ដ៍ ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៣ និង​ជា​ក្រុម Fair Play​។ ចំពោះ​ជ័យ​លា​ភី​ឯកត្តជន រួម​មាន​៖ អ្នកគ្រូ ម៉ៅ សា​វិ​ន គ្រូបង្វឹក​ក្រុម​ភ្នំពេញ​ក្រោ​ន ឈ្នះ​ពានរង្វាន់​គ្រូបង្វឹក​ល្អ​ជាងគេ​, កីឡាការិនី សឹម មៃ​សំ របស់​វិសាខា ឈ្នះ​ពាន​កីឡាការិនី​ល្អ​ជាងគេ និង​ឈ្នះ​ពានរង្វាន់​ទាត់​ប​ញ្ជូ​ល​ទី​ច្រើន​ជាងគេ​, កីឡាការិនី ជា ហ្វា​រី​យ៉ា របស់​ភ្នំពេញ​ក្រោ​ន ឈ្នះ​ពាន​អ្នកចាំទី​ល្អ​ជាងគេ​។ ពិធី​បិទ​ការ​ប្រកួត និង​បំពាក់​មេដាយ ពានរង្វាន់​ទទួល​បាន​កិត្តិយស​ពី​ឯកឧត្តម ខៀវ សា​ម៉េ​ត អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា តំណាង​ដ៏​ខ្ពស់​ខ្ពស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC)​។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​កីឡាបាល់ទាត់​លី​គ​នារី​កម្ពុជា (Cambodian Women League) រដូវ​កាល ២០២៤-២០២៥ មាន​១០​ចូលរួម​ប្រជែង​ជើងឯក ដោយ​ដំណើរការ​ប្រកួត​ពី​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២៤ ដល់​ថ្ងៃ​ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២៥ ដែល​ប្រកួត​លក្ខណៈ​ក្នុង​ដី និង​ក្រៅ​ដី​ចំនួន​២​ជើង ដោយ​មាន​១៨​ស​ប្តា​ហ៍​។ គួរ​រម្លឹក​ថា ក្រោយ​បញ្ចប់​២​ជើង គឺ​៤​ក្រុម​លើ​កំពូល​តារាង ត្រូវ​ប្រជែង​គ្នា​ដើម្បី​ស្វែងរក​ជើងឯក ក្នុង​នោះ​ក្រុម​ចំណាត់ថ្នាក់​លេខ​៣ ត្រូវ​ជួប​ក្រុម​លេខ​៤ ដែល​មាន​ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង ប៉ះ​ណា​ហ្គា​វើ​ល​ដ៍ ខណៈ​ក្រុម​លេខ​២ (​វិសាខា ឈរ​រង់ចាំ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ក្រុម​លេខ​១ (​ភ្នំពេញ​ក្រោ​ន​) ឈរ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​៕

Previous articleនាយកក្លឹប Juventus បង្ហាញបំណង់ចង់ផ្ទេរយក Kolo Muani ជាអចិន្ត្រៃយ៍
Next articleRobert Lewandowski នឹងបន្តស្នាក់នៅជាមួយក្លឹប Barca មួយរដូវកាលបន្ថែមទៀត