ភ្នំពេញ៖ ក្រុមណាហ្គាវើលដ៍បានក្លាយជាក្រុមទី៥ បានកក់កៅអីឡើងវគ្គ១/៤ ឬវគ្គ៨ក្រុមចុងក្រោយផ្តាច់ព្រ័ត្រ បន្ទាប់ពីបានយកឈ្នះក្រុមក្រសួងមហាផ្ទៃ សរុបលទ្ធផលទាំងពីរជើង ៣-២ ខណៈក្រុមអាយ អេស អាយ ដង្កោសែនជ័យបានឈ្នះក្រុមមន្ទីរអប់រំខេត្តត្បូងឃ្មុំ ៣-០ (ជើងទី១) នៃការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៨ រដូវកាល ២០២៤-២០២៥។
នៅក្នុងជំនួបពីរប្រកួតវគ្គ១៦ក្រុមថ្នាក់ជាតិនេះបានធ្វើឡើង កាលពីល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយក្រុមណាហ្គាវើលដ៍បានឈ្នះក្រុមក្រសួងមហាផ្ទៃ ដែលកំពុងឈរជើងក្នុងក្របខណ្ឌខេមបូឌានព្រីមមៀរលីគ ២០២៤-២០២៥ ដូចគ្នា ក្នុងលទ្ធផលបច្ចេកទេស ២-២ ក្នុងជំនួបជើងទី២ កាត់សេចក្តីកាលពីល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ សរុបលទ្ធផលទាំងពីរជើង ណាហ្គាវើលដ៍ បានឈ្នះក្រសួងមហាផ្ទៃ ៣-២។ ក្នុងជំនួបជើងទី២នេះ ក្រុមម្ចាស់ផ្ទះ ណាហ្គាវើលដ៍ ធ្វើសម្រេចបាន២គ្រាប់ដោយកីឡាករ អ៊ីម សំអូន នៅនាទី៦ និងដោយកីឡាករ Hugo Kametani នៅនាទី២៩ ខណៈ២គ្រាប់តាមស្មើរបស់ក្រសួងមហាផ្ទៃ រកបានដោយកីឡាករ សាន បូរ៉ា នៅនាទី៨ និងដោយកីឡាករ ម៉ុន រ៉ាដូ នៅនាទី៧៩។ ដូច្នេះ តាមរយៈជ័យជម្នះ ក្រុមណាហ្គាវើល បានឡើងទៅវគ្គ៨ក្រុមចុងក្រោយថ្នាក់ជាតិ ក្នុងចំណោម៤ក្រុមទៀត ដែលបានរកឃើញរួចហើយកាលពីសប្តាហ៍មុនៗ ដូចជាក្រុម បឹងកេត ភ្នំពេញក្រោន ទ័ព និងវិសាខា។
ដោយឡែក១ប្រកួតទៀត ក្រុមអាយ អេស អាយ ដង្កោសែនជ័យ ដែលបានយកឈ្នះក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បួងឃ្មុំ ធ្វើសម្រេចដោយកីឡាករ ចាន់ សីលា នៅនាទី ៤៥បូក២ កីឡាករ យ៉ា ម៉ាត់ នៅនាទី ៦៧ និងកីឡាករ កែវ សារ៉ាត់ នៅនាទី ៧៦។ ក្រុមទាំងពីរនឹងត្រូវប្រកួតកាត់សេចក្តីជើងទី២ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយក្រុមអាយ អេស អាយ ដង្កោសែនជ័យទទួលរៀបចំធ្វើម្ចាស់ផ្ទះម្តង នៅកីឡដ្ឋាន AIA KMH Park។
ដោយឡែក២ប្រកួតទៀត វគ្គ១៦ក្រុមថ្នាក់ជាតិ ជើងទី២ ដើម្បីស្វែងរក២ក្រុមឡើងវគ្គ៨ក្រុមចុងក្រោយថ្នាក់ជាតិ រួមមាន៖ ក្រុមព្រះខ័នរាជស្វាយរៀង ប៉ះក្រុមសមាគមកីឡាខេត្តកែប ខណៈក្រុមឡាយហ្វ ខេត្តព្រះសីហនុ ប៉ះ គិរីវង់សុខសែនជ័យ ដោយពីរប្រកួតនេះនឹងធ្វើឡើងនាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។ គួររម្លឹកថា កាលពីជើងទី១ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ក្រុមម្ចាស់ផ្ទះ សមាគមកីឡាខេត្តកែប បានប្រកួតចាញ់ក្រុមព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ០-៩ ខណៈម្ចាស់ផ្ទះ គិរីវង់សុខសែនជ័យ បានយកឈ្នះ ក្រុមឡាយហ្វខេត្តព្រះសីហនុ ដោយលទ្ធផល ២-០ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។
ជាការកត់សម្គាល់ ៣ក្រុមដែលមានប្រៀបខ្លាំង ក្នុងការកក់កៅអីឡើងវគ្គ៨ក្រុមចុងក្រោយ រួមមាន៖ ព្រះខ័នរាជស្វាយរៀង, អាយ អេស អាយ ដង្កោសែនជ័យ និងគិរីវង់សុខសែនជ័យ ដោយក្រុមទាំង៣នឹងត្រូវកាត់សេចក្តី ក្នុងប្រកួតជើងទី២ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ដូចៗគ្នា៕