ប្រធានសហព័ន្ធគុនខ្មែរ ដាក់គោលដៅចេញទៅប្រកួតផ្សព្វផ្សាយក្បាច់គុន មរតកដូនតាខ្មែរឱ្យបាន១០ប្រទេស ក្នុង១ឆ្នាំ និង១០០ប្រទេស ក្នុង១០ឆ្នាំ

ភ្នំពេញ៖ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឯកឧត្តម ខូវ ឆាយ បានបង្ហាញនូវចក្ខុវិស័យវែងឆ្ងាយ ក្នុងការពង្រឹងគុណភាពរបស់វិស័យកីឡាប្រដាល់គុនខ្មែរឱ្យមានធនធានសម្បូរបែបប្រកបដោយគុណភាពខ្ពស់ៗ ដើម្បីឱ្យមានឱកាសចេញទៅប្រកួតផ្សព្វផ្សាយនូវក្បាច់គុនអត្តសញ្ញាញជាតិខ្មែរ ដែលជាមរតកដូនតាខ្មែឬឱ្យបាន ១០ប្រទេស ក្នុង១ឆ្នាំ នោះក្នុងរយៈពេល ១០ឆ្នាំ នឹងស្មើនឹង១០០ប្រទេស។

ការបង្ហាញចក្ខុវិស័យ និងការដាក់ផែនការប្រកបដោយភាពជឿជាក់ ក្នុងឆន្ទៈដ៏មោះមុតរបស់ឯកឧត្តមប្រធាន ខូវ ឆាវ ត្រូវបានធ្វើឡើង នៅក្នុងឱកាសសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅអគារដ្ឋបាលមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ស្តីពីការរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤។

ឯកឧត្តម ខូវ ឆាយ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា ៖«ខ្ញុំតែងតែជម្រាបជូនថា ប្រភេទកីឡាប្រដាល់គុនខ្មែរ គឺជាកីឡាអត្តសញ្ញាណជាតិ ហើយកម្ពុជាគឺជាម្ចាស់ក្បាច់គុនមរតកដូនតាខ្មែរ។ ដូច្នេះ ក្នុងនាមយើងជាអ្នកស្នងមរតកក្បាច់គុនដូនតាខ្មែរ មានភារកិច្ចមិនត្រឹមតែដឹកនាំការប្រកួត ដណ្តើមមេដាយ ខ្សែក្រវាត់ជូនជាតិប៉ុណ្ណោះទេ ប៉ុន្តែយើងមានភារកិច្ចចម្បងមួយទៀត ក្នុងការផ្សព្វផ្សាយក្បាច់គុនមរតកដូនតាខ្មែរ ដើម្បីឱ្យពិភពលោកបានស្គាល់ថាតើក្បាច់គុនរបស់ខ្មែរមានភាពអស្ចារ្យបែបណា»។

ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរគូសបញ្ជាក់បែបនេះទៀតថា ៖«ទាំងនេះ គឺជាកាតព្វកិច្ចដ៏ចម្បងរបស់យើងទាំងអស់គ្នា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ និងក្នុងនាមសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលជាអ្នកទទួលខុសត្រូវធំបំផុត ក្នុងការអភិរក្ស និងអភិវឌ្ឍវិស័យកីឡាប្រដាល់គុនខ្មែរ ទាំងក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងក្នុងសកលលោក។ ក្នុងអាណត្តិថ្មីទី៨ ឆ្នាំ២០២៥-២០២៩ គណៈកម្មាធិការប្រតិបត្តិនៃសហព័ន្ធកំពុងរៀបចំផែនការចេញទៅប្រកួតផ្សព្វផ្សាយនៅកាន់ឆាកអន្តរជាតិ ក្នុង១ឆ្នាំ យ៉ាងតិច ក៏១០ប្រទេសដែរ ហើយក្នុងរយៈពេល ១០ឆ្នាំ យើងអាចចេញទៅផ្សព្វផ្សាយ ១០០ប្រទេសហើយ»។

«ដូច្នេះតាមរយៈផែនការនេះ ក្នុងរយៈពេលអនាគតខាងមុខ វិស័យកីឡាប្រដាល់គុនខ្មែរនឹងអាចទៅដល់គ្រប់ទិសទី នៅក្នុងពិភពលោក ហើយប្រទេសទាំងនោះ ដែលកម្ពុជាបានទៅដល់នឹងបានស្គាល់ពីកម្ពុជាយើងជាក់ជាមិនខាន ដោយមិនត្រឹមស្គាល់ប្រភេទកីឡាប្រដាល់គុនខ្មែរប៉ុណ្ណោះទេ ប៉ុន្តែពួកគេអាចនឹងស្វែងយល់អំពីប្រាសាទអង្គរវត្ត ដែលជាអច្ឆរិយៈវត្ថុលើលោក សម្បត្តិវប្បធម៌ធម្មជាតិនានា តំបន់ទេសចរណ៍ធម្មជាតិ-ប្រវត្តិសាស្ត្រជាច្រើន រួមជាមួយនឹងប្រជាជនខ្មែរប្រកបដោយស្នាមញញឹមរួសរាយរាក់ទាក់ សីលធម៌ ប្រពៃណីវប្បធម៌ ទំនៀមទម្លាប់ដ៏ល្អផូរផង់ផងដែរ»។ ឯកឧត្តម ខូវ ឆាយ បានបន្ថែម។

សង្កត់ធ្ងន់បន្ថែមពីលើនេ ឯកឧត្តមបន្ថែមថា ទាំងអស់នេះ គឺជាចំណុចទាក់ទាញរបស់កម្ពុជានៅលើពិភពលោកឱ្យងាកមកស្រឡាញ់រាប់អាន ប្រទេសជាតិ និងប្រជាជនរបស់យើង ដើម្បីលើកតម្កើងសេដ្ឋកិច្ចជាតិ ជីវភាពរបស់ប្រជាជនយើង។ នេះជាផែនការរបស់សហព័ន្ធប្រដាល់គុនខ្មែរ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយកិត្តិយស កិត្តិសព្ទជាតិខ្មែរ តាមរយៈវិស័យកីឡាប្រដាល់គុនខ្មែរ។ «ក្នុងឱកាសនេះ យើងខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ គ្រប់ស្រទាប់វណ្ណៈ គ្រប់ទិសទី ទាំងក្នុង និងក្រៅប្រទេសទាំងអស់សូមចូលរួមជាចលនាគាំទ្រដល់វិស័យកីឡាប្រដាល់គុនខ្មែរ ដើម្បីល្បីរន្ទឺនៅលើពិភពលោក ដែលជាមោទកភាពជាតិខ្មែរយើងទាំងមូល»។

ជាមួយគ្នានេះ ប្រធានសហព័ន្ធរូបនេះក៏បានថ្លែងអំណរគុណដល់អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនវឌ្ឍនៈប្រ៊ូវើរី ដែលតែងតែឧបត្ថម្ភគាំទ្រកីឡាប្រដាល់គុនខ្មែរជើងឯកថ្នាក់ជាតិ និងប្រដាល់គុនខ្មែរក្នុងព្រឹត្តិការណ៍កីឡាជាតិ ក៏ដូចជាផែនការគាំទ្រដល់ដំណើរការនាំកីឡាករ កីឡាការិនីប្រដាល់គុនខ្មែរចេញទៅប្រកួតផ្សព្វផ្សាយក្បាច់គុនបុរាណខ្មែរមួយនេះនៅក្រៅប្រទេសជាច្រើនទៀត ដូចជានៅបណ្តាប្រទេសនានា ក្នុងទ្វីបអឺរ៉ុប អាមេរិកជាដើម។ នាខែមេសាឆ្នាំ២០២៥ខាងមុខនេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរនឹងចេញទៅផ្សព្វផ្សាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរ។

គួរបញ្ជាក់ថា បន្ទាប់ពីបញ្ចប់សន្និសីទសារព័ត៌មាននេះ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក៏បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មី សម្រាប់អាណត្តិទី៨ ឆ្នាំ២០២៥-២០២៩ ជាលើកដំបូង។ ជាលទ្ធផលនៃកិច្ចប្រជុំសម្រេចបាន ទី១.អង្គប្រជុំសម្រេចជាឯកច្ឆន្ទតែងតាំងឧត្តមសេនីយ៍ត្រី សៀន សុភក្រ្ត ជាអគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់គុនខ្មែរសម្រាប់អាណត្តិទី៨នេះ។ ទី២.បែងចែកតួនាទីភារកិច្ចជូនសមាជិកគណកម្មាធិការប្រតិបត្តិ។ ទី៣.ការងារត្រៀមរៀបចំការប្រកួតកីឡាប្រដាល់ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ និងទី៤បញ្ហាផ្សេងៗ៕

Previous articleប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ គូសបញ្ជាក់ថា ជើងឯកថ្នាក់ជាតិកីឡាប្រដាល់គុនខ្មែរ ប្រចាំឆ្នាំ២០២៤ គឺជាការផលិតធនធានថ្នាលយុវជនឱ្យកាន់តែសម្បូរបែប និងគុណភាព
Next articleក្លឹបមួយនៅបារាំងកំពុងតែល្បូងកីឡាករ Konate អោយធ្វើការផ្ទេរ