ភ្នំពេញ៖ ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នឹងមានអ្នកអញ្ជើញទៅទស្សនាដោយផ្ទាល់ប្រមាណ៣ម៉ឺននាក់ នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ខាង មុខនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ នេះបើតាមការបញ្ជាក់ពីឯកឧត្ដម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការរៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ឯកឧត្ដម សុខ ពេញវុធ បានលើកឡើងក្នុងកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃនេះ ថា៖ យើងបានធ្វើឡើងចំនួន៣លើកមកហើយ ដើម្បីឱ្យស្ថាប័នពាក់ព័ន្ធត្រៀមលក្ខណៈបានគ្រប់ជ្រុងជ្រោយទាំងការរក្សាសន្តិសុខ សុវត្ថិភាព ទាំងការរៀបចំទីតាំងសំរាប់អ្នកចូលរួមទស្សនាជាដើម។ ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃនេះ នឹងមានអ្នកអញ្ជើញទៅទស្សនាដោយផ្ទាល់ប្រមាណ៣ម៉ឺននាក់ ដោយមានទាំងអ្នកដែលចាត់តាំងឱ្យទៅចូលរួមទស្សនា និងអ្នកចូលទៅទស្សនាដោយសេរី ក្រោមការសម្របសម្រួលពីក្រុមការងាររៀបចំព្រឹត្តិការណ៍នេះ។ ការប្រកួតកីឡាបាល់ទាត់កម្ពុជា-ថៃនេះ ជាការប្រកួតមិត្តភាព ដែលមានកីឡាករ និងតារាល្បីៗរបស់ថៃ និងកីឡាករ និងតារាល្បីៗរបស់កម្ពុជាមកចូលរួមជាកីឡាករជាច្រើននាក់ ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាពកាន់តែល្អប្រសើរបន្ថែមទៀត។
សម្រាប់ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្ដមរដ្ឋមន្រ្តីក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ នឹងអញ្ជើញចូលរួមជាសហអធិបតី ដោយមានការផ្សាយផ្ទាល់ពីទូរទស្សន៍បាយ័ន និងទូរទស្សន៍របស់ថៃ កាច់បន្តផ្សាយផ្ទាល់ពីទូរទស្សន៍បាយ័នផងដែរ ដើម្បីឱ្យប្រជាពលរដ្ឋថៃបានទស្សនាព្រមៗគ្នា ជាមួយប្រជាពលរដ្ឋកម្ពុជាដែរ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលរៀបចំឡើងដោយសហព័ន្ធប្រដាល់គុនខ្មែរ មាន២ប្រកួតនោះគឺ៖ ក្រុមបាល់ទាត់តារាកម្ពុជាប្រកួតជាមួយក្រុមបាល់ទាត់តារាថៃ និងក្រុមបាល់ទាត់គុនខ្មែរប្រកួតជាមួយក្រុមបាល់ទាត់ MUAYTHAI៕