កីឡាហែលទឹក ជើងឯកយុវជនព្រឹទ្ធាចារ្យ ហែម ថុន ជាការស្វែងរកធនធានស្របតាមចក្ខុវិស័យឆ្ពោះទៅធ្វើម្ចាស់ផ្ទះ យុវជនអាស៊ី ២០២៩

ភ្នំពេញ៖ ការ​ប្រកួត​កីឡាហែលទឹក និង​ហែល​ទឹក​ពាក់​ជើង​ទា ជ្រើសរើស​ជើងឯក​យុវជន ព្រឹទ្ធាចារ្យ ហែម ថុ​ន លើក​ទី​៧ ឆ្នាំ​២០២៤ គ្រោង​នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៥ នៅ​អាង​ហែល​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ដោយ​សហព័ន្ធ​ផ្តោត​លើ​គោលបំណង​សំខាន់​ៗ ក្នុង​នោះ​គឺ​ការ​ស្វែងរក​ធនធាន​គុណភាព​ខ្ពស់ ស្រប​តាម​ចក្ខុវិស័យ ត្រៀម​ឆ្ពោះទៅ​ធ្វើ​ម្ចាស់ផ្ទះ ការ​ប្រកួត​កីឡា​យុវជន​អាស៊ី ឆ្នាំ​២០២៩​។

លោក ហែម គី​រី អគ្គលេខាធិការ សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​បាន​គូសបញ្ជាក់​ថា តាម​ពិត ការ​ប្រកួត​នេះ​ត្រូវ​រៀបចំ​ជា​រៀង​រាល់​ឆ្នាំ ប៉ុន្តែ​ដោយសារ​តែ​ឆ្នាំ​កន្លង​មក​មានការ​អាក់ខាន​។ ដូច្នេះ​នៅ​ឆ្នាំ​២០២៥​នេះ យើង​ត្រៀម​រៀបចំ​ការ​ប្រកួត​ឡើង​វិញ ដែល​ធ្វើ​ឡើង​ក្នុង​គោលបំណង​សំខាន់​ៗ​មួយ​ចំនួន ដូច​ជា​ការ​រម្លឹក​នូវ​ស្នាដៃ និង​លទ្ធផល​ការងារ​របស់​លោក​ព្រឹទ្ធាចារ្យ ហែម ថុ​ន ដែល​ជា​ការ​រម្លឹក​នូវ​គុណូបការៈ ដែល​លោក​បាន​លះបង់​សម្រាប់​វិស័យ​កីឡាហែលទឹក​កម្ពុជា​។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​បាន​ជំរុញ​គាំទ្រ​ឱ្យ​រៀបចំ និង​ដាក់​ឈ្មោះ​នូវ​ការ​ប្រកួត​នេះ ជា​ការ​ប្រកួត​ជើងឯក​យុវជន ព្រឹទ្ធាចារ្យ ហែម ថុ​ន​។

ចំណុច​ទី​២ តាម​រយៈ​ព្រឹត្តិការណ៍​ប្រកួត​នេះ គឺ​ផ្តោត​សំខាន់​ក្នុង​ការ​ផ្តល់​ឱកាស​ជូន​ដល់​កុមា​រា កុមារី យុវជន យុវនារី តាម​កម្រិត​អាយុ​នីមួយ​ៗ ឱ្យ​បាន​ចូលរួម​ប្រកួតប្រជែង​គ្នា ក្នុង​កម្រិត​អាយុ​ឱ្យ​បាន​ច្រើន ក៏​ដូច​ជា​បាន​វាស់​ស្ទង់​កម្រិត​សមត្ថភាព​របស់​កីឡាករ កីឡាការិនី​វ័យក្មេង​ៗ ដោយ​មិន​ត្រឹមតែ​ផ្តល់​ឱកាស​ដល់​កុមារ យុវជន​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អនុញ្ញាត​ឱ្យ​មានការ​ចូលរួម​ពី​កុមារ យុវជន​ជា​ជនជាតិ​បរទេស​រស់នៅ​កម្ពុជា​ដូច​ៗ​គ្នា​ផង​ដែរ​។

ចំណុច​សំខាន់​មួយទៀត ត្រូវ​បាន​លោក​អគ្គលេខាធិការ ហែម គី​រី គូសបញ្ជាក់​បន្ថែម​ថា យើង​ដឹង​ហើយ​ថា ចក្ខុវិស័យ​របស់​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក គឺ​កំពុង​ត្រៀមខ្លួន​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ការ​ប្រកួត​កីឡា​យុវជន​អាស៊ី លើក​ទី​៥ (Asian Youth Games) នា​ឆ្នាំ​២០២៩​។ ដូច្នេះ សហព័ន្ធ​ក៏​កំពុង​ផ្តោត​លើ​ការ​វាស់​ស្ទង់​សមត្ថភាព​និង​ទាញ​យក​ធនធាន​កីឡាករ កីឡាការិនី ក្នុង​កម្រិត​យុវជន​របស់​យើង ដើម្បី​ផ្តោត​ទៅ​លើ​ការ​ត្រៀម​ឆ្ពោះទៅ កីឡា​យុវជន​អាស៊ី នា​ឆ្នាំ​២០២៩​ផង​ដែរ​។ កីឡាករ កីឡាការិនី​វ័យក្មេង​ៗ ដែល​មាន​កម្រិត​គុណភាព​ខ្ពស់ សហព័ន្ធ​នឹង​ពិនិត្យ​លើ​ការ​ហ្វឹកហាត់ ក្នុង​ក្រុម​ជម្រើសជាតិ ឬ​ត្រូវ​ជ្រើសរើស​ពង្រឹង​បន្ថែម​ទៅ​លើ​របស់​ពួក​គាត់​ជា​បន្តបន្ទាប់​ទៀត​។ ការ​ប្រកួត​កម្រិត​កុមារ យុវ​ជ​នេះ យើង​ចង់ឱ្យ​មានការ​ចូលរួម​ឱ្យ​បាន​ច្រើន និង​បង្ក​ភាព​សប្បាយ​រីករាយ​សម្រាប់​ពួក​គាត់​ឱ្យ​បាន​ញឹកញាប់​។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​កីឡាហែលទឹក និង​ហែល​ទឹក​ពាក់​ជើង​ទា ជ្រើសរើស​ជើងឯក​យុវជន​ព្រឹទ្ធាចារ្យ ហែម​ថុ​ន លើក​ទី​៧ នឹង​ធ្វើ​ឡើង នៅ​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៥ ដែល​មាន​៦​កម្រិត​អាយុ រួម​មាន​៖ កុមា​រា កុមារី អាយុ ០៧​ឆ្នាំ​-០៨​ឆ្នាំ​, កុមា​រា កុមារី អាយុ​០៩​ឆ្នាំ​-១០​ឆ្នាំ​, កុមា​រា កុមារី អាយុ​១១​ឆ្នាំ​-១២​ឆ្នាំ​, យុវជន យុវនារី អាយុ​១៣-១៤​ឆ្នាំ និង​យុវជន យុវនារី អាយុ​១៥-១៦​ឆ្នាំ (​សរុប ១៦​វិញ្ញាសា​)​។ រីឯ​សម្រាប់​ប្រភេទ​កីឡា ហែល​ទឹក​ពាក់​ជើង​ទា (Fin Swimming) គឺ​កំណត់​អាយុ​ច្រើន​បំផុត​ត្រឹម ១៤​ឆ្នាំ (​សរុប ២​វិញ្ញាសា​)​។ ការ​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៥ ទើប​បិទ​បញ្ជី ហើយ​កីឡាករ កីឡាការិនី​ម្នាក់​ៗ​មាន​សិទ្ធិ​ចូលរួម​ប្រកួត​ទៅ​តាម​កម្រិត​អាយុ ដោយ​មិន​កំណត់​ចំនួន​វិញ្ញាសា​នោះ​ទេ​។ ចំពោះ​សមាគម ក្លឹ​ប​ហែល​ទឹក និង​គ្រឹះស្ថានសិក្សា​អាច​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​បាន​ដោយ​សេរី​៕

Previous articleប្រធានក្លឹប Santos រំពឹង Neymar នឹងស្នាក់នៅជាមួយក្លឹបដល់ World Cup ២០២៦
Next articleEnzo Maresca ចេញមកបញ្ជាក់អំពីអនាគតរបស់ Cole Palmer