ភ្នំពេញ៖ លោក KOJI GYOTOKU ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា-FFC តែងតាំងជាគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ ជាផ្លូវការ ដែលកុងត្រារបស់លោកមានរយៈពេល ១ឆ្នាំ។
គ្រូបង្គោលជនជាតិជប៉ុនរូបនេះត្រូវបានតែងតាំងជាគ្រូបង្គោលបណ្ដោះអាសន្ន កាលខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពី FFC បានចែកផ្លូវជាមួយលោក Felix Dalmas គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជាជាជនជាតិអាហ្សង់ទីន បន្ទាប់ពីដឹកនាំក្រុមជម្រើសជាតិកម្ពុជាមិនសូវទទួលបានលទ្ធផលល្អ។
ការប្រកួត៧លើកដំបូងរបស់លោក Koji ក្រុមជម្រើសជាតិកម្ពុជាឈ្នះ២ ស្មើ១ និងចាញ់៤។ ការដឹកនាំប្រកួតដំបូងរបស់គ្រូបង្វឹកវ័យ៦០ឆ្នាំ ក្នុងនាមជាគ្រូបង្គោលផ្លូវការ គឺត្រូវដឹកនាំក្រុមកម្ពុជាទៅប្រកួតមិត្តភាពអន្តរជាតិជាមួយម្ចាស់ផ្ទះវៀតណាម ថ្ងៃទី១៩ ខែមីនា ២០២៥ និងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នឹងត្រូវប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិអារូបា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
មុនមកដល់កម្ពុជា លោក KOJI GYOTOKU ធ្លាប់ធ្លាប់មានជីវប្រវត្តិជាច្រើន ក្នុងបាល់ទាត់ ដូចជាធ្លាប់ជាកីឡាករក្នុងក្រុមអាល្លឺម៉ង់ Werder Bremen អំឡុងទសវត្សរ៍ ឆ្នាំ១៩៨០។ ធ្លាប់បានកាន់ការងារជាគ្រូបង្គោលក្នុងក្រុមមួយចំនួននៅជប៉ុន ថៃ និងធ្លាប់ជាគ្រូបង្គោលជម្រើសជាតិ ប៊ូតាន់ និងនេប៉ាល់។ ឆ្នាំ២០១៩ លោកត្រូវបានតែងតាំងជាគ្រូបង្គោលក្រុមយុវជនអាយុក្រោម១៨ឆ្នាំសាលាបាល់ទាត់ជាតិបាទី និងក្រុមកីឡាករជម្រើសជាតិកម្ពុជាអាយុក្រោម១៨ឆ្នាំ។ ឆ្នាំ២០១៩ ក្រុមជម្រើសជាតិយុវជនអាយុក្រោម១៨ឆ្នាំកម្ពុជាបានយកឈ្នះ U18 ថៃ ៤-៣ និង U18 វៀតណាម ២-១ ក្នុងពានរង្វាន់ AFF U18 Championship នៅប្រទេសវៀតណាម។ មិនតែប៉ុណ្ណោះ ក្នុងឆ្នាំ២០១៩ ដដែល ក្រុមយុវជនអាយុក្រោម១៩ឆ្នាំ បានឡើងទៅវគ្គចែកពូលនៃពានវង្វាន់ AFC U19 ASIAN CUP ក្នុងនាមជាក្រុមលេខពីរល្អ៕