ភ្នំពេញ៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាលបានដំណើរការប្រកួតកីឡាសិស្សបឋមសិក្សា ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៥ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះលើប្រភេទកីឡាបាល់ទះមុនគេ នៅវិទ្យាល័យហ៊ុន សែន សេរីភាព ទីក្រុងតាខ្មៅ ខេត្តកណ្តាលជាមួយនឹងការចុះឈ្មោះចូលរួមយ៉ាងផុសផុលគួរឱ្យកត់សម្គាល់។
លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានគូសបញ្ជាក់ថា ការប្រកួតកីឡាសិស្សបឋមសិក្សា ជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ២០២៥នេះមានសិស្សានុសិស្សជាកីឡាករកីឡាការិនីចូលរួមប្រកួតសរុប ៥៧៤នាក់ (កីឡាការិនី ២១៥នាក់) ដោយប្រកួតលើ៥ប្រភេទកីឡា ដូចជា បាល់ទាត់ បាល់បោះ បាល់ទះ ប៊ូលនិងប៉េតង់ និងអត្តពលិកកម្ម។ តាមរយៈការចូលរួមយ៉ាងផុសផុសឆ្នាំ២០២៥នេះ លោក ពៅ វណ្ណា បានបង្ហាញនូវជំនឿចិត្តយ៉ាងមុតមាំថា ខេត្តកណ្តាលនឹងចម្រាញ់បានធនធានកីឡាករ កីឡាការិនីវ័យក្មេងៗឆ្នើមៗ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេដាយ ក្នុងព្រឹត្តិការណ៍កីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ នាខែឧសភា ២០២៥ ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា។
លោក ពៅ វណ្ណា សង្ឃឹមថា មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាលនឹងអាចការពារដំណែងចំណាត់ថ្នាក់លេខ២ ក្នុងចំណោម២៥រាជធានី-ខេត្ត ក្នុងការប្រកួតសិស្សបឋមសិក្សាថ្នាក់ជាតិផងដែរ ខណៈឆ្នាំ២០២៥នេះ ការប្រកួតថ្នាក់ខេត្តខេត្តកណ្តាលទទួលបានការជួយឧបត្ថម្ភគាំទ្រពីអ្នកឧកញ៉ា សំអាង វឌ្ឍនៈ ឧបត្ថម្ភផ្នែកសម្លៀកបំពាក់ ថវិកា និងភេសជ្ជៈ លោកបានចាត់ទុកថា នេះជាសកម្មភាពមួយដែលរួមចំណែកក្នុងការអភិវឌ្ឍនិងលើកកម្ពស់ជួយដល់វិស័យកីឡា ក្នុងខេត្តឱ្យកាន់តែរីកចម្រើនផងដែរ។
ប្រធានការិយាល័យកីឡារូបនេះបានគូសបញ្ជាក់ថា ការប្រកួតជ្រើសរើសជើងឯកសិស្សបឋមសិក្សារយៈពេល៧ថ្ងៃនេះ ប្រើប្រាស់ថវិកាផ្ទាល់របស់មន្ទីអប់រំ យុវជន និងកីឡាខេត្តកណ្តាល ដើម្បីចម្រាញ់ជ្រើសរើសកីឡាករកីឡាការិនីសិស្សបឋមសិក្សាឆ្នើមៗ តាមប្រភេទកីឡានីមួយៗមកហ្វឹកហាត់តំណាងខេត្តកណ្តាល ត្រៀមចូលរួមប្រកួតប្រជែង ការប្រកួតកីឡាជ្រើសរើសជើងឯកទូទាំងប្រទេស ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា នៅរាជធានីភ្នំពេញ ដោយក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំលើ១៣ប្រភេទកីឡា។
គួរបញ្ជាក់ថា ការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកទូទាំងប្រទេស ប្រចាំឆ្នាំ២០២៤ កន្លងទៅ ខេត្តកណ្តាល ដណ្តើមបានចំណាត់លេខ២ ឈ្នះមេដាយសរុប ១៦គ្រឿង (មេដាយមាស៥ ប្រាក់៣ និងសំរឹទ្ធ ៨) ហើយលោកបន្ថែមថា លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល និងរូបលោកផ្ទាល់ ក្នុងនាមជាអ្នកទទួលបន្ទុកការិយាល័យជំនាញកីឡានេះនឹងបន្តកិច្ចខិតខំប្រឹងប្រែងឱ្យការប្រកួតថ្នាក់ជាតិឱ្យទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសគឺអាចការពារបានដំណែងឈរនៅលេខ២ ក្នុងចំណោម២៥រាជធានី-ខេត្តឱ្យនៅដដែល៕