ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសជូនដំណឹងស្ដីពីការផ្លាស់ប្ដូរសមាសភាពកីឡាករជម្រើសជាតិកម្ពុជា នេតូ រ៉ុនដុន ជំនួសដោយកីឡាករ ខូលីបាលី អាប់ឌែល ដើម្បីចូលរួមក្នុងក្រុម ASEAN ALL-STARS ត្រៀមប្រកួតមិត្តភាពសប្បុរសធម៌អន្តរជាតិតតាំងនឹងក្រុម MANCHESTER UNITED ដែលជាក្លឹបលំដាប់កំពូលមួយនៃក្របខណ្ឌលីគកំពូលចក្រភពអង់គ្លេស នាថ្ងៃ២៨ ខែឧសភា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។
មូលហេតុសំខាន់ដែលនាំឱ្យមានការផ្លាស់ប្តូរកីឡាករជម្រើសជាតិកម្ពុជា ដែលជាកីឡាករចូលសញ្ជាតិខ្មែរ (ម្នាក់ ក្នុងចំណោម២នាក់) ត្រូវបាន FFC គូសបញ្ជាក់ថា ផ្អែកលើការទំនាក់ទំនងផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) ដែលទទួលបានពីគណៈកម្មការវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) កីឡាករ នេតូ រ៉ុនដុន មិនអាចចូលរួមតំណាងឱ្យជម្រើសជាតិកម្ពុជា សម្រាប់ការប្រកួតមិត្តភាពសប្បុរសធម៌អន្តរជាតិជាមួយនឹងក្លឹបបាល់ទាត់ MANCHESTER UNITED នៅពេលខាងមុខបានទេ ដោយសារតែបញ្ហាព្យួរដោយស្វ័យប្រវត្តិពីបទវិន័យចែងក្នុងច្បាប់របស់ FIFA ដោយជាប់កាតក្រហមពីប្រកួតមិត្តភាពអន្តរជាតិកម្ពុជា ជាមួយក្រុមជម្រើសជាតិ អារ៉ូបា កាលពីថ្ងៃ២៥ ខែមីនា ឆ្នាំ២០២៥ កន្លងទៅ។
FFC បន្ថែមថា បន្ទាប់ពីបានទទួលព័ត៌មាននេះ លោកគ្រូបង្គោល Kim Sang-Sik បានដាក់សំណើរសារជាថ្មី តាមរយៈសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) ដោយស្នើសុំធ្វើការផ្លាស់ប្តូរកីឡាករ នេតូ រ៉ុនឌុន ដោយជ្រើសរើសយកកីឡាករ ខូលីបាលី អាប់ឌែល ជំនួសវិញ។ ដូច្នេះ កីឡាករជម្រើសជាតិកម្ពុជា២នាក់ ដែលត្រូវចូលរួមជាមួយក្រុម ASEAN ALL-STARS គឺកីឡាករចូលសញ្ជាតិខ្មែរ កីឡាករ កាន់ ម៉ូ និងខូលីបាលី អាប់ឌែល។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបញ្ជាក់ថា ការជ្រើសរើសកីឡាករ គឺជាការសម្រេចចិត្តរបស់គ្រូបង្គោលអាស៊ានអលស្តារ (ASEAN All-STARS) លោក Kim Sang-Sik ដែលកម្ពុជាទទួលបានកូតាកីឡាករ ២រូប ចំណែកប្រទេសមួយចំនួនទទួលបានកូតាតែ ១រូបប៉ុណ្ណោះ។ នេះជាជំហានថ្មីមួយទៀត ដែលកីឡាករចូលសញ្ជាតិខ្មែរ២រូបរបស់កម្ពុជាត្រូវបានអាស៊ានជ្រើសរើសចូលរួមជាមួយក្រុមបាល់ទាត់អាស៊ាន ក្រោមការរៀបចំរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន-AFF ស្ដីពីការប្រកួតអន្តរជាតិរវាង ASEAN ALL-STARS ជាមួយក្លឹបបាល់ទាត់ MANCHESTER UNITED FC ដែលជាក្លឹបបាល់ទាត់លំដាប់កំពូលមួយ នៅចក្រភពអង់គ្លេស។
គួរបញ្ជាក់ថា បច្ចុប្បន្ន វិស័យកីឡាបាល់ទាត់កម្ពុជាមានកីឡាករបរទេសចូលសញ្ជាតិខ្មែរចំនួន ៥រូប គឺកីឡាករ យូដាយ អូហ្គាវ៉ា (ជប៉ុន) កាន់ ម៉ូ (អាហ្វ្រិកខាងត្បូង) នីអេតូ រ៉ុនដុន (កូឡុំប៊ី) តាកាគោ អូសិ (ជប៉ុន) គូលីបាលី (កូតឌីវ័រ) ដែលពួកគេកំពុងប្រកបអាជីពបាល់ទាត់ នៅតាមបណ្តាក្លឹបនានាដែលកំពុងប្រកួតប្រជែង ក្នុងក្របខណ្ឌបាល់ទាត់ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ៕