ចំបាប់កម្ពុជាឈ្នះមេដាយមាស១ ប្រាក់២ សំរឹទ្ធ២បន្ថែម សរុប៨គ្រឿង ក្នុងជើងឯកអាស៊ីអាគ្នេយ៍ នៅសិង្ហបុរី

សិង្ហ​បុរី​៖ កីឡាករ​ចំបាប់​ជម្រើសជាតិ​កម្ពុជា ហេង វុ​ទ្ធី ដណ្តើម​បាន​មេដាយមាស​១​គ្រឿង ស្រប​ពេល​ដែល​កីឡាករ​-​កីឡាការិនី​កម្ពុ​ជាមួយ​ចំនួន​ទៀត​ដណ្តើម​បាន​មេដាយ​ប្រាក់ ២ គ្រឿង និង​មេដាយ​សំរឹទ្ធ ២​គ្រឿង​បន្ថែម សរុប​៨​គ្រឿង នៅ​ក្នុង​ការ​ប្រកួត​កីឡា​ចំបាប់ ជើងឯក​អាស៊ី​អាគ្នេយ៍ ឆ្នាំ​២០២៥ (The 2025 Southeast Asian Wrestling Championship) ពី​ថ្ងៃ​ទី​១០-១២ ខែឧសភា ឆ្នាំ​២០២៥ នៅ​ប្រទេស​សិង្ហ​បុរី​។

លោក កាង ដែន​ពិសិដ្ឋ គ្រូបង្វឹក​ជម្រើសជាតិ​បាន​គូសបញ្ជាក់​មក​ថា កីឡាករ​កម្ពុជា ហេង វុ​ទ្ធី ដែល​ឈ្នះ​មេដាយមាស​១​គ្រឿង​នេះ គឺ​ប្រកួត​លើ​វិញ្ញាសា Freestyle ប្រភេទ​ទម្ងន់​ក្រោម ៩២ គីឡូក្រាម ខណៈ​កីឡាករ​កម្ពុជា ហេង រត្ត​ថា ដណ្តើម​បាន​មេដាយ​ប្រាក់​១​។ ចំពោះ​វិញ្ញាសា Freestyle ប្រភេទ​ទម្ងន់​ក្រោម ៧៩ គីឡូក្រាម គឺ​កីឡាករ​អូស្ត្រាលី Baahes Didar ដណ្តើម​បាន​មេដាយមាស កីឡាករ​កម្ពុជា កែវ សុ​ភ័​ក្ត ទទួល​បាន​មេដាយ​ប្រាក់ និង​កីឡាករ​អូស្ត្រាលី Sheng Zhang​។ សម្រាប់​វិញ្ញាសា​ក្រិ​ច​កូ​រ៉ូ​ម៉ាំង ប្រភេទ​ទម្ងន់​ក្រោម ៨២ គីឡូក្រាម គឺ​កីឡាករ​វៀតណាម The Hoang Anh Nguyen ដណ្តើម​បាន​មេដាយមាស កីឡាករ​កីឡាករ​អូស្ត្រាលី Baahes Didar ដណ្តើម​បាន​មេដាយ​ប្រាក់ និង​កីឡាករ​កម្ពុជា កែវ សុ​ភ័​ក្ត ទទួល​បាន​មេដាយ​សំរឹទ្ធ​។

ចំពោះ​វិញ្ញាសា Freestyle ទម្ងន់​ក្រោម ៧២ គីឡូក្រាម គឺ​កីឡាការិនី​វៀតណាម Thi Ninh to ដណ្តើម​បាន​មេដាយមាស កីឡាការិនី​តៃវ៉ាន់ Yan Ju Jiang ដណ្តើម​បាន​មេដាយ​ប្រាក់ និង​កីឡាការិនី​កម្ពុជា ជា កញ្ញា ទទួល​បាន​មេដាយ​សំរឹទ្ធ​។ នេះ​ជា​ការ​មេដាយ​៥​គ្រឿង​បន្ថែម ដែល​ដ​ណ្តើ​បាន​កាលពី​ថ្ងៃ​ទី​១២ ខែឧសភា ដោយ​ចំនួន​មេដាយ​នេះ​បង្កើត​ឱ្យ​កម្ពុជា​ដណ្តើម​បាន​មេដាយ​សរុប​ចំនួន​៨​គ្រឿង​។

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​កីឡា​ចំបាប់​ជើងឯក​អាស៊ី​អាគ្នេយ៍ ប្រចាំឆ្នាំ​២០២៥ នៅ​ប្រទេស​សិង្ហ​បុរី សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​បាន​បញ្ជូន​អាជ្ញាកណ្តាល​អន្តរជាតិ​របស់​កម្ពុជា គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ចំបាប់​ចំនួន ១៧ នាក់ ដែល​កញ្ញា កាង ណុ​ចប​វរ ទទួល​បន្ទ​ក​ប្រធាន​ប្រតិភូ លោក នុ​ត សេរីរដ្ឋ អាជ្ញាកណ្តាល​អន្តរជាតិ លោក កាង ដែន​ពិសិដ្ឋ គ្រូបង្វឹក​ជម្រើសជាតិ លោក នុ​ត សុ​ផាល​គ្រូ​ជំនួយ​ជម្រើសជាតិ និង​លោកស្រី ចូ​វ សុធា​រ៉ា គ្រូ​ជំនួយ​ជម្រើសជាតិ​។ បេសកកម្ម​អន្តរជាតិ​របស់​កម្ពុ​ជានា​ពេល​នេះ​ទទួល​បានការ​ឧបត្ថម្ភ​គាំទ្រ​ពី​លោក ខេ​ស៊ី បា​ណេ​ត អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា និង​ជានា​យក​វិទ្យាស្ថាន​ខេ​ម​អេ​ដ ដោយ​លោក ខេ​ស៊ី បា​ណេ​ត បាន​ដាក់​គោលដៅ​ឱ្យ​ការ​ចូលរួម​ប្រកួត​របស់​អត្ត​ព​លិ​ក​ចំបាប់​កម្ពុជា ក្នុង​ជើងឯក​អាស៊ី​គ្នេ​យ៍​នេះ ក្រៅពី​ការ​ប្រជែង​មេដាយ​ជូន​ជាតិ ក៏​ជា​ការ​ដក​ពិសោធន៍ និង​បង្កើន​គុណភាព​បច្ចេកទេស​ត្រៀម​ឆ្ពោះទៅ​ចូលរួម​ប្រកួតប្រជែង ស៊ី​ហ្គេ​ម លើក​ទី​៣៣ នៅ​ប្រទេស​ថៃ នា​ខែធ្នូ ឆ្នាំ​២០២៥​ខាង​មុខ​៕

Previous articleបំប៉នជំនាញកីឡាហាប់គីដូដល់មន្រ្តីនគរបាលជាតិ នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
Next articleMan City និង Bayer Leverkusen បាននិយាយព្រមព្រៀងគ្នាសម្រាប់ការផ្ទេរ Florian Wirtz