ភ្នំពេញ៖ មន្ត្រីនគរបាលជាតិមកពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិចំនួន២៥រូបត្រូវបំពាក់បំប៉នកីឡាហាប់គីដូបន្ថែមនូវចំណេះជំនាញ ដើម្បីជាប្រយោជន៍ សម្រាប់បំពេញការងារបង្ក្រាបបទល្មើស និងចាប់ខ្លួនជនសង្ស័យ។
វគ្គបណ្តុះបណ្តាលហ្វឹកហាត់ក្បាច់គុនកីឡាហាប់គីដូនេះបានធ្វើឡើងនៅមជ្ឈមណ្ឌលកីឡាក្រុមប្រឹក្សាក្រសួងមហាផ្ទៃ ចុងសប្តាហ៍នេះ ក្រោមវត្តមាន លោក គួច ហុងជៀក ប្រធានស្ដីទីសហព័ន្ធខ្មែរកីឡាហាប់គីដូ និងលោក ឧត្តមសេនីយ៍ទោ ហេង សំណាង អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាតំណាងលោកឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោក ឧត្តមសេនីយ៍ទោ ហេង សំណាង បានបញ្ជាក់ថា ការហ្វឹកហាត់ក្បាច់គុនកីឡាហាប់គីដូបានផ្តល់សារៈប្រយោជន៍ដល់សិក្ខាកាមនូវចំណេះជំនាញក្បាច់គុនការពារខ្លួន និងសុខភាពមាំមួនផងដែរ។ នេះក៏ជាការចូលរួមលើកកម្ពស់សមត្ថភាពបន្ថែមជូនមន្ត្រីកងម្លាំងនគរបាលជាតិក្នុងការបំពេញកិច្ចការបង្ក្រាបបទល្មើស និងចាប់ខ្លួនជនសង្ស័យឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ព្រមទាំងបានការពារខ្លួនអំពីការប្រឆាំងតបតពីជនសង្ស័យប្រកបដោយសុវត្ថិភាពនិងត្រឹមត្រូវ។ នេះជាការយកចិត្តទុកដាក់ខ្ពស់អំពីថ្នាក់ដឹកនាំក្រសួង អគ្គស្នងការដ្ឋានគរបាលជាតិ និងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាពីសុខទុក្ខរបស់មន្ត្រីជំនាញពេលចុះបំពេញបេសកម្មដោយការពារបាននូវហានិភ័យផ្សេងៗពេលដែលអាចកើតឡើងជាយថាហេតុ។ ជាមួយគ្នានោះ លោក ឧត្តមសេនីយ៍ទោ ហេង សំណាង បានក្រើនរំលឹកដល់សិក្ខាកាម សូមយកចិត្តទុកដាក់និងគោរពឱ្យបាននូវវិន័យនិងសេចក្តីថ្លៃថ្នូរក្នុងពេលហ្វឹកហាត់ ធ្វើយ៉ាងណាឱ្យទទួលបានចំណេះជំនាញទៅអនុវត្តប្រកដដោយប្រសិទ្ធិភាពទុកជាទន់ដើម្បីការពារខ្លួន និងសុវត្ថិភាពផ្ទាល់ខ្លួនពេលចុះអនុវត្តការងារជូនអង្គភាព។
លោក គួច ហុងជៀក បានបង្ហាញមោទនភាពដែលសហព័ន្ធខ្មែរកីឡាហាប់គីដូត្រូវបានអគ្គស្នងការដ្ឋានគរបាលជាតិផ្តល់ទំនុកចិត្ត ក្នុងការជ្រើសរើសយកកីឡាហាប់គីដូ ជាក្បាច់គុនក្នុងការបណ្តុះបណ្តាលកងកម្លាំងនគរបាលជាតិ។ លោកបន្ថែមថា ចំណេះជំនាញនៅក្នុងនាយកដ្ឋានក្នុងការចុះបំពេញការងារ គឺមានហើយ ប៉ុន្តែយើងខ្វះនូវវិជ្ជាគុនការពារខ្លួនឯង យើងប្រៀបបានធ្លាក់ចូលអន្លង់មួយ ដែលយើងមិនអាចលោតចេញមកក្រៅបាន។ ចឹងនៅពេលដែលយើងចុះបង្ក្រាបមុខសញ្ញាផ្សេងៗមិនប្រាកដថា មុខសញ្ញាជនសង្ស័យនោះប្រគល់ខ្លួន និងសហការជាមួយយើងដើម្បីចាប់ខ្លួននោះទេ។ ដូច្នេះ កីឡាក្បាច់គុនហាប់គីដូនេះ វាបានបង្កលក្ខណៈងាយស្រួយក្នុងការចាប់ក្លេក្រៀកជនសង្ស័យបានយ៉ាងងាយ។ ក្នុងនាមប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ លោកសំណូមពរឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ក្រេបជញ្ជាក់ចំណេះដឹងក្បាច់គុនឱ្យបានល្អប្រសើរ។
គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលហ្វឹកហាត់កីឡាហាប់គីដូ ដែលរៀបចំដោយសហព័ន្ធខ្មែរកីឡាហាប់គីដូនេះ មានសិក្ខាកាម២៥រូបបញ្ជូនមកពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលនិងត្រូវហ្វឹកហាត់ជាមួយគ្រូជំនាញរបស់សហព័ន្ធចំនួន២០ម៉ោង ប្រមាណ៤សប្តាហ៍រៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ៕