លោក ឡេង តុង ចូលរួមរត់ម៉ារ៉ាតុងនៅអាមេរិក ជាការរំលេចអត្តសញ្ញាណកីឡារបស់កម្ពុជាទៅកាន់ពិភពលោក

អាមេរិក៖ ថ្មី​ៗ​នេះ លោក ឡេ​ង តុង អ្នក​រត់​ចម្ងាយ​ឆ្ងាយ​មួយ​រូប​នៅ​កម្ពុជា បាន​បង្ហាញខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​រត់​ម៉ា​រ៉ា​តុង​អន្តរជាតិ Cincinnati Flying Pig Marathon លើក​ទី​២៧ នៅ​រដ្ឋ​អូ​ហៃ​យ៉ូ សហរដ្ឋអាមេរិក ដែល​មាន​អត្ត​ព​លិ​ក​កីឡាករ​កីឡាការិនី​មក​ពី​ជុំវិញ​ពិភពលោក​ជាង​៣​ម៉ឺន​នាក់​។

ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​រៀបចំ​ដោយ​សហរដ្ឋអាមេរិក​នេះ​មាន​វិញ្ញាសា​រត់​ចម្ងាយ​៣​គីឡូម៉ែត្រ ៥​គីឡូម៉ែត្រ ១០​គីឡូម៉ែត្រ ២១​គីឡូម៉ែត្រ និង​វិញ្ញាសា​រត់​ច​ម្ងា​ច​៤២​គីឡូម៉ែត្រ​។ ក្នុង​ចំណោម​ចំនួន​៥​ខាងលើ​នេះ លោក ឡេ​ង តុង បាន​ជ្រើសរើស​វិញ្ញាសា​រត់​ចម្ងាយ​៤២​គីឡូម៉ែត្រ ដោយ​លោក​ជាប់​លេខ​រៀង​ទី ១២៤២ ចំណោម​អ្នកចូលរួម​រត់​៥៦២៧​នាក់ ប្រើ​ថិរៈវេលា​រត់ ៣​ម៉ោង​៥៤​នាទី និង​២០​វិនាទី​។

ការ​បង្ហាញ​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នៅ​អន្តរជាតិ​នេះ លោក​បាន​រត់​ដោយ​លើក​បង្ហាញ​ទង់ជាតិ​កម្ពុជា ដែល​បាន​បង្ហាញ​ប្រជាជន​លើ​ពិភពលោក អំពី​អត្តសញ្ញាណ​ជាតិខ្មែរ​។ ជា​ជំហាន​បន្ទាប់​ទៀត លោក ឡេ​ង តុង គ្រោង​នឹង​ចូលរួម​រត់​នៅ​ក្នុង​ព្រឹត្តិការណ៍​រត់​ម៉ា​រ៉ា​តុង​ដ៏​ធំ​នៅ​ទីក្រុង​បែរ​ឡាំង​ង ប្រទេស​អា​ល្លឺ​ម៉​ង់ ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២១ ខែ កញ្ញា អម​ជាមួយ​កីឡាករ​កម្ពុជា​៦​រូប​ផ្សេង​ទៀត​ផង​ដែរ​។

លោក ឡេ​ង តុង អ្នក​រត់​ដ៏​សកម្ម​នៅ​កម្ពុជា​រូប​នេះ បាន​គូសបញ្ជាក់​ថា ហេតុផល​ដែល​នាំ​ឱ្យ​លោក​ជា​ជនជាតិ​ខ្មែរ ចុះ​ឈ្មោះ​ចូលរួម​រត់​នៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នៅ​សហរដ្ឋ​អា​មេ​រិ​នេះ ដោយ​លោក​ចង់​បង្ហាញ​ពិភពលោក​ថា នៅ​កម្ពុជា​ក៏​មាន​វិស័យ​កីឡា​រីក​ចម្រើន ជាក់ស្តែង​ដូច​ជា​កីឡា​រត់​នេះ​ជាដើម​។ គួរ​ឱ្យ​ដឹង​ដែរ​ថា លោក ឡេ​ង តុង ជា​អ្នក​ស្រឡាញ់​កីឡា​រត់​មួយ​រូប​នៅ​កម្ពុជា ស្ទើរតែ​គ្រប់​ព្រឹត្តិការណ៍​រត់​ដើម្បី​សប្បុរសធម៌ លោក​តែងតែ​ចូលរួម​មិន​ដែល​ខាន​ឡើយ​។ ជាមួយ​គ្នា​នោះ ភាគច្រើន​លោក​រត់​លើ​វិញ្ញាសា​១០​គីឡូម៉ែត្រ ២១​គីឡូម៉ែត្រ និង​វិញ្ញាសា​រត់​៤២​គីឡូម៉ែត្រ ហើយ​ថ្មី​ៗ​នេះ លោក​ក៏​បាន​បំបែក​កំណត់​ត្រា​ខ្លួនឯង​លើ​វិញ្ញាសា​រត់​ចម្ងាយ​២១ និង​៤២​កី​ឡូ​ម៉ែត្រ​នៅ​កម្ពុជា​៕

Previous articleខ្សែប្រយុទ្ធ Liam Delap នឹងផ្ទេរមកកាន់ Old Trafford ក្នុងលក្ខខណ្ឌតែមួយប៉ុណ្ណោះ
Next articleបំប៉នជំនាញកីឡាហាប់គីដូដល់មន្រ្តីនគរបាលជាតិ នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា