ប្រធានថ្មី សហព័ន្ធកីឡាសីដក់ និងសីមេលោងកម្ពុជាប្តេជ្ញាអភិវឌ្ឍន៍សម្រាប់អាណត្តិថ្មី

ភ្នំពេញ៖ ឯកឧត្តម សុខ យ៉ា​និមល ប្រធាន​សហព័ន្ធ​កីឡា​សីដក់ និង​សីមេលោង​កម្ពុជា សម្រាប់​អាណត្តិ​ទី​៨ (​ឆ្នាំ​២០២៤-២០២៨) បាន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​បន្ត​ដឹកនាំ​សហព័ន្ធ​ជំនាញ​កីឡា​មួយ​នេះ​ឱ្យ​បន្ត​ការ​អភិវឌ្ឍ​កាន់តែ​រីក​ចម្រើន និង​ដណ្តើម​បាន​មេដាយ​ជូន​ជាតិ​ពី​ការ​ប្រកួត​អន្តរជាតិ​នានា នា​ពេល​ខាង​មុខជា​បន្តបន្ទាប់​។

ការ​ប្តេជ្ញា​ចិត្ត​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ឱកាស​សន្និបាត​បញ្ចប់​អាណត្តិ​ចាស់ និង​បន្ត​អាណត្តិ​ថ្មី​របស់​សហព័ន្ធ​កីឡា​សីដក់ និង​សីមេលោង​កម្ពុជា កាលពី​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៥ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​។

ឯកឧត្តម សុខ យ៉ា​និមល បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ ឯកឧត្តម​បណ្ឌិត មាស សា​រិ​ន អតីត​ប្រធាន​សហព័ន្ធ​កីឡា​សីដក់ និង​ស៊ី​មេលោង​កម្ពុជា ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ​យក​អស់កម្លាំង​កាយ​ចិត្ត​ដឹកនាំ​សហព័ន្ធ​កីឡា​មួយ​នេះ​ឱ្យ​ទទួល​បាន​នូវ​ភាព​ជោគជ័យ​គួរ​ជាទី​មោ​ទ​នៈ​។ ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម​បណ្ឌិត មាស សា​រិ​ន អតីត ប្រធាន​សហព័ន្ធ​បាន​ធ្វើ​ឱ្យ​ប្រភេទ​កីឡា​សីដក់ និង​សីមេលោង​កម្ពុជា មាន​កិត្តិនាម​ល្បី​រន្ទឺ​ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​លើ​ឆាក​អន្តរជាតិ​។

ប្រធាន​សហព័ន្ធ​អាណត្តិ​ថ្មី​ប្តេជ្ញា​បែប​នេះ​ថា ៖«​ខ្ញុំ​សូម​បន្ត​នូវ​មាគ៌ា​ដឹកនាំ​ដ៏​ល្អ​ផូរផង់​របស់​ឯកឧត្តម​បណ្ឌិត មាស សា​រិ​ន អតីត​ប្រធាន​សហព័ន្ធ​កីឡា​សីដក់ និង​ស៊ី​មេលោង​កម្ពុជា​។ បញ្ចេញ​អស់កម្លាំង​កាយ​ចិត្ត​នូវ​ស្មារតី​មោះមុត ក្នុង​ការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ប្រភេទ​កីឡា​សីដក់ និង​សីមេលោង​ឱ្យ​កាន់តែ​ល្បីល្បាញ​ទាំង​ក្នុង​ប្រទេស តំបន់ និង​លើ​ឆាក​អន្តរជាតិ​។ ខំប្រឹង​ដឹកនាំ​សហព័ន្ធ​កីឡា​សីដក់ និង​សីមេលោង​កម្ពុជា ប្រកបដោយ​សុភ​វិនិច្ឆ័យ តម្លាភាព និង​គណនេយ្យ​ភាព​។ ស្វះស្វែង និង​កៀរគរ​រក​ថវិកា ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័​ន្ត សម្រាប់​ការ​បម្រើ​ដល់​ការងារ​រដ្ឋបាល ការ​ហ្វឹកហាត់ និង​ការ​ប្រកួត​។ សម្រេច​ឱ្យ​បាន​នូវ​ទិស​ដៅ និង​ផែនការ​យុទ្ធសាស្ត្រ​របស់​សហព័ន្ធ សម្រាប់​អាណត្តិ​ថ្មី​របស់ខ្ញុំ​។ រៀបចំ​ផែនការ​យុទ្ធសាស្ត្រ ត្រៀម​រៀបចំ​ការ​ប្រកួត ទាំង​កម្រិត​ជាតិ និង​អន្តរជាតិ​។ បន្ត​ទំនាក់ទំនង​ល្អ​ជាមួយនឹង​សហព័ន្ធ​កីឡា​សីដក់ និង​សីមេលោង​អន្តរជាតិ ប្រទេស​ក្នុង​តំបន់ និង​ជុំវិញ​ពិភពលោក ដែល​មាន​សក្តានុពល​លើ​វិស័យ​កីឡា​មួយ​នេះ ដើម្បី​ឱ្យ​សហព័ន្ធ​បាន​ទទួល​ការ​ចែករំលែក បណ្តុះបណ្តាល ឬ​ចេញ​ទៅ​បោះជុំរុំ ហ្វឹកហាត់​ដល់​កីឡាករ​-​កីឡាការិនី​»​។

បន្ថែម​ពីលើ​នេះ ឯកឧត្តម សុខ យ៉ា​និមល បាន​បង្ហាញ​ក្តី​សង្ឃឹម​យ៉ាង​មុតមាំ​ថា ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា នៃ​សហព័ន្ធ​កីឡា​សីដក់ និង​សីមេលោង​កម្ពុជា​នឹង​បន្ត​ជួយ​ជ្រោមជ្រែង​ផ្តល់​ជា​មតិយោបល់ ក្នុង​ន័យ​ស្ថាបនា​តម្រង់​ទិស ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ឯកឧត្តម​មាន​លទ្ធភាព​គ្រប់គ្រាន់ ក្នុង​ការ​ដឹកនាំ សហព័ន្ធ​កីឡា​មួយ​នេះ​ឱ្យ​កាន់តែ​ទទួល​បាន​ជោគជ័យ និង​មាន​កិត្តិនាម​ល្បី​រន្ទឺ​បន្ត​ទៅ​ទៀត ទាំង​នៅ​ក្នុង​តំបន់ និង​នៅ ទូ​ទាំង​សកលលោក​។

គួរ​បញ្ជាក់​ជូន​ថា សម្រាប់​សមាជិក​ថ្មី អាណត្តិ​ទី​៨ ឆ្នាំ​២០២៤-២០២៨ មាន​សមាសភាព​គណៈកម្មាធិការ​ប្រតិបត្តិ​សរុប​ចំនួន​១៧​រូប ដែល​ដឹកនាំ​ដោយ​ឯកឧត្តម សុខ យ៉ា​និមល ជា​ប្រធាន អម​ដោយ​អនុប្រធាន​៤​រូប គឺ​លោក លោក ឯម ហៀ​ង លោក មាស សា​រ៉េ​ត លោក វ៉ា គ្រី និង​កញ្ញា មាស តឿ​។ ចំពោះ​កញ្ញា សួង ចាន់​តូ​រ៉ា​ទី អគ្គលេខាធិការ និង​លោក ប្រាក់ សិរិ​វឌ្ឍនៈ អគ្គលេខាធិការ​រង រីឯ​កញ្ញា គួ​យ ស៊ីវ​ឡេ​ង អគ្គ​ហេ​រញ្ញឹក​។ ចំពោះ​សមាជិក​មាន​ចំនួន​៩​រូប រួម​មាន​៖ លោក ពៅ វ​ណ្ណា លោក អ៊ឹ​ង ណា​រិ​ទ្ធ លោក ហ៊ុត វិ​ប៊ែ​រ លោក គង់ សុភាព លោក ជាតិ ខេមរា កញ្ញា ឯម សុ​វត្ថា​វី កញ្ញា តាំង គឹ​ម​ហៀ​ង លោក គឹ​ម សិរិ​មង្គល និង​លោក វ៉ា គី​ម​លាង​។ អាណត្តិ​ថ្មី​នេះ ក៏​មាន​ប្រធាន​-​អនុប្រធាន​កិត្តិយស​ជួយ​គាំទ្រ​ដល់​ដំណើរការ​អភិវឌ្ឍ​របស់​ខ្លួន​ចំនួន​៦​រូប​ផង​ដែរ ក្នុង​នោះ​ឯកឧត្តម​បណ្ឌិត មាស សា​រិ​ន ជា​ប្រធានកិត្តិយស​សហព័ន្ធ អម​ដោយ​អនុប្រធាន​កិត្តិយស​៤​រូប​ផង​ដែរ​៕

Previous articleMan City នឹងដាក់សំណើរផ្ទេរកីឡាករសំខាន់ម្នាក់ពី AC Milan នៅសប្តាហ៍ខាងមុខ
Next articleម្ចាស់មេដាយមាសជើងឯកអាស៊ីអាគ្នេយ៍ចាត់ទុកជាបទពិសោធដ៏សំខាន់ ក្នុងការត្រៀមឆ្ពោះទៅប្រជែងមេដាយ ស៊ីហ្គេម ២០២៥