ភ្នំពេញ៖ កីឡាករចំបាប់ជម្រើសជាតិកម្ពុជា ហេង វុទ្ធី ដែលឈ្នះមេដាយមាស ក្នុងការប្រកួតកីឡាចំបាប់ជើងឯកអាស៊ី នៅប្រទេសសិង្ហបុរី ថ្ងៃទី១០-១២ ខែឧសភា ឆ្នាំ២០២៥ (Southeast Asian & Invitation Championship 2025) បានចាត់ទុកថា ការប្រកួតនេះពិបាកបន្តិច ប៉ុន្តែវាជាបទពិសោធដ៏សំខាន់មួយ ក្នុងការត្រៀមឆ្ពោទៅចូលរួមប្រកួតប្រជែងមេដាយជូនជាតិម្តងទៀត ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នាខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសថៃ។
នេះជាការលើកឡើងរបស់ម្ចាស់មេដាយមាសតែមួយកត់របស់កម្ពុជា គឺកីឡាករ ហេង វុទ្ធី នៅក្នុងឱកាសវិលត្រឡប់មកកាន់មាតុប្រទេសវិញ កាលពីល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ជម្រើសជាតិកីឡាចំបាប់ ហេង វុទ្ធី គូសបញ្ជាក់ថា ការដណ្តើមបានមេដាយមាសសម្រាប់ការចេញទៅប្រកួតលើកនេះពិបាកបន្តិច ប៉ុន្តែបាននូវបទពិសោធន៍ល្អៗជាច្រើន ដើម្បីឈានឆ្ពោះទៅស៊ីហ្គេមនាពេលខាងមុខ។ ការប្រកួតនេះ ថ្វីដ្បិតតែជាជើងឯកអាស៊ីអាគ្នេយ៍ក៏ពិតមែន ប៉ុន្តែមានបូកប្រទេសក្រៅតំបន់ចូលរួមប្រកួតជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជាអូស្ត្រាលី និងនូវែលសេឡង់ផងដែរ ដែលនាំឱ្យប្រភេទគីឡូខ្លះពិបាកបណ្តើមបានមេដាយ។
ជាមួយគ្នានេះ លោកស្រី ចូវ សុធារ៉ា គ្រូជំនួយក្រុមជម្រើសជាតិកីឡាចំបាប់កម្ពុជាបានឱ្យដឹងដែរថា ការចេញទៅប្រកួតនៅប្រទេសសិង្ហបុរីនេះ គឺលទ្ធផលអាចទទួលយកបាន ដោយកីឡាករ-កីឡាការិនីកម្ពុជា ក៏បានហ្វឹកហាត់ជាប្រចាំ ហើយក៏ជាសញ្ញាណមួយយ៉ាងល្អ ក្នុងការឈានឆ្ពោះទៅចូលរួមប្រកួតប្រជែងមេដាយ ក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេម នាចុងឆ្នាំ២០២៥ ដែលប្រទេសថៃទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ។
គួរបញ្ជាក់ថា បេសកកម្មអន្តរជាតិដ៏សំខាន់របស់ប្រតិភូកីឡាចំបាប់កម្ពុជា ក្នុងព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងពីថ្ងៃទី១០-១២ ខែឧសភា ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី ដោយក្រុមកីឡាករ-កីឡាការិនី កីឡាចំបាប់កម្ពុជា ដណ្តើមបានមេដាយ ៨គ្រឿង ក្នុងនោះមេដាយមាស១ ប្រាក់៣ និងសំរឹទ្ធ ៤គ្រឿង។ ក្រុមប្រតិភូអត្តពលិកកម្ពុជាមានចំនួនសរុប ១៧នាក់ទទួលបានការឧបត្ថម្ភគាំទ្រពីលោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជានាយកវិទ្យាស្ថាន ខេមអេដ ក្នុងគោលបំណងដ៏ចម្បង ក្នុងការបញ្ជូនកីឡាករ-កីឡាការិនីទៅចូលរួមប្រកួតសាកល្បង និងវាស់ស្ទង់ ដើម្បីពង្រឹងសមត្ថភាពបច្ចេកទេសឱ្យបានកាន់តែល្អប្រសើរ ក្នុងន័យត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នាខែថ្នូ ឆ្នាំ២០២៥នេះ ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះ៕