ឯកឧត្តម វ៉ាត់ ចំរើន ៖ គុណភាពបច្ចេកទេសអត្តពលិកចំបាប់កម្ពុជា ចាប់ពីស៊ីហ្គេម ២០២៣ ដល់ពេលនេះ នៅតែរក្សាបានល្អ មុនដល់ស៊ីហ្គេម ២០២៥

ភ្នំពេញ៖ ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​បាន​គូសបញ្ជាក់​ថា គុណភាព​បច្ចេកទេស​របស់​អត្ត​ព​លិ​ក​ចំបាប់​កម្ពុជា នៅ​តែ​អាច​រក្សា​បាន​ក្នុង​លក្ខណៈ​ល្អ​ប្រសើរ​ដដែល ដោយ​មិន​ថមថយ​បច្ចេកទេស​ទេ មុន​ត្រៀម​ឆ្ពោះទៅ​ចូលរួម​ប្រជែង​មេដាយ​ជូន​ជាតិ ក្នុង​ស៊ី​ហ្គេ​ម នៅ​ប្រទេស​ថៃ នា​ខែធ្នូ ឆ្នាំ​២០២៥​។

នេះ​ជា​ការ​ផ្តល់​ខ្លឹមសារ ក្នុង​បទ​សម្ភាសន៍​ដោយឡែក​មួយ​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន កាលពី​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៥ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) ស្រប​ពេល​ដែល​ក្រុម​ប្រតិភូ​អត្ត​ព​លិ​ក​កម្ពុជា ទើបនឹង​ចូលរួម​ប្រកួត​កីឡា​ចំបាប់​ជើងឯក​អាស៊ី​អាគ្នេយ៍ នៅ​ប្រទេស​សិង្ហ​បុរី ថ្ងៃ​ទី​១០-១២ ខែឧសភា ឆ្នាំ​២០២៥ (Southeast Asian & Invitation Championship 2025) ក្រោម​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ទាំងស្រុង​ពី​លោក ខេ​ស៊ី បា​ណេ​ត អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា និង​ជានា​យក​វិទ្យាស្ថាន ខេ​ម​អេ​ដ ដោយ​ទទួល​បាន​លទ្ធផល​ជា​មេដាយ​សរុប ៨​គ្រឿង​។

ឯកឧត្តម វ៉ា​ត់ ចំរើន មាន​ប្រសាសន៍​ថា ៖«​ការ​ចូលរួម​ប្រកួត​អន្តរជាតិ កម្រិត​អាស៊ី​អាគ្នេយ៍​មួយ​នេះ ក្រោម​ការ​ឧបត្ថម្ភ​ទាំងស្រុង​ពី​លោក ខេ​ស៊ី បា​ណេ​ត និង​ទទួល​បាន​ឧ​ត្ថ​ម្ភ​ជា​ប្រាក់​ហោប៉ៅ​តាម​គោលការណ៍​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ហើយ​អ្វី​ដែល​សំខាន់ ក្នុង​ការ​ប្រកួត​នេះ យើង​បាន​វាស់​ស្ទង់​សមត្ថភាព​របស់​អត្ត​ព​លិ​ក​កម្ពុជា ក៏​ដូច​ជា​បាន​មើលឃើញ​អំពី​សិទ្ធ​ផល​របស់​អត្ត​ព​លិ​ក​អាស៊ី​អាគ្នេយ៍​ផង​ដែរ​។ អ្វី​ដែល​សំខាន់ យើង​នៅ​តែ​រក្សា​បាន​នូវ​កម្រិត​បច្ចេកទេស និង​ភាព​ជឿនលឿន​ក្នុង​បច្ចេកទេស​បាន​ល្អ មាន​ន័យ​ថា ចាប់តាំងពី​ស៊ី​ហ្គេ​ម ២០២៣ ដែល​កម្ពុជា​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​នោះ គឺ​គុណភាព​បច្ចេកទេស​របស់​កីឡាករ កីឡាការិនី​ជម្រើសជាតិ​កម្ពុជា​មិន​បាន​ចុះ​ថមថយ​បច្ចេកទេស​នោះ​ទេ​។ ដូច្នេះ ពួក​គាត់​នៅ​តែ​អាច​រក្សា​បាន​នូវ​កម្រិត​បច្ចេកទេស​នេះ​បាន​ល្អ​ប្រសើរ​ដដែល​»​។

ក្នុង​នាម​ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា ឯកឧត្តម វ៉ា​ត់ ចំរើន បាន​កោតសរសើរ និង​អបអរសាទរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ការ​ហ្វឹកហាត់ និង​ប្រកួត​របស់​កីឡាករ កីឡាការិនី​កម្ពុជា​ទាំងអស់ ជា​ពិសេស​គ្រូបង្វឹក ក្រោម​ការ​គាំទ្រ​យ៉ាង​ពេល​ទំហឹង​ពី​លោក ខេ​ស៊ី បា​ណេ​ត ដែល​ដណ្តើម​បាន​នូវ​សមិទ្ធផល​ជា​មេដាយ​យក​មក​ជូន​ជាតិ​មាតុភូមិ ក្នុង​ការ​ប្រកួត​អន្តរជាតិ​ជើងឯក​កម្រិត​តំបន់​នេះ​។ ប្រធាន​សហព័ន្ធ​សង្ឃឹមថា កីឡាករ កីឡាការិនី​ចំបាប់​កម្ពុជា​នឹង​បន្ត​ស្វែងរក​លទ្ធផល​ល្អ ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣៣ ឆ្នាំ​២០២៥ ដែល​ប្រទេស​ថៃ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​។

គួរ​បញ្ជាក់​ថា ក្រុមកីឡា​ចំបាប់​ជម្រើសជាតិ​កម្ពុជា​ដណ្តើម​បាន​មេដាយ​សរុប​៨​គ្រឿង ក្នុង​ការ​ប្រកួត​កីឡា​ចំបាប់​ជើងឯក​អាស៊ី នៅ​ប្រទេស​សិង្ហ​បុរី ថ្ងៃ​ទី​១០-១២ ខែឧសភា ឆ្នាំ​២០២៥ (Southeast Asian & Invitation Championship 2025) ក្នុង​នោះ​មាន​មេដាយមាស​១​គ្រឿង ដណ្តើម​បាន​ដោយ​កីឡាករ ហេង វុ​ទ្ធី មេដាយ​ប្រាក់​៣​គ្រឿង និង​សំរឹទ្ធ​៤​គ្រឿង​។ បេសកកម្ម​នេះ​ទទួល​បានការ​ឧបត្ថម្ភ​គាំទ្រ​ទាំងស្រុង​ពី​លោក ខេ​ស៊ី បា​ណេ​ត អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា និង​ជានា​យក​វិទ្យាស្ថាន ខេ​ម​អេ​ដ​៕

Previous articleម្ចាស់មេដាយមាសជើងឯកអាស៊ីអាគ្នេយ៍ចាត់ទុកជាបទពិសោធដ៏សំខាន់ ក្នុងការត្រៀមឆ្ពោះទៅប្រជែងមេដាយ ស៊ីហ្គេម ២០២៥
Next articleMan Utd ឈានមួយជំហ៊ានទៀតក្នុងការផ្ទេរយកកីឡាករ Antoine Semenyo