ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសថា ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជានឹងត្រូវប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិនារីហ្គាំ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ដែលជំនួបមិត្តភាពនេះត្រូវបានធ្វើឡើងមុនត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះពូល G នៃពានរង្វាន់ AFC Women’s Asian Cup Australia 2026។
FFC បានឱ្យដឹងថា នេះគឺជាការប្រកួតមិត្តភាព ក្នុងដីលើកដំបូងបំផុតរបស់ក្រុមជម្រើសជាតិនារីកម្ពុជា ស្របពេលក្រុមកីឡាការិនីកម្ពុជាកំពុងត្រៀមខ្លួនប្រកួតជម្រុះ ក្នុងពានរង្វាន់បាល់ទាត់នារីជើងឯកអាស៊ី AFC Women’s Asian Cup Australia 2026 ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ដែលប្រទេសកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ សម្រាប់វគ្គជម្រុះប្រចាំពូល G ជាមួយក្រុមជម្រើសជាតិហ្វីលីពីន ហុងកុង និងជម្រើសជាតិអារ៉ាប់ប៊ីសាអូឌីត។
យ៉ាងណា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅមិនទាន់បង្ហាញពីសមាសភាពកីឡាការិនី ដែលត្រូវកោះហៅប្រមូលផ្ដុំហ្វឹកហាត់ត្រៀមការប្រកួតមិត្តភាពអន្ដរជាតិនេះ ក៏ដូចជាត្រៀមការប្រកួតផ្លូវការក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់នារីជើងឯកអាស៊ីនៅឡើយទេ។ សូមបញ្ជាក់ថា វគ្គជម្រុះពានរង្វាន់ AFC Women’s Asian Cup Australia 2026 Qualifiers ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ប្រចាំពូល G ដែលមានបេក្ខភាព ៤ក្រុម ក្នុងនោះមានក្រុមម្ចាស់ផ្ទះកម្ពុជា ហុងកុង ហ្វីលីពីន និងអារ៉ាប់ប៊ីសាអូឌីត។ នេះគឺជាសករាជថ្មីមួយ ដែលវិស័យបាល់ទាត់នារីនៅកម្ពុជា មានភាពរីកចម្រើន និងមានសកម្មភាពក្នុងការប្រកួតកម្រិតអន្ដរជាតិ ពិសេសការចូលរួមលើកដំបូងក្នុងវគ្គជម្រុះព្រឹត្តិការណ៍ប្រចាំទ្វីប ៤ឆ្នាំម្ដងនេះ៕