ភ្នំពេញ៖ ក្រុមជម្រើសជាតិវាយកូនឃ្លីលើតុកម្ពុជាកំពុងបង្កើនការហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេសយ៉ាងសកម្ម ក្នុងចំណោមប្រភេទកីឡាផ្សេងៗទៀតរបស់កម្ពុជា ដែលកំពុងត្រៀមចូលរួមប្រកួតកីឡាធំៗចំនួនពីរ គឺការប្រកួតកីឡាយុវជនអាស៊ី នាខែតុលា ឆ្នាំ២០២៥ នៅប្រទេសបារ៉ែន និងស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាខែធ្នូ ឆ្នាំ២០២៥។
លោក ហេង សុជាតិ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានឱ្យដឹងថា កីឡាករ កីឡាការិនីវាយកូនឃ្លីលើតុកម្ពុជា ដែលកំពុងប្រមូលផ្តុំហ្វឹកហាត់នេះមានចំនួន១០នាក់ ក្នុងនោះកីឡាករមាន ៦នាក់ និងកីឡាការិនី៤នាក់។ ក្នុងចំណោម១០នាក់នេះ គឺមានកីឡាករម្នាក់ និងកីឡាការិនីម្នាក់កំពុងហ្វឹកហាត់នៅសហរដ្ឋអាមេរិក ដោយសារពួកគាត់ទាំងពីរនាក់មានឈាមជ័រជាកូនខ្មែរ ហើយការចំណាយលើការហ្វឹកហាត់របស់កូនខ្មែរនៅអាមេរិកទាំងពីរនាក់នេះ គឺអាណាព្យាបាលរបស់ពួកគាត់ជាអ្នកទទួលបន្ទុករ៉ាប់រង។
សម្រាប់ការត្រៀមលក្ខណៈចូលរួមប្រកួតកីឡាយុវជនអាស៊ីនៅប្រទេសបារ៉ែន នាខែតុលា ឆ្នាំ២០២៥នេះ សហព័ន្ធមានយុវជនថ្នាល៤នាក់ ក្រោមការផ្គត់ផ្គង់របស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ហើយវិញ្ញាសាដែលក្រុមជម្រើសជាតិយុវជនកម្ពុជាត្រៀម គឺមាន៣វិញ្ញាសា ដូចជាវិញ្ញាសាឯកត្តជនបុរស-នារី និងវាយគូចម្រុះបុរស-នារី។
ដោយឡែកសម្រាប់ការត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាខែធ្នូ ឆ្នាំ២០២៥ លោក ហេង សុជាតិ សង្ឃឹមថា ក្រុមជម្រើសជាតិវាយកូនឃ្លីលើតុកម្ពុជានឹងអាចទទួលបានលទ្ធផលល្អខ្លះ បន្ទាប់ពីស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងនាមជាម្ចាស់ផ្ទះ វាយកូនឃ្លីលើតុកម្ពុជាមិនទទួលបានមេដាយនោះឡើយ ដោយលោកចាត់ទុកថា គុណភាពរបស់អត្តពលិកកម្ពុជានៅមានកម្រិត ដែលមិនទាន់អាចឈានដល់ការប្រកួតប្រជែងកម្រិតមេដាយ។
គួរបញ្ជាក់ថា ក្រុមវាយកូនឃ្លីលើតុជម្រើសជាតិកម្ពុជាមានសរុបចំនួន១២នាក់ ក្នុងនោះគ្រូបង្វឹក គ្រូជំនួយ ២នាក់ និងកីឡាករ-កីឡាការិនី១០នាក់។ ការប្រមូលផ្តុំនេះ ស្ថិតក្រោមការរៀបចំរបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំ យុវជន និងកីឡា ដើម្បីចូលរួមប្រកួតព្រឹត្តិការណ៍ធំៗចំនួនពីរ ពោលគឺត្រៀមចូលរួមប្រកួតកីឡាយុវជនអាស៊ី នៅប្រទេសបារ៉ែន នាខែតុលា ឆ្នាំ២០២៥ និងក្រុមឈុតធំ ហ្វឹកហាត់ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នាខែធ្នូ ឆ្នាំ២០២៥ ដែលប្រទេសថៃទទួលរៀបចំធ្វើម្ចាស់ផ្ទះ បន្តវេនពីស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣របស់ព្រះរាជណាចក្រកម្ពុជា។ ដោយឡែកសម្រាប់ការប្រកួតកីឡាយុវជនអាស៊ីនេះ កម្ពុជានឹងបន្តវេនបន្តមករៀបចំ នាឆ្នាំ២០២៩ ខាងមុខ ស្របពេលដែលកម្ពុជា ក្រៅពីចូលរួមប្រកួតប្រជែង ក៏កម្ពុជាកំពុងត្រៀមក្រុមប្រតិភូ ក្រុមសិល្បៈ អត្តពលិកចូលរួមសម្តែងក្នុងពិធីទទួលទង់បន្តវេន មកឆ្នាំ២០២៩ផងដែរ៕