កីឡាករឃីកបុកស៊ីងក្រសួងមហាផ្ទៃ ឈ្នះមេដាយ៧គ្រឿងពីព្រឹត្តិការណ៍ ISKA Kickboxing Thailand Open 2025

ថៃ៖ ប្រតិភូ គ្រូបង្វឹក កីឡាករ​-​កីឡាការិនី​ឃី​ក​បុក​ស៊ី​ង​ក្រសួងមហាផ្ទៃ​បាន​ធ្វើ​មាតុភូមិនិវត្តន៍​មក​ដល់​កម្ពុជា​វិញ​ហើយ កាលពី​ល្ងាច​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៥ ក្រោយ​បញ្ចប់​បេសកកម្ម​យ៉ាង​ជោគជ័យ ក្នុង​ការ​ដណ្តើម​មេដាយ​សរុប​ចំនួន ០៧​គ្រឿង (​មាស​០២​គ្រឿង ប្រាក់​០៣​គ្រឿង សំរឹទ្ធ​០២​គ្រឿង​) ជូន​ជាតិ​មាតុភូមិ និង​ក្រសួងមហាផ្ទៃ​ពី​ការ​ប្រកួត​ព្រឹត្តិការណ៍ ISKA Kickboxing Thailand Open 2025 នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។

មន្ត្រី​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ​បានឱ្យ​ដឹង​ថា ជ័យ​លា​ភី​មេដាយ​ទាំង​០៧​គ្រឿង ដែល​ដណ្តើម​បាន រួម​មាន​៖ ១.​កីឡាករ ផេង សុ​បញ្ញា (K1 60Kg) ទទួល​បាន​មេដាយមាស បន្ទាប់​ពី​បាន​យកឈ្នះ​កីឡាករ​ប្រេ​ស៊ី​ល និង​ឥណ្ឌា​។ ២.​កីឡាករ ជៀ ពៅ (K1 70Kg) ទទួល​បាន​មេដាយមាស ក្រោយ​បាន​យកឈ្នះ​កីឡាករ​អា​មេ​រិ​ក និង​អូស្ត្រាលី​។ ៣.​កីឡាករ ស៊ា វិច្ឆិកា (Full Contact 60Kg) ទទួល​បាន​មេដាយ​ប្រាក់ ដោយ​បាន​ចាញ់​កីឡាករ​អា​មេ​រិ​ក​វគ្គ​ផ្តាច់ព្រ័ត្រ​។ ៤.​កីឡាករ ឃួ​ន ចាន់​ពិ​សិទ្ធ (K1 55Kg) ទទួល​បាន​មេដាយ​ប្រាក់ ក្រោយ​ចាញ់​កីឡាករ​អ៊ី​រ៉​ង់​វគ្គ​ផ្តាច់ព្រ័ត្រ​។ ៥.​កីឡា​ការ​នី គន្ធ វណ្ណ​នី​តា (K1 70Kg) ទទួល​បាន​មេដាយ​ប្រាក់ ដោយ​បាន​ចាញ់​កីឡាការិនី​ណូ​វែ​ហ្សេ​ឡង់​វគ្គ​ផ្តាច់ព្រ័ត្រ​។ ៦.​កីឡាករ សាំង សាមី​ត (K1 75Kg) ទទួល​បាន​មេដាយ​សំរឹទ្ធ ក្រោយ​ចាញ់​កីឡាករ​នូ​វែ​ល​សេ​ឡង់ និង​ទី​៧.​កីឡាករ សុខ ដេ​វីត (K1 50Kg) ទទួល​បាន​មេដាយ​សំរឹទ្ធ បន្ទាប់​ពី​បាន​ប្រកួត​ចាញ់​កីឡាករ​អ៊ី​រ៉​ង់​។

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍ ISKA Kickboxing Thailand Open 2025 នេះ ក្រសួងមហាផ្ទៃ​បាន​ចាត់​បញ្ជូន ប្រតិភូ ០១​រូប គ្រូបង្វឹក ០១​រូប កីឡាករ​-​កីឡាការិនី ០៧​រូប និង​ក្រុមការងារ​ថតរូប ០២​រូប ដើម្បី​ទៅ​ចូលរួម​ប្រកួត ដែល​បាន​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៨​ដល់​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៥៕

Previous articleកីឡាការិនីបាល់ទាត់ ៤៥នាក់ ចូលរួមធ្វើតេស្ដជម្រើសជាតិ U19 ត្រៀមប្រកួតជើងឯកអាស៊ាន
Next articleកីឡាករអត្តពលកម្ម វ៉ាន់ ភារ៉ា ចូលរួមប្រកួតជើងឯកអាស៊ី នៅកូរ៉េខាងត្បូង