ភ្នំពេញ៖ កីឡាករអត្តពលកម្មកម្ពុជា វ៉ាន់ ភារ៉ា បានចេញដំណើរទៅចូលរួមប្រកួតកីឡាអត្តពលកម្មជើងឯកអាស៊ី ពីថ្ងៃទី២៧-៣១ ខែឧសភា ឆ្នាំ២០២៥ នៅប្រទេសកូរ៉េខាងត្បូង។
កីឡាកររត់ចម្ងាយឆ្ងាយ វ៉ាន់ ភារ៉ា ជាកីឡាករកម្ពុជាតែម្នាក់គត់នឹងបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ប្រកួតកីឡា អត្តពលកម្មជើងឯកអាស៊ី លើកទី២៦ (26th Asian Athletics Championships 2025 Gumi) នៅកូរ៉េខាងត្បូង។
លោក បូរ ពុធរាត្រី អគ្គលេខាធិការ សហព័ន្ធកីឡាអត្តពលកម្មកម្ពុជាបានឱ្យដឹងថា ការធ្វើដំណើរចេញទៅប្រកួតនេះមានប្រធានសហព័ន្ធកីឡាអត្តពលកម្ម លោក ដួង មាសចំរើន ធ្វើដំណើរជាមួយអគ្គលេខាធិកា លោក បូរ ពុធរាត្រី ដើម្បីទៅចូលរួមកិច្ចប្រជុំ និងកីឡាករ វ៉ាន់ ភារ៉ា ត្រូវប្រកួតអត្តពលកម្មជើងឯកអាស៊ី លើវិញ្ញាសា ១០០០០ម៉ែត្រ នៅប្រទេសកូរ៉េខាងត្បូង។ ការប្រកួតរបស់កីឡាកររូបនេះនឹងចាប់ផ្ដើមនៅវេលាម៉ោង ៤:១០នាទី (ត្រូវនឹងម៉ោង ២:១០នាទីនៅកម្ពុជា) នៅទីលាននៃកីឡដ្ឋាន Gumi Stadium ស្ថិតក្នុងខេត្ត North Gyeongsang ប្រទេសកូរ៉េខាងត្បូង។ ការប្រកួត 26th Asian Athletics Championships 2025 Gumi ត្រូវបានរៀបចំដោយសមាគមអត្តពលកម្មអាស៊ី នឹងប្រព្រឹត្តទៅពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែឧសភា ដោយមានការប្រកួតប្រជែងលើ ៤៥វិញ្ញាសានៃប្រភេទកីឡាអត្តពលកម្ម។ អ្នកចូលរួម ទាំងថ្នាក់ដឹកនាំ និងអត្តពលិកមានចំនួនសរុបប្រមាណ ២០០០នាក់ មកពី ៤៣ប្រទេស ក្នុងទ្វីបអាស៊ី៕