ភ្នំពេញ៖ ឯកឧត្តមម គុជ គីមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាអាណត្តិចាស់ត្រូវបានសមាជិកបោះឆ្នោតគាំទ្រជ្រើសរើសឯកឧត្តមបន្តដឹកនាំជាប្រធានសហព័ន្ធអាណត្តិថ្មី សម្រាប់ឆ្នាំ២០២៥ដល់ឆ្នាំ២០២៩ ក្នុងស្មារតីដ៏មោះមុត ដើម្បីបន្តអភិរក្ស និងអភិវឌ្ឍប្រភេទកីឡាអត្តសញ្ញាណជាតិខ្មែរមួយនេះឱ្យកាន់តែរស់រវើក។
តាមរយៈការរៀបចំមហាសន្និបាតបញ្ចប់អាណត្តិចាស់ និងបន្តអាណត្តិថ្មី ដែលបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានសម្រេចជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តអាណត្តិទី៣ ឆ្នាំ២០២៥-២០២៥ ចំនួន ៩ រូប រួមមាន៖ ឯកឧត្តម គុជ គីមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា អមដោយអនុប្រធានពីររូប គឺលោកវេជ្ជបណ្ឌិត សុខ សំបូរ និងលោក ឃាង ពីវ រីឯលោក សេក សុភ័ក្រ អគ្គលេខាធិការ លោក ហូយ សូណា អគ្គលេខាធិការរង លោក គាង ម៉េងសៀង អគ្គលេខាធិការរង លោក សេក សុភ័ណ អគ្គហេរញ្ញឹក លោក គ្រួច ចន្ថារិទ្ធ អគ្គហេរញ្ញឹករង និងលោក មាន មានិត ជាសមាជិក។
អាណត្តិទី២ ២០២១-២០២៥ ឯកឧត្តម គុជ គីមឡុង ដែលបានចំណាយពេលដ៏មានតម្លៃ ទាំងកម្លាំងកាយចិត្តដឹកនាំសហព័ន្ធជំនាញកីឡាប្រពៃណីអត្តសញ្ញាជាតិខ្មែរមួយនេះឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់។ ក្រោមការដឹកនាំរបស់ឯកឧត្តមប្រធានបានធ្វើឱ្យភេទកីឡាអុកចត្រង្គមានកិត្តិនាមទាំងក្នុងប្រទេសកម្ពុជា និងលើឆាកអន្តរជាតិ។
ជាមួយគ្នានេះ ឯកឧត្តម គុជ គីមឡុង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង អគ្គហេរញ្ញិក និងសមាជិក គណៈកម្មាធិការប្រតិបត្តិ និងមន្ត្រីសហព័ន្ធទាំងអស់ ក្នុងអាណត្តិមុនៗ ដែលជាប្រតិបត្តិករដោយផ្ទាល់បានខិតខំជំរុញឱ្យមានវឌ្ឍនភាពនៃប្រភេទកីឡាអុកចត្រង្គរបស់កម្ពុជា។ គណៈកម្មាធិការប្រតិបត្តិបានបញ្ចេញអស់កម្លាំងកាយចិត្តនូវស្មារតីមោះមុត ក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍ប្រភេទកីឡាអុកចត្រង្គឱ្យកាន់តែល្បីល្បាញ ទាំងក្នុងប្រទេស តំបន់ និងលើឆាកអន្តរជាតិ។
កត់សម្គាលបន្ថែមពីលើនេះ កីឡាអត្តសញ្ញាណជាតិខ្មែរមួយនេះនៅតែជាប្រភេទកីឡាដ៏ពេញនិយមសម្រាប់ប្រជាជនខ្មែរ ទាំងក្នុងការលេងកម្សាន្តសាកល្បងប្រាជ្ញាស្មារតី និងការប្រកួតប្រជែងមេដាយទាំងក្របខណ្ឌក្លឹប និងការប្រកួតថ្នាក់ជាតិក្រោមការរៀបចំរបស់សហព័ន្ធ។ ប្រភេទកីឡាអុកចត្រង្គក៏តែងតែត្រូវបានរៀបចំដាក់ឱ្យប្រកួត នៅក្នុងកម្មវិធីប្រកួតថ្នាក់ជាតិធំៗជារៀងរាល់ឆ្នាំផងដែរ ដូចជាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយប្រភេទកីឡាអុកចត្រង្គបានស្ថិតនៅក្នុងដួងព្រលឹងរបស់កូនខ្មែរ ក្នុងការលើកស្ទួយ អភិរក្ស និងអភិវឌ្ឍជំនាញកីឡាអត្តសញ្ញាណជាតិមួយនេះឱ្យនៅតែរស់រវើក។
អ្វីដែលសំខាន់ គឺសហព័ន្ធតែងតែផលិតបាននូវធនធានកីឡាករកាន់តែច្រើន និងប្រកបដោយគុណភាព ដើម្បីត្រៀមចូលរួមការប្រកួតអន្តរជាតិជាបន្តបន្ទាប់នាពេលខាងមុខ ជាពិសេសគឺស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាខែធ្នូ ឆ្នាំ២០២៥។ ក្នុងនាមជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ប្រភេទកីឡាអុកចត្រង្គដណ្តើមបានកិត្យានុភាពទាំងការរៀបចំ និងឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធ នៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ កាលពីខែឧសភា ឆ្នាំ២០២៣ផងដែរ៕