លោក ហែម គីរី៖ ការប្រកួតហែលទឹកវ័យចាស់ ជាការបំផុសឱ្យមហាជន លេងកីឡាដើម្បីសុខភាព ស្របតាមអនុសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត

ភ្នំពេញ៖ លោក ហែម គី​រី អគ្គលេខាធិការ សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​បាន​លើក​ឡើង​ថា ការ​ប្រកួត​កីឡាហែលទឹក​វ័យចាស់​បាន​បញ្ចប់​ដោយ​ជោគជ័យ កាលពី​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២៥ នៅ​អាង​ហែល​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ដោយ​ព្រឹត្តិការណ៍​នេះ​គឺជា​ការ​បំផុសស្មារតី​ឱ្យ​មហាជន​បាន​ចូលរួម​ប្រកួត​កីឡា និង​លេង​កីឡា​នេះ ដើម្បី​សុខភាព មិត្តភាព និង​សាមគ្គីភាព ស្រប​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​។

លោក ហែម គី​រី កត់​សម្គាល់ថា តាម​រយៈ​ការ​រៀបចំ​នេះ ជា​ការ​ផ្តល់​ឱកាស​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ជា​ពិសេស​អ្នក​ស្រឡាញ់​វិស័យ​កីឡាហែលទឹក ក្នុង​គោលបំណង​ចង់ឱ្យ​កីឡាករ កីឡាការិនី​ចូលរួម​ហែល​ទឹក ដើម្បី​សុខភាព មិត្តភាព និង​សាមគ្គីភាព​រវាង​ជនជាតិ​កម្ពុជា និង​មិត្ត​ភក្ត្រ​ជា​ជនបរទេស ដែល​មក​បំពេញការងារ​នៅ​កម្ពុជា​។ អ្នកចូលរួម​ចង់ឱ្យ​សហព័ន្ធ​រៀបចំ​ព្រឹត្តិការណ៍​បែប​នេះ​ឱ្យ​បាន​កាន់តែ​ច្រើន ដោយ​អាច​ផ្តល់​ភាព​សប្បាយ​រីករាយ​ជូន​ដល់​ពួក​គាត់ ហើយ​ក៏​ជា​កម្មវិធី​ប្រកួត​ប្រចាំឆ្នាំ ដើម្បី​ទទួល​បាន​សុខភាព​ល្អ និង​មិត្តភាព​សាមគ្គីភាព​។

អគ្គលេខាធិការ​បន្ថែម​ថា ៖«​ទោះបីជា​ការ​រៀបចំ​កីឡាហែលទឹក​វ័យចាស់​នេះ​មិន​ទាន់​ទទួល​បាន​កិច្ចសហការ​ឧបត្ថម្ភ​គាំទ្រ​ពី​បណ្តា​ក្រុមហ៊ុន​នានា​ក្តី ក៏​ប៉ុន្តែ​សហព័ន្ធ​ចង់​បំផុស​នូវ​អ្វី​ដែល​ជា​គុណប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ក៏​ដូច​ជា​ជនបរទេស​រស់នៅ​កម្ពុជា ស្រប​តាម​អនុសាសន៍​ដ៏​ខ្ពស់​ខ្ពស់​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​លេង​កីឡា ដើម្បី​បញ្ចៀស​នូវ​ហានិភ័យ​ចំពោះ​សុខភាព ដែល​ពលរដ្ឋ​កម្ពុជា​កំពុង​ជួប​ប្រទះ​នូវ​ជំងឺ​ផ្សេង​ៗ ជា​ពិសេស​គឺ​ជំងឺមហារីក​»​។

លោក ហែម គី​រី សង្កត់ធ្ងន់​ថា ដូច្នេះ​ការ​ហាត់​កីឡា​ជា​ប្រចាំ ការ​អនុវត្ត​លំ​ហាត់ប្រាណ​ជា​ប្រចាំ​នេះ គឺ​ពិតជា​អាច​ការពារ និង​ជួយ​ដល់​សុខភាព​របស់​អ្នកលេង​កីឡា​ទាំងអស់​ឱ្យ​កាន់តែ​រឹង​មាំ​។ ការ​ហាត់​កីឡាហែលទឹក​នេះ​មិន​មាន​ផល​ប៉ះពាល់​ដល់​រាង​កាយ​យើង​ដូច​ជា​ប្រភេទ​កីឡា​មួយ​ចំនួន​នោះ​ទេ ប៉ុន្តែ​ការ​ហាត់​ហែល​ទឹកបាន​ជួយ​ធ្វើ​ឱ្យ​សន្លាក់ ជង្គង់ ឬ​បញ្ហា​កៀប​ឆ្អឹង កៀប​សរសៃ​ជាដើម​នោះ បាន​ល្អ​បំផុត​។ ដូច្នេះ​ក្នុង​នាម​ជា​អ្នកបច្ចេកទេស​ផ្នែក​កីឡាហែលទឹក លោក​បាន​លើកទឹកចិត្ត​ដល់​មហាជន​ចូលរួម​ហាត់​កីឡាហែលទឹក​ជា​ប្រចាំ ដើម្បី​ទទួល​បាន​សុខភាព​ល្អ​។ «​អ្វី​ដែល​យើងខ្ញុំ ក្នុង​នាម​ជា​អ្នកបច្ចេកទេស សូម​ផ្តាំផ្ញើ​ដល់​បងប្អូន​ដែល​ទៅ​ហែល​ទឹក តាម​ទន្លេ ឬ​កន្លែង​ហែល​ទឹក​សាធារណៈ​សូម​ពិនិត្យ​មើល​លើ​ការ​ហែល​ទឹក ដើម្បី​សុវត្ថិភាព​។ ក្នុង​នាម​សហព័ន្ធ ជា​អ្នកបច្ចេកទេស យើងខ្ញុំ​មាន​ក្តី​បារម្ភ​ចំពោះ​ការ​ទៅ​ហែល​ទឹក ដែល​មិន​មាន​សុវត្ថិភាព ដែល​នេះ​ជា​គោលបំណង​របស់​យើង ក្នុង​នាម​ជា​ស្ថាប័ន​ជាតិ​មួយ ដែល​ផ្តោត​លើ​ប្រភេទ​កីឡាហែលទឹក​»​។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​កីឡាហែលទឹក​វ័យចាស់ ឆ្នាំ​២០២៥​ទទួល​បានការ​ចូលរួម​ពី​កីឡាករ កីឡាការិនី​តាម​កម្រិត​វ័យ​នីមួយ​ៗ​សរុប ៣២​នាក់​។ ចំនួន​នេះ​បាន​កើនឡើង​តិចតួច បើ​ប្រៀបធៀប​នឹង​ព្រឹត្តិការណ៍​ដូច​គ្នា កាលពី​ឆ្នាំ​មុន ខណៈ​ជនបរទេស​ដែល​កំពុង​ប្រកប​កិច្ចការ​នៅ​កម្ពុជា​ក៏​កើនឡើង​ជាង​ឆ្នាំ​មុន​ដែរ​។ លោក​សង្ឃឹមថា ប្រជាពលរដ្ឋ​ខ្មែរ និង​ជនបរទេស​នឹង​ចូលរួម​ប្រកួត​កីឡាហែលទឹក​វ័យចាស់​នេះ​កាន់តែ​ច្រើន​បន្ថែម​ទៀត នា​ព្រឹត្តិការណ៍​ក្រោយ​ទៀត​៕

Previous articleLiverpool ចេញមកប្រជែងដើម្បីផ្ទេរយកខ្សែប្រយុទ្ធរបស់​ AC Milan
Next articleឯកឧត្តម បួន ហ៊ីងសុធីយ៉ា ៖ បំប៉នអាជ្ញាកណ្តល-ចៅក្រមកម្ពុជាបន្ថែម ត្រៀមធ្វើម្ចាស់ផ្ទះកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ីអាគ្នេយ៍ ចុងមិថុនានេះ