ឯកឧត្តម បួន ហ៊ីងសុធីយ៉ា ៖ បំប៉នអាជ្ញាកណ្តល-ចៅក្រមកម្ពុជាបន្ថែម ត្រៀមធ្វើម្ចាស់ផ្ទះកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ីអាគ្នេយ៍ ចុងមិថុនានេះ

ភ្នំពេញ៖ មន្ត្រី​អាជ្ញាកណ្តាល ចៅក្រម​កីឡា​តេ​ក្វា​ន់​ដូ ITF កម្ពុជា​ទទួល​បានការ​បណ្តុះបណ្តាល ដើម្បី​ត្រៀម​ដឹកនាំ​ការ​ប្រកួត​កីឡា​តេ​ក្វា​ន់​ដូ ITF ជើងឯក​អាស៊ី​អាគ្នេយ៍ លើក​ទី​២ ពី​ថ្ងៃ​ទី​២៧-៣០ ខែមិថុនា ឆ្នាំ​២០២៥ នៅ​រាជធានី​ភ្នំពេញ​។

នេះ​បើ​តាម​ការ​គូសបញ្ជាក់​របស់​ឯកឧត្តម បួន ហ៊ីង​សុធី​យ៉ា អគ្គលេខាធិការ សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ ITF កម្ពុជា​ថ្លែងប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP នៅ​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២៥​នេះ​។ ឯកឧត្តម​អគ្គលេខាធិការ​បាន​លើក​ឡើង​បន្ថែម​ថា វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​សហព័ន្ធ ដើម្បី​បំពាក់បំប៉ន​បន្ថែម​ជូន​ដល់​មន្ត្រី​អាជ្ញាកណ្តាល ចៅក្រម​កម្ពុជា​នូវ​អ្វី​ដែល​យើង​ធ្លាប់​បាន​បណ្តុះបណ្តាល នា​ពេល​កន្លង​មក ដែល​ជា​ការ​រម្លឹក​ឡើង​វិញ​នូវ​បទបញ្ជា​ការ​ប្រកួត របៀប​ប្រើប្រាស់​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ក្នុង​ការ​ផ្តល់​ពិន្ទុ​សម្រាប់​ការ​ប្រកួត​របស់​កីឡាករ កីឡាការិនី​លើ​ទីលាន​ប្រកួត​។

ឯកឧត្តម បួន ហ៊ីង​សុធី​យ៉ា បាន​គូសបញ្ជាក់​ទៀត​ថា វគ្គ​បណ្តុះបណ្តាល​អាជ្ញាក​ណ្ត​ល​ចៅក្រម តេ​ក្វា​ន់​ដូ ITF មាន​អ្នកគ្រូ លី សុខ​ឆេ​ង (Master Lee sock Cheng) អនុប្រធាន​គណៈកម្មការ​អាជ្ញាកណ្តាល​ទ្វីបអាស៊ី មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី បាន​មក​បង្រៀន​វគ្គ​អាជ្ញាកណ្តាល និង​ចៅក្រម និង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ដាក់​ពិន្ទុ​អេ​ឡិច​ត្រូ​និក សម្រាប់​ការ​ត្រៀម​ប្រកួត​កីឡា​តេ​ក្វា​ន់​ដូ ITF ជើងឯក​អាស៊ី​អា​គ្នេ​យ៏ លើក​ទី​២ ឆ្នាំ​២០២៥​។ ចំពោះ​ចៅក្រម អាជ្ញាកណ្តាល និង​អ្នកបច្ចេកទេស​កម្ពុជា​មាន​ចំនួន ២៥​នាក់ សម្រាប់​ត្រៀម​រៀបចំ​ដឹកនាំ​ការ​ប្រកួត​កីឡា​តេ​ក្វា​ន់​ដូ ITF ជើងឯក​អាស៊ី​អាគ្នេយ៍ ដែល​កម្ពុជា​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ជា​លើក​ទី​២​។

គួរ​បញ្ជាក់​ថា សម្រាប់​ការ​រៀបចំ​ការ​ប្រកួត​កីឡា​តេ​ក្វា​ន់​ដូ ITF ជ្រើសរើស​ជើងឯក​អាស៊ី​អាគ្នេយ៍ លើក​ទី​២ ពី​ថ្ងៃ​ទី​២៧-៣០ ខែមិថុនា ឆ្នាំ​២០២៥ នៅ​រាជធានី​ភ្នំពេញ​មាន​ប្រទេស​ចូលរួម​សរុប ៧​ប្រទេស រួម​ទាំង​ម្ចាស់ផ្ទះ​កម្ពុជា ខណៈ​ប្រតិភូ អាជ្ញាកណ្តាល ចៅក្រម និង​កីឡាករ កីឡាការិនី សរុប​ប្រមាណ ២០០​នាក់​៕

Previous articleលោក ហែម គីរី៖ ការប្រកួតហែលទឹកវ័យចាស់ ជាការបំផុសឱ្យមហាជន លេងកីឡាដើម្បីសុខភាព ស្របតាមអនុសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត
Next articleអត្តពលិកហាប់គីដូកម្ពុជាប្តេជ្ញាប្រជែងមេដាយជូនជាតិ ក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ នៅឥណ្ឌូណេស៊ី