ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាហាប់គីដូគ្រោងនឹងបញ្ជូនមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនី សរុប ១៥នាក់ទៅចូលរួមប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ (2nd South East Asia Hapkido Championship 2025) នៅទីក្រុងYogyakarta ប្រទេសឥណ្ឌូណេស៊ី ពីថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០២៥ ខណៈអត្តពលិកបានបង្ហាញពីការប្តេជ្ញាដ៏មោះមុត ក្នុងការហ្វឹកហាត់ និងប្រកួតឱ្យអស់ពីសមត្ថភាព ដើម្បីប្រជែងឱ្យបាននូវមេដាយយកមកជូនជាតិ។
លោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហាប់គីដូ បានគូសបញ្ជាក់ថា ដោយបានការអនុញ្ញាតពីប្រធានសហព័ន្ធកីឡាហាប់គីដូកម្ពុជា ឧកញ៉ា សៅ សេងហាក់ សហព័ន្ធត្រៀមបញ្ជូនមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំនួន១៥ នាក់ ទៅចូលរួមការប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ២០២៥ ក្នុងនោះកីឡាករ ៧ នាក់ និងកីឡាការិនី ៤ នាក់។ សហព័ន្ធអន្តរជាតិបានអញ្ញាតឱ្យក្រុមអត្តពលិកហាប់គីដូកម្ពុជា ក្នុងម្នាក់ៗអាចប្រកួតបាន ៣វិញ្ញាសា ដូច្នេះកីឡាករកីឡាការិនីហាប់គីដូកម្ពុជាទាំង១១នាក់នឹងចូលរួមប្រកួតលើគ្រប់វិញ្ញាសាទាំងអស់។
អគ្គលេខាធិការរូបនេះបន្ថែមថា ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២៥នេះមាន ៨ប្រទេសចូលរួម ដែលសុទ្ធសឹងជាប្រទេសដែលសម្បូរទៅដោយកីឡាករ កីឡាការិនីប្រកបដោយគុណភាពខ្ពស់ៗ។ ចំណែកក្រុមជម្រើសជាតិកម្ពុជា ក៏បានត្រៀមខ្លួនបានខ្លះៗដែរ ប៉ុន្តែក៏អាចនិយាយបានថា អត្តពលិកយើងនៅខ្វះកម្រិតបច្ចេកទេសបន្តិចទៀត ដោយសព្វថ្ងៃនេះពួកគាត់កំពុងបង្កើនការហ្វឹកហាត់យ៉ាងសកម្ម ពីព្រោះការប្រកួតលើកនេះយើងត្រូវគោរពតាមលក្ខខណ្ឌរបស់សហព័ន្ធអន្តរជាតិ។
បន្ថែមពីលើនេះ លោក គង់ ចាន់ធីណា បានបញ្ជាក់ទៀតថា សហព័ន្ធខ្មែរកីឡាហាប់គីដូ បច្ចុប្បន្ននេះ កំពុងធ្វើដំណើរទៅមុខ អាស្រ័យដោយប្រធានសហព័ន្ធកីឡាហាប់គីដូកម្ពុជា ឧកញ៉ា សៅ សេងហាក់ និងអនុប្រធាន លោក គួច ហុងជៀក ព្រមទាំងសមាជិករបស់សហព័ន្ធកីឡា។ សហព័ន្ធមិនទាន់ទទួលបានកញ្ចប់ថវិកាឧត្ថម្ភប្រចាំឆ្នាំពីក្រសួងអប់រំ យុវជន និងកីឡា ដូចសហព័ន្ធកីឡាជាតិនានានៅឡើយទេ ដោយរាល់ការចំណាយគ្រប់បែបយ៉ាង និងការប្រកួតជើងឯកថ្នាក់ជាតិរបស់សហព័ន្ធកីឡាហាប់គីដូកម្ពុជា ជាថវិកាឧកញ៉ា សៅ សេងហាក់ និងលោក គួច ហុង ជៀក អនុប្រធានសហព័ន្ធ និងការចូលរួមបរិច្ចាគខ្លះៗពីសមាជិកសហព័ន្ធ។ ជាមួយគ្នានេះ លោកអគ្គលេខាធិការបានថ្លែងអំណរគុណដល់ការគាំទ្រជាស្មារតីរបស់ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ព្រមទាំងក្រុមហ៊ុន ឡារីតា ដែលតែងតែឧបត្ថម្ភគាំទ្រវិស័យកីឡាហាប់គីដូកម្ពុជា៕