លោក ខេស៊ី បាណេត ៖ កាផលិតធនធានអត្តពលិកនៅគ្រឹះស្ថានឧត្តមសិក្សា គឺជាប្រភពដ៏សំខាន់ ក្នុងការចូលរួមជាមួយសហព័ន្ធកីឡាជាតិ

ភ្នំពេញ៖ លោក ខេ​ស៊ី បា​ណេ​ត អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា និង​ជានា​យក​វិទ្យាស្ថាន ខេ​ម​អេ​ដ បាន​លើក​ឡើង​ថា ការ​ផលិត​ធនធាន​កីឡាករ កីឡាការិនី តាម​ប្រភេទ​កីឡា​នានា តាម​រយៈ​ការ​រៀបចំ​ការ​ប្រកួត​ជា​រៀង​រាល់​ឆ្នាំ នៅ​តាម​គ្រឹះស្ថានឧត្តមសិក្សា គឺជា​ប្រភព​ដ៏​សំខាន់ ក្នុង​ការ​ចូលរួម​ជួយ​អភិវឌ្ឍ​ធនធាន​អត្ត​ព​លិ​ក​ជាមួយ​សហព័ន្ធ​កីឡា​ជាតិ​នានា​។

នេះ​ជា​ការ​លើក​ឡើង​របស់​លោក ខេ​ស៊ី បា​ណេ​ត នៅ​ក្នុង​ឱកាស​បិទ​បញ្ចប់​ដោយ​ជោគជ័យ ការ​ប្រកួត​កីឡាបាល់ទាត់​ក្នុង​សាល ពានរង្វាន់​វិទ្យាស្ថាន ខេ​ម​អេ​ដ (CamEd Women’s Futsal Tournament) រដូវ​កាល ២០២៥ កាលពី​ល្ងាច​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២៥ នៅ​សាល​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​។

លោក ខេ​ស៊ី បា​ណេ​ត គូសបញ្ជាក់​ថា វិទ្យាស្ថាន ខេ​ម​អេ​ដ និង​គ្រឹះស្ថានឧត្តមសិក្សា​ផ្សេង​ៗ​ទៀត​នឹង​វិនិយោគ​ក្នុង​វិស័យ​កីឡា​ឱ្យ​កាន់តែ​ច្រើន ក្នុង​ការ​ប្រកួតប្រជែង ក្នុង​កម្រិត​ឧត្តម​សិក្សា​។ ជា​ធម្មតា នៅ​ប្រទេស​ផ្សេង​ៗ កីឡាករ កីឡាការិនី នៅ​តាម​កម្រិត​ឧត្តម​សិក្សា​គឺជា​ប្រភព​ដ៏​សំខាន់ សម្រាប់​ការ​ជ្រើសរើស​ធនធាន​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ នៅ​តាម​សហព័ន្ធ​កីឡា​ជំនាញ​នីមួយ​ៗ​។ ដូច្នេះ​ហើយ បើ​យើង​បង្កើត​វប្បធម៌​កីឡា​ក្នុង​វិស័យ​ឧត្តម​សិក្សា​កាន់តែ​ច្រើន វា​នឹង​អាច​ជួយ​ផ្តល់​ធនធាន​កាន់តែ​ច្រើន​ចូលរួម​ជាមួយ​ជាតិ ក្នុង​ការ​ត្រៀម​ឆ្ពោះទៅ​ចូលរួម​ប្រកួត​អន្តរជាតិ​ផង​ដែរ​។ នៅ​ក្នុង​ការ​ប្រកួត​កីឡា​សាកលវិទ្យាល័យ​ថ្នាក់​ជាតិ ក្រោម​ការ​រៀបចំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ខេ​ម​អេ​ដ តែងតែបាន​ចូលរួម​ប្រកួត​លើ​ប្រភេទ​កីឡា​ជា​ច្រើន​យ៉ាង​សកម្ម ហើយ​តែងតែ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ ជា​ពិសេស​កាលពី​ឆ្នាំ​២០២៤​កន្លង​ទៅ ខេ​ម​អេ​ដ ដ​ណ្តើ​បាន​ចំណាត់ថ្នាក់​លេខ​២ ក្នុង​ចំណោម​គ្រឹះស្ថានឧត្តមសិក្សា​ទូ​ទាំង​ប្រទេស​។

នាយក​វិទ្យាស្ថាន​រូប​នេះ​បន្ថែម​ថា យើង​ចង់​បង្កើត​វប្បធម៌​នៃ​ការ​លេង​កីឡា​នៅ​ប្រទេស​កម្ពុជា ខណៈ​កម្ពុជា​កំពុង​ត្រៀម​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ការ​ប្រកួត​កីឡា​យុវជន​អាស៊ី ឆ្នាំ​២០២៩​។ យើង​ចង់ឱ្យ​និស្សិត​របស់​យើង​ធ្វើ​ជា​គំរូ​ដល់​យុវជន​ផ្សេង​ៗ ក្នុង​ការ​បំផុសស្មារតី​ចូលរួម​លេង​កីឡា ដើម្បី​ឱ្យ​មាន​សុខភាព​ល្អ​។ ក្នុង​ចំណោម​កីឡាការិនី​បាល់ទាត់​ក្នុង​សាល​ទាំង ១០៤​នាក់ គឺ​មាន​ធនធាន​កីឡាការិនី​មួយ​ចំនួន​មាន​ទេព​កោសល្យ​ល្អ​ៗ ដែល​អាច​ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើសជាតិ​បាន​។ ជា​រៀង​រាល់​ឆ្នាំ វិទ្យាស្ថាន ខេ​ម​អេ​ដ តែងតែបាន​រៀបចំ​ការ​ប្រកួត​លើ​ប្រភេទ​កីឡា​ចំនួន​១៥ ដើម្បី​បំផុសស្មារតី​កីឡាករ កីឡាការិនី ដែល​ជា​និស្សិត​របស់​ខ្លួន​ចូលរួម​លេង​កីឡា និង​ព្យាយាម​ធ្វើ​ជា​គំរូ ក្នុង​វិស័យ​សិក្សា​កម្រិត​ឧត្តម​សិក្សា ដើម្បី​ស្វែងរក​ធនធាន​ឆ្នើម​ៗ ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​ប្រកួត​កីឡា​ឧត្តម​សិក្សា​ថ្នាក់​ជាតិ ក្រោម​ការ​រៀបចំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។

លោក​បន្ថែម​ថា បើ​ទោះបីជា ខេ​ម​អេ​ដ ផ្តោត​លើ​ជំនាញ​គណនេយ្យ និង​ហិរញ្ញវត្ថុ​ក្តី ក៏​តាម​រយៈ​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​នេះ​ជួយ​ជំរុញ​ឱ្យ​ក្រុមកីឡា​រិ​នី​ជា​និស្សិត​របស់​ខ្លួន​បាន​ចូលរួម​លេង​កីឡា ដើម្បី​សុខភាព មិត្តភាព និង​សាមគ្គីភាព ជា​ពិសេស​បណ្តុះ​ឱ្យ​ពួក​គាត់​ចេះ​ធ្វើការ​ជា​ក្រុម ចេះ​ធ្វើការ​ក្រោម​សម្ពាធ ដើម្បី​ឱ្យ​ពួក​គាត់​ទទួល​បាន​នូវ​បទ​ពិសោធ​ទាំង​កម្លាំង និង​លទ្ធផល​ជោគជ័យ​។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​កីឡាបាល់ទាត់​ក្នុង​សាល ពានរង្វាន់​ខេ​ម​អេ​ដ រដូវ​កាល ២០២៥ មាន​កីឡាការិនី​ជា​និស្សិត​របស់​ខ្លួន​ចូលរួម​សរុប ១០៤​នាក់ ស្មើនឹង​១០​ក្រុម ដោយ​ចំនួន​នេះ​កើនឡើង​ជាង​ឆ្នាំ​មុន​។ ចំពោះ​ក្រុម​ជ័យ​លា​ភី រួម​មាន​៖ ក្រុមកីឡា​ការិនី Wild Cats ដណ្តើម​បាន​ម្ចាស់​ជើងឯក បន្ទាប់​ពី​ឈ្នះ​ក្រុម Xiongmei FT ដោយ​លទ្ធផល ៥-០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ (​ជើងឯក​រង​) រីឯ​ក្រុម​លេខ​៣ បាន​ទៅ​លើ​ក្រុម Powerpuff Girls ខណៈ​ក្រុម​ចំណាត់​លេខ​៤ បាន​ទៅ​ក្រុម Super Nova ហើយ​ក្រុម​នេះ​ទទួល​បាន​ជ័យ​លា​ភី​ជា​ក្រុម​លេង​ដោយ​យុត្តិធម៌​ផង​ដែរ​។ ក្រៅពី​នេះ ក៏​មាន​ជ័យ​លា​ភី​ឯកត្តជន​មួយ​ចំនួន​ទៀត​ដែរ​។ កីឡាការិនី ឃុន ចន្ទ​រ៉ូ​សិ​កា តំណាង​ក្រុម Wild Cats ដែល​ឈ្នះ​ជើងឯក​បាន​បង្ហាញ​ក្តី​រីករាយ ដែល​ក្រុម​ទាំងមូល​សហការ​គ្នា​ប្រកួតប្រជែង​បាន​យ៉ាង​ល្អ តាំងពី​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល រហូត​ដល់​ឈ្នះ​គូប្រកួត នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ទៀត​៕

Previous articleអត្តពលិកហាប់គីដូកម្ពុជាប្តេជ្ញាប្រជែងមេដាយជូនជាតិ ក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ នៅឥណ្ឌូណេស៊ី
Next articleពង្រឹងសមត្ថភាពគ្រូបង្វឹក ក្រុមជម្រើសជាតិ៤០ប្រភេទកីឡា ត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ