ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំវគ្គសិក្ខាសាលាស្តីពី ការរៀបចំទ្រឹស្ដីផែនការហាត់ហ្វឹកហ្វឺន និងពង្រឹងសមត្ថភាពគ្រូបង្វឹក គ្រូជំនួយ ក្រុមកីឡាថ្នាល និងក្រុមកីឡាជម្រើសជាតិដល់គ្រូបង្វឹក គ្រូជំនួយក្រុមកីឡាថ្នាល និងក្រុមកីឡាជម្រើសជាតិ ឆ្នាំ២០២៥លើ៤០ប្រភេទកីឡា និងក្រុមកីឡាជនពិការ១ក្រុម ដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតអន្តរជាតិសំខាន់ៗ ដែលគ្រោងទុក។
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានអញ្ជើញជាអធិបតីបើកវគ្គសិក្ខាសាលាស្តីនេះ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ពីថ្ងៃទី០២-០៥ ខែមិថុនា ឆ្នាំ២០២៥។ ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា វគ្គសិក្ខាសាលាស្តីពីការរៀបចំទ្រឹស្ដីផែនការហាត់ហ្វឹកហ្វឺន និងពង្រឹងសមត្ថភាពគ្រូបង្វឹក គ្រូជំនួយ ក្រុមកីឡាថ្នាល និងក្រុមកីឡាជម្រើសជាតិ ដល់គ្រូបង្វឹក គ្រូជំនួយក្រុមកីឡាថ្នាល និងក្រុមកីឡាជម្រើសជាតិឆ្នាំ២០២៥ ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ១៤០នាក់ លើ៤០ប្រភេទកីឡា និងប្រភេទកីឡាជនពិការ១ក្រុម។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាព និងអភិវឌ្ឍជំនាញគ្រូបង្វឹក គ្រូជំនួយក្រុមកីឡាថ្នាល និងក្រុមកីឡាជម្រើសជាតិ ក្នុងការដឹកនាំបង្ហាត់ឈានទៅការអភិវឌ្ឍសមត្ថភាពបច្ចេកទេស និងបង្កើនគុណផលកីឡា ត្រៀមចូលរួមប្រកួតកីឡាយុវជនអាស៊ី នៅប្រទេសបារ៉ែន នាខែតុលា ឆ្នាំ២០២៥ និងការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នាខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសថៃ ព្រមទាំងការប្រកួតលក្ខណៈអន្ដរជាតិនានាផងដែរ។
លោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងប្រធានគណៈគ្រប់គ្រងវគ្គបានឱ្យដឹងថា សិក្ខាសាលានេះ ជាការពង្រឹងបន្ថែមពីលើចំណេះដឹង និងចែករំលែកបទពិសោធន៍ ក្នុងការរៀបចំផែនការបង្ហាត់ ដល់កីឡាករ កីឡាការិនីជម្រើសជាតិទទួលបានគុណផលខ្ពស់ ឈានទៅរកការដណ្ដើម មេដាយពីការប្រកួតកីឡាយុវជនអាស៊ី និងប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ។ ក្នុងន័យនេះ លោកប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺកីឡាសង្ឈឹមថា លោកគ្រូអ្នកគ្រូនឹងងទទួលបានចំណេះដឹង បទពិសោធថ្មី ក្នុងការយកចំណេះដឹងទាំងនេះទៅចែកបន្តដល់ក្រុមកីឡាជម្រើសជាតិឱ្យទទួលបានជោគជ័យ នាំយកមេដាយជូនជាតិ។
លោក យាន គីស៊ីវត្ថា បានគូសបញ្ជាក់ទៀតថា នៅក្នុងសិក្ខាសាលានេះចូលរួមចែករំលែកចំណេះដឹង និងបទពិសោធពីគ្រូឧទ្ទេសសំខាន់ៗចំនួន៧រូប ក្នុងនោះដូចជាឯកឧត្តម វ៉ាត់ ចំរើន ផ្តោតសំខាន់លើការចែករំលែកអំពីចិត្តសាស្ត្រកីឡា និងការព្យាបាលដោយចលនា និងស្តារយុវនីតិសម្បទា។ វេជ្ជបណ្ឌិត ម៉ី សភីរ៉ាណ ផ្តោតសំខាន់លើអាហាររូបត្ថម្ភ និងសុវត្ថិភាពចំណីអាហារ សង្គ្រោះបឋម ក្នុងពេលហ្វឹកហាត់-ប្រកួត។ លោក យាន គីស៊ីវត្ថា ផ្តោតសំខាន់លើការរៀបចំផែនការ និងទ្រឹស្តីការហ្វឹកហាត់របស់គ្រូបង្វឹក រីឯ លោក ព្រំ វណ្ណារឿន ផ្តោតសំខាន់លើការយល់ដឹងអំពីសាធាតុហាមឃាត់ក្នុងវិស័យកីឡា (ដូប៉ា ឬដូពីង) របស់គ្រូជម្រើសជាតិជាដើម៕