ភ្នំពេញ៖ អ្នករៀបចំព្រឹត្តិការណ៍ប្រណាំង់កង់ភ្នំ លោក យឿន ភីយុទ្ធ បានគូសបញ្ជាក់ថា វិញ្ញាសាកង់ភ្នំ XCM Mountain Bike Marathon ដែលត្រូវប្រកួតលើចម្ងាយផ្លូវ ៤៣,៥គីឡូម៉ែត្រ គឺជាវិញ្ញាសាថ្មីបញ្ចូលទៅក្នុងកម្មវិធីប្រណាំង MTB CHELLENGE 2025 ដែលរំពឹងខ្ពស់ថា នឹងរួមចំណែកយ៉ាងខ្លាំងក្នុងការទាក់ទាញភ្ញៀវទេសចរបរទេសមកកម្សាន្តនៅកម្ពុជា តាមរយៈការចូលរួមប្រណាំង។
អ្នកជំនាញរៀបចំព្រឹត្តិការណ៍កីឡាទោចក្រយានរូបនេះបានសង្កត់ធ្ងន់ថា សម្រាប់វិញ្ញាសាកង់ភ្នំ XCM Mountain Bike Marathon គឺជាវិញ្ញាសាថ្មីបំផុតសម្រាប់កម្ពុជា ហើយគណៈកម្មការទទួលបានការចុះឈ្មោះចូលរួមពីជនជាតិបរទេសបានចំនួន ៣០នាក់ហើយ។ លោក យឿន ភីយុទ្ធ បានបន្ថែមថា ក្រោមការជួយជ្រោមជ្រែងពីសហព័ន្ធកីឡាទោចក្រយានកម្ពុជា ឧបត្ថម្ភដោយហាងកង់ FLYING BIKES និងក្រុមហ៊ុនមួយចំនួន គឺព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ MTB CHELLENGE 2025 នឹងរៀបចំការប្រណាំងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០២៥ នៅទីលានស្ថិតក្នុងឃុំក្រាំងអំពិល ខេត្តកំពង់ស្ពឺ។
អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងបានលើកឡើងទៀតថា ក្នុងព្រឹត្តិការណ៍ប្រណាំងរយៈពេល២ថ្ងៃនេះ គណៈកម្មការរៀបចំការប្រកួតបានបញ្ចូលវិញ្ញាសាប្រណាំងថ្មីមួយបន្ថែមទៀត គឺXCM Mountain Bike Marathon ចម្ងាយ៤៣.៥គីឡូម៉ែត្រ ដោយប្រើប្រាស់ថេរៈវេលាប្រណាំងប្រមាណជាង២ម៉ោងកន្លះ ដែលត្រូវប្រកួតប្រណាំង នៅថ្ងៃទី២១ខែមិថុនា ឆ្នាំ២០២៥ ខណៈវិញ្ញាសាប្រណាំង XCO MOUNTAIN BIKE CROSS COUNTRY OLYMPIC ដែលជាវិញ្ញាសាប្រណាំងជារៀងរាល់ឆ្នាំ គឺធ្វើនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។
ជាមួយគ្នានេះ លោក យឿន ភីយុទ្ធ ក៏បានអំពាវនាឱ្យកីឡាករ កីឡាការិនីកម្ពុជា ដែលមានបំណងចង់សាកល្បងចូលរួមប្រណាំងក្នុងវិញ្ញាសាថ្មីនេះអាចចុះឈ្មោះចូលរួម តាមរយៈផេកហ្វេសបុករបស់ FLYINGBIKES EVENTS ក្នុងតម្លៃ២០ដុល្លារ ខណៈវិញ្ញាសាមួយនេះ ការចុះឈ្មោះប្រណាំងនៅបរទេសតម្លៃចាប់ពី១០០ដុល្លារឡើងទៅ។ វិញ្ញាសាថ្មី XCM Mountain Bike Marathon លើចម្ងាយផ្លូវប្រកួត ៤៣,៥ គីឡូម៉ែត្រ ដែលប្រណាំងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ជាការរៀបចំសាកល្បង ប្រសិនបើទទួលបានជោគជ័យ មានអ្នកឧបត្ថម្ភ និងមានចូលរួមប្រកួតច្រើននោះវិញ្ញាសាថ្មីមួយនេះនឹងមានវត្តមានប្រកួតនៅខេត្តផ្សេងៗនៅចុងឆ្នាំ២០២៥ ដែលជាការចូលរួមចំណែកផ្សព្វផ្សាយពីសក្កានុពលទេសចរតំបន់ ក្នុងប្រទេសកម្ពុជាផងដែរ៕