ភ្នំពេញ៖ នេះបើយោងតាមការបង្ហោះរបស់ឧកញ៉ា ស្រី ចាន់ថន តាមរយៈផេកហ្វេសប៊ុកផ្លូវការណ៍ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះថា៖
“ថ្ងៃនេះខ្ញុំបាទបានមកចូលរួមកិច្ចប្រជុំមួយ ដែលមានការចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ថោង ខុន ឯកឧត្តម វ៉ាត់ ចំរើន ឯកឧត្តម ខូវ ឆាយ រួមទាំងខ្ញុំបាទដើម្បីដោះស្រាយសម្របសម្រួលពាក់ព័ន្ធទៅកីឡាករ ដាវ លីឌុច អោយមានភាពល្អប្រសើរឡើងវិញ រួមគ្នាដើម្បីផ្សព្វផ្សាយគុនខ្មែរ ហើយក៏បានចង្អុលបង្ហាញ ដាវ លីឌុច អោយយល់ដឹងអំពីការរស់នៅ ច្បាប់ទម្លាប់ប្រទេស ដើរលើមាគ៌ារួមគ្នា ជួយផ្សព្វផ្សាយគុនខ្មែរដោយពិតប្រាកដហើយចេញពីចិត្ត ។
ឯកឧត្តម ថោង ខុន បានលើកឡើងព្រមទាំង បានឯកភាពបន្ថែមថា យេីងបានឯកភាពគ្នា ហើយធ្វើការអភិវឌ្ឍគុនខ្មែរទាំងអស់គ្នាដោយគោរពតាមឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ ដូចនេះ ដាវ លីឌុច និងសហព័ន្ធត្រៀមសហការគ្នា និងចាប់ដៃគ្នាធ្វេីការរួមគ្នាដោយគោរពគ្នាទៅវិញទៅមក។
សូមបញ្ចាក់ជូនបងប្អូនថាចាប់ពីពេលនេះតទៅរឿងរ៉ាវចាស់ៗគឺត្រូវបានដោះស្រាយ ហើយបញ្ចប់ជាស្ថាពរ គិតរឿងល្អសំរាប់គុនខ្មែរ”៕