អត្តពលិកជាតិ-អន្តរជាតិបានចុះឈ្មោះ ១៣៧៦នាក់ សម្រាប់ទិវារត់ប្រណាំង ម៉ារ៉ាតុងអន្តរជាតិ ចក្រភពអង្គរ នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤

ភ្នំពេញ៖ ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​អន្តរជាតិ ចក្រភព​អង្គរ លើ​ទី​៩ (9th Angkor Empire Marathon 2024) ដែល​គ្រោង​នឹង​ប្រារព្ធ​ធ្វើ​ឡើង នា​ព្រឹក​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០២៤ នៅ​ខេត្តសៀមរាប មក​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២៤​នេះ​មាន​កីឡាករ កីឡាការិនី​ជាតិ​-​អន្តរជាតិ​បាន​ចុះ​ឈ្មោះ​ចូលរួម​រត់​បាន​ចំនួន ១៣៧៦​នាក់​ហើយ ខណៈ​ក្តី​រំពឹង​នឹង​អាច​ឈាន​ដល់​ជាង ៣០០០​នាក់​រហូត​ដល់​ថ្ងៃ​បិទ​បញ្ជី​នៃ​ការ​ចុះ​ឈ្មោះ​។

នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ទីស្នាក់ការ NOCC នៅ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២៤​នេះ​។

ឯកឧត្តម វ៉ា​ត់ ចំរើន មាន​ប្រសាសន៍​ថា ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​អន្តរជាតិ ចក្រភព​អង្គរ ដែល​មាន​វិញ្ញាសា​គោល​ចម្ងាយ ៤២​គីឡូម៉ែត្រ​មាន​គោលដៅ​ចម្បង​ស្វែងរក​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា និង​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ឱ្យមក​ទស្សនា​តំបន់​អង្គរ ដោយសារ​ខែសីហា​នេះ​ជា​រដូវ​ភ្ញៀ​ង ដូច្នេះ​ភ្ញៀវ​ទេសចរ​មានការ​ធ្លាក់​ចុះ​។ អគ្គលេខាធិការ NOCC បន្ថែម​ថា ការ​រត់ប្រណាំង​អន្តរជាតិ នៅ​លើ​ទឹកដី​អង្គរ ខេត្តសៀមរាប មាន​គោលបំណង ចម្បង ដើម្បី​ជំរុញ​ដល់​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ ជា​ពិសេស​ភ្ញៀវ​ទេសចរ​ចិន ជប៉ុន ម៉ា​ឡេ​ស៊ី​ជាដើម​មក​ទស្សនា​នៅ​ទីនោះ ពីព្រោះ​អាជីវករ​លក់ដូរ និង​សណ្ឋាគារ​មាន​ផល​លំបាក​។ ដូច្នេះ​គណៈកម្មាធិការ​ជាតិ អូ​ឡាំ​ពិ​ក​កម្ពុជា និង​គណៈកម្មការ​រៀបចំ​រត់​ម៉ា​រ៉ា​តុង​រៀបចំ​ខែសីហា ក្នុង​ការ​ជួយ​ពួក​គាត់​តែ​ម្តង​។

សម្រាប់​ការ​ចុះ​ឈ្មោះ ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​អន្តរជាតិ​ចក្រភព​អង្គរ​ឆ្នាំ​២០២៤ មក​ដល់​ថ្ងៃនេះ កីឡាករ កីឡាការិនី​មក​ចិន​មាន​ធ្លាក់​ចុះ ដូច្នេះ​ការ​រត់​ឆ្នាំ​នេះ​អ្នកចូលរួម​រត់​ច្រើន​ជាងគេ​ឈរ​នៅ​លំដាប់​ទី​១ គឺ​ជប៉ុន បន្ទាប់​មក​លេខ​២ ចិន និង​លេខ​៣ ប្រទេស​ម៉ា​ឡេ​ស៊ី​។

ឯកឧត្តម វ៉ា​ត់ ចំរើន បាន​សង្កត់ធ្ងន់​ថា ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​អន្តរជាតិ ចក្រភព​អង្គរ ដើម្បី​ស្ដារ​មុខមាត់​ឡើង​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​ដល់​ប្រជាជន ដែល​ប្រកប​មុខ​រកស៊ី​នៅ​ខេត្ត​នេះ ហើយ​ក៏​ស្វែងរក​មូល​និ​ធី មនុស្សធម៌ មិនមែន​ធ្វើ​អាជីវកម្ម​ឡើយ ព្រោះ​ថវិកា​រកបាន​ទិវា​ប្រណាំង​អន្តរជាតិ​មួយ​នេះ ជា​រៀង​រាល់​ឆ្នាំ​តែងតែ​យក​ទៅ​ធ្វើ​មនុស្សធម៌​ដល់​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​។

ជាមួយ​គ្នា​នេះ លោក សែ​ម ផល្លា នាយក​ចាត់ការ​ទូទៅ​ទិវា​ម៉ា​រ៉ា​តុង​ក៏​បាន​អំពាវនាវ​ដល់​មហាជន​ខ្មែរ និង​ជនបរទេស​នានា​សូម​ចូលរួម​ចុះ​ឈ្មោះ​ចូលរួម​រត់ប្រណាំង​ឱ្យ​បាន​ច្រើន​កុះករ​។ ទិវា​នេះ​មាន​វិញ្ញាសា​រត់​ម៉ា​រ៉ា​តុង ចម្ងាយ ៤២ គីឡូម៉ែត្រ (Full Marathon), ២១ គីឡូម៉ែត្រ (Half Marathon), ១០​គីឡូម៉ែត្រ និង​រត់​ចម្ងាយ ៣​គីឡូម៉ែត្រ​សម្រាប់​ការ​កម្សាន្ត​សប្បាយ​លក្ខណៈ​ក្រុម​គ្រួសារ​និង​ក្រុម​ក្មេង​ៗ​។ លោក សែ​ម ផល្លា គូសបញ្ជាក់​ថា ទិវា​រត់ប្រណាំង​អន្តរជាតិ ចក្រភព​អង្គរ នេះ គឺ​គណៈកម្មការ​រៀបចំ​តែង​ជំរុញ​ដល់​ការ​រៀបចំ​ឱ្យ​កាន់តែ​មានគុណ​ភាព​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ជា​ពិសេស​លើ​ការ​ថែរក្សា​លើ​សុខ​សុវត្ថិភាព​ជូន​អ្នក​អត់​ទាំងអស់ ដើម្បី​ទាក់ទាញ​អ្នក​រត់​ជាតិ និង​អន្តរជាតិ​ចូលរួម​ឱ្យ​កាន់តែ​ច្រើន​ឡើង​បន្ថែម​ទៀត ពីព្រោះ​នេះ​ជា​ទិវា​រត់ប្រណាំង​អន្តរជាតិ ដើម្បី​កិត្តិយស​សង្គម​ជាតិ​របស់​យើង​ផង តាម​រយៈ​ព្រឹត្តិការណ៍​កីឡា​នេះ​៕

ប្រភព៖ AKP

Previous articleChelsea បើកការចរចាផ្ទេរយកខ្សែការពាររបស់ក្លឹប Boca Juniors
Next articleជម្រើសជាតិកាយវប្បកម្មកម្ពុជា ត្រៀមប្រកួតជើងឯកអាស៊ី លើកទី៥៦ នៅប្រទេសឥណ្ឌូណេស៊ី