ឥណ្ឌូនេស៊ី៖ កីឡាការិនីយូដូកម្ពុជា កែវ វ៉ាន់ឌឿន ដណ្តើមបានមេដាយប្រាក់១គ្រឿង ក្នុងការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២១ (21st ASEAN University Games) នៅប្រទេសឥណ្ឌូណេស៊ី ដែលកំពុងដំណើរការប្រកួតពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤។
នេះជាមេដាយប្រាក់ដំបូងគេ ដែលដណ្តើមបានដោយប្រភេទកីឡាយូដូរបស់កម្ពុជា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ក្នុងប្រភេទទម្ងន់ក្រោម៤៨គីឡូក្រាម បន្ទាប់ពីចាញ់កីឡាការិនីយូដូម្ចាស់ផ្ទះឥណ្ឌូណេស៊ី នៅវគ្គផ្តាច់ព្រ័ត្រ។ បើតាមការបញ្ជាក់ពីលោក ម៉ារ វង្សវិបុល គ្រូបង្វឹកកីឡាយូដូកម្ពុជាបានប្រាប់សារអេឡិចត្រូនិកពីកន្លែងប្រកួតប្រទេសឥណ្ឌូណេស៊ីមកថា កីឡាការិនីយូដូកម្ពុជា កែវ វ៉ាន់ឌឿនបានយកឈ្នះកីឡាការិនីម៉ាឡេស៊ី នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ លោកបង្ហាញក្តីរីករាយជាខ្លាំង ដោយសារ នៅក្នុងការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កន្លងទៅ កីឡាការិនីយូដូកម្ពុជាបានចាញ់កីឡាការិនីម៉ាឡេស៊ីរូបនេះ។ ប៉ុន្តែក្នុងការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២១នេះបានប្រកួតឈ្នះកីឡាការិនីម៉ាឡេស៊ីរូបនេះវិញ។ ចំពោះការប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយម្ចាស់ផ្ទះឥណ្ឌូណេស៊ី គឺកីឡាការិនីយូដូកម្ពុជា កែវ វ៉ាន់ឌឿនេះទទួលបានមេដាយប្រាក់ ក្នុងប្រភេទទម្ងន់ក្រោម៤៨គីឡូក្រាម ខណៈកីឡាការិនីម្ចាស់ផ្ទះឥណ្ឌូណេស៊ីទទួលបានមេដាយមាស។
គួរបញ្ជាក់ថា ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២១ នៅប្រទេសឥណ្ឌូណេស៊ី ឆ្នាំ២០២៤នេះ ដែលមានកីឡាករ កីឡាការិនីជានិស្សិតនេះ គឺកម្ពុជាបានបញ្ជូនប្រតិភូ មន្ត្រី គ្រូបង្វឹក អត្តពលិកសរុប ៤៥នាក់ ដឹកនាំដោយឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ទទួលបន្ទុកប្រធានប្រតិភូ, ឯកឧត្តម ប៉ុន សុខ អគ្គនាយកកីឡាទទួលបន្ទុកអនុប្រធានប្រតិភូ និងឯកឧត្តម ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា ទទួលបន្ទុកនាយបេសកកម្ម។ កម្ពុជាបានបញ្ជូនអត្តពលិក៦ប្រភេទកីឡា រួមមាន៖ កីឡាប៉េតង់ មានគ្រូបង្វឹក កីឡាករ កីឡាការិនី សរុប ១៤នាក់, តេក្វាន់ដូ WT មានគ្រូបង្វឹក កីឡាករ កីឡាការិនី ៦នាក់, ការ៉ាតេ មានគ្រូបង្វឹក អាជាកណ្តាល និងកីឡាការិនី៥នាក់, អត្តពលកម្ម មានគ្រូបង្វឹក និងកីឡាករ ៤នាក់, ហែលទឹក មានគ្រូបង្វឹក កីឡាករ កីឡាការិនី ៤នាក់ និងប្រភេទកីឡាយូដូ មានគ្រូបង្វឹក និងកីឡាការិនី២នាក់៕