លោកស្រី ហង់ ស៊ីមន ៖ កីឡាករ កីឡាការិនីរាំកម្ពុជានឹងអាចឈ្នះមេដាយ ជូនជាតិ ក្នុងការប្រកួតអន្តរជាតិ នៅប្រទេសវៀតណាម

ភ្នំពេញ៖ លោកស្រី ហង់ ស៊ី​មន អគ្គលេខាធិការ សហព័ន្ធ​កីឡា​រាំ​កម្ពុជា តំណាង​លោក​ជំទាវ ញ៉ែ​ម មរកត ប្រធាន​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​ដាក់​ក្តី​សង្ឃឹមថា ក្រុម​ជម្រើសជាតិ​កីឡាករ កីឡាការិនី​រាំ​កម្ពុជា​នឹង​អាច​ដណ្តើម​បាន​មេដាយ​ណាមួយ ក្នុង​ការ​ប្រកួត​កីឡា​រាំ WDSF World Challenge Cup Rising Star Latin & Standard 2024, WDSF International Open Latin & Standard 2024 និង KTOC Cup 2024 នៅ​ទីក្រុង​ហូ​ជី​មិ​ញ ប្រទេស​វៀតណាម ចាប់ពី​ថ្ងៃ​ទី​១២-១៦ ខែកក្កដា ឆ្នាំ​២០២៤​។

លោកស្រី ហង់ ស៊ី​មន អគ្គលេខាធិការ សហព័ន្ធ​កីឡា​រាំ​កម្ពុជា តំណាង​លោក​ជំទាវ ញ៉ែ​ម មរកត ប្រធាន​សា​ហ​ព័ន្ធ​កីឡា​រាំ​កម្ពុជា​បាន​អញ្ជើញ​ជូន​ដំណើរ​ប្រតិភូ​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ និង​ថ្នាល​កីឡា​រាំ​កម្ពុជា​សរុប​២២​នាក់ ទៅ​ចូលរួម​ប្រកួត​កីឡា​រាំ WDSF World Challenge Cup Rising Star Latin & Standard 2024, WDSF International Open Latin & Standard 2024 និង KTOC Cup 2024​។ ក្នុង​ចំណោម​២២​នាក់ គឺ​ក្នុង​នោះ​មាន​កីឡាករ ៨​នាក់ កីឡាការិនី ១២​នាក់ ប្រតិភូ​ម្នាក់ និង​គ្រូបង្វឹក​ម្នាក់​។

លោកស្រី​អគ្គលេខាធិការ​គូសបញ្ជាក់​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP ថា ៖«​ការ​ចូលរួម​ប្រកួត​អន្តរជាតិ​នេះ គឺជា​ការ​វាស់​ស្ទង់​គុណ​ផល​បច្ចេកទេស​របស់​ក្រុម​កីឡាករ កីឡាការិនី​រាំ​កម្ពុជា ដែល​បាន​ខិតខំ​ហ្វឹកហាត់​កន្លង​មក​។ ក្នុង​នាម​លោក​ជំទាវ​ប្រធាន​សហព័ន្ធ យើង​ជឿជាក់​ថា ក្រុម​ជម្រើសជាតិ​រាំ​ទាំងអស់​នឹង​ប្រឹងប្រែង​ប្រកួត​ឱ្យ​អស់ពី​សមត្ថភាព​ជាមួយនឹង​ក្តី​សង្ឃឹមថា ពួក​គាត់​នឹង​ទទួល​បាន​នូវ​មេដាយ​ក្នុង​កម្រិត​ណាមួយ មិន​ថា មេដាយមាស ប្រាក់ ឬ​សំរឹទ្ធ ដើម្បី​យក​មក​ជូន​ជាតិ​មាតុភូមិ​ជាក់​ជា​មិន​ខាន​។ ក្តី​រំពឹង​នេះ គឺ​ដោយសារ​តែ​ថ្នាក់ដឹកនាំ​សហព័ន្ធ​បាន​ជំរុញ​លើកទឹកចិត្ត​ដល់​កីឡាករ កីឡាការិនី​រាំ​ទាំងអស់​ឱ្យ​ខិតខំ​ហ្វឹកហាត់​យ៉ាង​ខ្លាំងក្លា ស្ទើរ​មិន​មាន​ពេល​សម្រាក​ឡើយ សូ​ម្បី​តែ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​ក្តី ក៏​នៅ​តែ​ហ្វឹកហាត់​ដែរ​»​។

ប្រតិភូ​កីឡាករ កីឡាការិនី​រាំ​កម្ពុជា​សរុប​២២​នាក់​បាន​ចាក​ចេញពី​មាតុប្រទេស​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២៤ ទៅ​ចូលរួម​ប្រកួត​កីឡា​រាំ​ក្នុង​ព្រឹត្តិការណ៍ WDSF World Challenge Cup Rising Star Latin & Standard 2024, WDSF International Open Latin & Standard 2024 និង KTOC Cup 2024 នៅ​ទីក្រុង​ហូ​ជី​មិ​ញ ប្រទេស​វៀតណាម ចាប់ពី​ថ្ងៃ​ទី​១២-១៦ ខែកក្កដា ឆ្នាំ​២០២៤​។

លោកស្រី ហង់ ស៊ី​មន បាន​គូសបញ្ជាក់​ថា ក្រុម​កីឡាករ​-​កីឡាការិនី​ចែក​ចេញ​ជា​២​ផ្នែក គឺ​ក្រុម​អត្ត​ព​លិ​ក​ជម្រើសជាតិ និង​ក្រុម​អត្ត​ព​លិ​ក​ថ្នាល ចំពោះ​ក្រុម​អត្ត​ព​លិ​ក​ជម្រើសជាតិ ១០ នាក់ កីឡាករ ៥ នាក់ និង​កីឡាការិនី​៥ នាក់ ចំណែក​ក្រុម​អត្ត​ព​លិ​ក​ថ្នាល មាន​កីឡាករ ៣ នាក់ និង​កីឡាការិនី ៧​នាក់​។ ការ​ប្រកួត​អន្តរជាតិ​នេះ​មាន​២៥ ប្រទេស​ចូលរួម​។

គួរ​បញ្ជាក់​ថា ចំពោះ​ប្រតិភូ​កីឡា​រាំ​កម្ពុជា​ដឹកនាំ​ដោយ​លោក សូវ តុង នាយក​បច្ចេកទេស​សហព័ន្ធ​កីឡា​រាំង​កម្ពុជា ទទួល​បន្ទុក​ប្រធាន​ប្រ​តិ​ត​ភូ និង​គ្រូបង្វឹក​បង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា លោកស្រី You Shu-Jie​។ ក្នុង​ដំណើរ​បេសកកម្ម​អន្តរជាតិ​របស់​ប្រភេទ​កីឡា​រាំ​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​នេះ​ទទួល​បានការ​អនុញ្ញាត​លើកទឹកចិត្ត​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​ផង​ដែរ​៕

Previous articleគ្រូបង្គោល U19 កម្ពុជា ៖ កីឡាករ លីម លោកា មានភាពបត់បែនលឿន និងឆាប់ចាប់បានក្នុងលំហាត់ នៃក្រុមជម្រើសជាតិ U19 កម្ពុជា
Next articleDavis Cup ៖ ក្រុមម្ចាស់ផ្ទះកម្ពុជា និងក្រុមស្រីលង្កា ឡើងទៅកម្រិត៣ ក្រោយឈ្នះការប្រកួតវគ្គខ្វែងពូលជាមួយគូប្រជែងរៀងៗខ្លួន