ភ្នំពេញ៖ លោក ទេព រិទ្ធិវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា និងជាប្រធានក្រុមដឹកនាំបានគូសបញ្ជាក់ថា បន្ទាប់ពីទទួលរៀបចំធ្វើម្ចាស់ផ្ទះ Davis Cup Group 4 ឆ្នាំ២០២៤ គឺកម្ពុជាមានឆន្ទៈចង់ស្នើសុំអន្តរជាតិធ្វើម្ចាស់ផ្ទះ ម្តងទៀត នាឆ្នាំក្រោយ។
នេះជាការលើកឡើងរបស់លោក នៅល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ នៅក្រោយបញ្ចប់ការប្រកួត ដែលក្រុមកម្ពុជាឈ្នះប្រទេសកាតា នៅទីលានវាយកូនបាល់នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដោយបានឡើងទៅលេងកម្រិត៣ នាឆ្នាំ២០២៥ខាងមុខ ខណៈការរៀបចំទទួលបានការកោតសរសើរបណ្តាប្រទេសចូលរួម និងមន្ត្រីអាជ្ញាកណ្តាលអន្តរជាតិ។
លោក ទេព រិទ្ធិវិទ្ធ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា ៖«ខ្ញុំនឹងព្យាយាមស្នើសុំអន្តរជាតិ ក្នុងការទទួលរៀបចំធ្វើម្ចាស់ផ្ទះ Davis Cup ម្តងទៀត នាឆ្នាំ២០២៥ ខណៈមន្តីអាជ្ញាកណ្តាលអន្តរជាតិបានកោតសរសើរយ៉ាងខ្លាំងថា ម្ចាស់ផ្ទះកម្ពុជារៀបចំបានល្អជាងប្រទេសច្រើនណាស់។ ខ្ញុំធ្លាប់ឃើញប្រទេសបារែន ធ្លាប់ធ្វើម្ចាស់ផ្ទះ Davis Cup ២ឆ្នាំជាប់ៗគ្នា កន្លងទៅដែរ។ ដូច្នេះកម្ពុជាហេតុអ្វីក៏មិនអាចធ្វើបាន។ ការរៀបចំធ្វើម្ចាស់ផ្ទះ ហត់បន្តិច ប៉ុន្តែក្នុងឆន្ទៈគឺយើងចង់រៀបចំធ្វើម្ចាស់ផ្ទះម្តងទៀត»។
បន្ថែមពីលើនេះ លោកអគ្គលេខាធិការគូសបញ្ជាក់ទៀតថា ក្រុមកម្ពុជាយើងខ្ញុំខិតខំខ្លាំងណាស់ ហើយមិនស្រម៉ៃថាបានលទ្ធផលល្អបែបនេះ ដោយរក្សានៅក្រុមទី៤នេះដដែល ប៉ុន្តែយើងខ្ញុំបានព្យាយាមជានិច្ចក្នុងក្តីប្រាថ្នាចង់ឡើងទៅក្រុមទី៣ ហើយពេលនេះយើងធ្វើបានជោគជ័យ ដោយសម្រេចបានឡើងទៅក្រុមទី៣។
«កីឡាករកម្ពុជាបានប្រឹងប្រែងប្រកួតខ្លាំងបំផុត ហើយសម្រាប់កម្រិតវាយកូនបាល់កម្ពុជាមិនអាចមើលស្រាលបានទេ ហើយចាប់ពីពេលនេះតទៅ គេគួរតែយល់ថា កម្ពុជា គឺជាក្រុមមួយគួរជាទីចាប់អារម្មណ៍។ សម្រាប់ក្រុមកម្ពុជា ដែលឡើងប្រកួតនៅកម្រិតទី៣ នាឆ្នាំ២០២៥ខាងមុខ ដែលមានចន្លោះ ៨ក្រុម ទៅ១០ក្រុម គឺក្រុមកម្ពុជានឹងត្រូវពង្រឹងខ្លួនឱ្យបានល្អ ដោយយើងត្រូវមើលកីឡាករយើងទាំងអស់ គឺកីឡាករ ឃ្លាំង ពន្លក អាយុ២២ឆ្នាំ, កីឡាករ ប៊ុន កេន្នី ចាស់លែងប្រកួតហើយ តែយើងមានកីឡាករ ទេព ទីម៉ូធី អាយុ២៤ឆ្នាំ កីឡាករ ឡេង សារិនរាជ អាយុ២០ឆ្នាំ ហើយយើងមានកីឡាករ Mathew Crusling ទើបមានវ័យ១៩ឆ្នាំ។ ដូច្នេះក្នុងរយៈពេល ៣ទៅ៤ឆ្នាំខាងមុខ គឺកម្ពុជាកាន់តែខ្លាំងជាមុន»។ លោក ទេព រិទ្ធិវិទ្ធ មានប្រសាសន៍បន្ថែម។
ជាមួយគ្នានេះ លោកក៏បានអរគុណដល់អ្នករៀបចំរបស់យើង ដោយសារតែ Davis Cup នេះមានកម្រិតខ្លាំងណាស់ ហើយអ្វីដែលពិសេសគឺកម្ពុជាមានទីលានវាយកូនបាល់នៃពហុកីឡដ្ឋានជាតិមរតកតេជោស្តង់ដាអន្តរជាតិ ដោយយើងអាចរៀបចំធ្វើម្ចាស់ផ្ទះទទួលបានការកោតសរសើរពីប្រទេសចូលរួមប្រកួតប្រជែងទាំង៧ប្រទេសផ្សេងទៀត។ លោក ទេព រិទ្ធិវិទ្ធ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលផ្តល់ការគាំទ្រដល់ការប្រកួត និងក្រុមកម្ពុជាយើង ជាពិសេសឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានផ្តល់កិត្តិយអញ្ជើញលើកទឹកចិត្តក្នុងពិធីបើកការប្រកួតជាផ្លូវការ ដែលបានជំរុញឱ្យមានការគាំទ្រកាន់តែច្រើន ទាំងការទស្សនានៅទីលានផ្ទាល់ និងនៅតាមការផ្សាយផ្ទាល់៕