សៀមរាប៖ ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ ចក្រភពអង្គរ លើទី៩ (9th Angkor Empire Marathon 2024) នឹងចាប់ផ្តើមជាផ្លូវការ នាព្រឹកព្រលឹម ថ្ងៃអាទិត្យទី០៤ ខែសីហា ឆ្នាំ២០២៤ នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដោយគិតមកដល់ត្រឹមព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះមានអត្តពលិកជាតិ-អន្តរជាតិជិត ៣០០០នាក់មកពី៣៧ប្រទេសបានចុះឈ្មោះចូលរួមរត់ប្រណាំង ក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ។
នេះបើតាមការគូសបញ្ជាក់របស់លោក សែម ផល្លា នាយកចាត់ការទូទៅទិវាម៉ារ៉ាតុងអន្តរជាតិ ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ។ លោក សែម ផល្លា មានប្រសាសន៍ថា ពេលនេះ មានអ្នកចុះឈ្មោះសរុប ២៩២៤នាក់ ក្នុងនោះកីឡាករ កីឡាការិនីកម្ពុជា បានចុះឈ្មោះចំនួន ២១២២នាក់ និងជនបរទេស ៨០២នាក់ មកពី៣៦ប្រទេស ដោយជប៉ុនមានអ្នកចុះឈ្មោះចូលរួមច្រើនជាងគេ ឈរនៅលំដាប់ទី១ ចិនលេខ២ និងវៀតណាម ឈរនៅលេខ៣។ ចំពោះវិញ្ញាសាម៉ារ៉ាតុង (Full Marathon) ចម្ងាយ៤២គីឡូម៉ែត្រ មានអត្តពលិកចុះឈ្មោះរត់ ចំនួន៤៥៧នាក់, វិញ្ញាសាពាក់កណ្តាលម៉ារ៉ាតុង (Haft Marathon) ចម្ងាយ២១គីឡូម៉ែត្រ ចំនួន៦៣០នាក់, វិញ្ញាសា ១០គីឡូម៉ែត្រ ១៣៨០នាក់ និងវិញ្ញាសារត់កម្សាន្តលក្ខណៈគ្រួសារ ៣គីឡូម៉ែត្រ មានចំនួន៤៥៧នាក់។ គណៈកម្មការរៀបចំនឹងបន្តការទទួលចុះឈ្មោះ២ថ្ងៃទៀត មុនដល់ថ្ងៃបិទបញ្ជីនៃការចុះឈ្មោះ ដោយសារនៅសល់សម្ភារសម្រាប់អត្តពលិកតិចតួចប៉ុណ្ណោះ។
បន្ថែមពីលើនេះ លោកនាយកចាត់ការទូទៅរូបនេះគូសបញ្ជាក់ទៀតថា ទិវារត់ប្រណាំងអន្តរជាតិ ចក្រភពអង្គរ តែងតែត្រូវបានគណៈកម្មការរៀបចំតែងជំរុញដល់ការរៀបចំឱ្យកាន់តែមានគុណភាពពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសលើការថែរក្សាលើសុខសុវត្ថិភាពជូនអ្នកអត់ទាំងអស់ ដើម្បីទាក់ទាញអ្នករត់ជាតិ និងអន្តរជាតិចូលរួមឱ្យកាន់តែច្រើនឡើងបន្ថែមទៀត ពីព្រោះនេះជាទិវារត់ប្រណាំងអន្តរជាតិ ដើម្បីកិត្តិយសសង្គមជាតិរបស់យើងផង តាមរយៈព្រឹត្តិការណ៍កីឡា។
លោក សែម ផល្លា ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ ដែលមានការរត់របស់អត្តពលិក សូមមេត្តាយោគយល់ចំពោះការរៀបចំនេះ ដោយឈប់ ដើម្បីសម្រួលដល់ការរត់កុំឱ្យកើតមានគ្រោះថ្នាក់កើតឡើង។ ការបិទផ្លូវ គឺជារឿងសំខាន់ ព្រោះបើបិទមិនបានល្អ អាចនឹងមានបញ្ហាកើតឡើង ពេលការប្រកួតចាប់ផ្តើម ប្រសិនជាមានរថយន្តបើកឆ្លងកាត់ ហើយធ្វើឱ្យការរៀបចំរបស់យើង ក៏បរាជ័យដែរ ដោយជាប់នៅរូបភាពមិនល្អផងដែរ។
យោងតាមប្រសាសន៍របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងសន្និសីទសារព័ត៌មាន កាលពីចុងខែមិថុនា ២០២៤ កន្លងមកថា ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ ចក្រភពអង្គរ មានគោលដៅចម្បងស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងជួយទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាតំបន់អង្គរ ដោយសារខែសីហានេះជារដូវភ្ញៀង ដូច្នេះភ្ញៀវទេសចរមានការធ្លាក់ចុះ។ ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ ចក្រភពអង្គរ ដើម្បីស្ដារមុខមាត់ឡើងវិស័យទេសចរណ៍ខេត្តសៀមរាបដល់ប្រជាជន ដែលប្រកបមុខរកស៊ីនៅខេត្តនេះ ហើយក៏ស្វែងរកមូលនិធិជួយដល់កិច្ចការសប្បុរសធម៌ មិនមែនដើម្បីស្វែងរកប្រាក់ចំណេញនោះឡើយ ព្រោះថវិការកបានទិវាប្រណាំងអន្តរជាតិមួយនេះ ជារៀងរាល់ឆ្នាំតែងតែយកទៅធ្វើមនុស្សធម៌ដល់មន្ទីរពេទ្យគន្ធបុប្ជា៕