ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរ លើកទី៩ ឆ្នាំ២០២៤នេះ មានអ្នកចូលរួមសរុបចំនួន ៣ ០២១នាក់ ហើយកីឡាករកម្ពុជា វ៉ាន់ ភារ៉ា ជាប់លេខ១ លើវិញ្ញាសា ៤២គីឡូម៉ែត្រ

សៀមរាប៖ ឯកឧត្តម​បណ្ឌិត​ទេស​រដ្ឋមន្ដ្រី ថោ​ង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ថ្លែង​ថា ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​អន្ដរជាតិ ចក្រភព​អង្គរ លើក​ទី​៩ ឆ្នាំ​២០២៤ នៅ​មុខ ប្រាសាទអង្គរវត្ត ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០២៤​នេះ បាន​ស្រូប ទាញ​អ្នកចូលរួម​សរុប​ចំនួន ៣ ០២១​នាក់ ក្នុង​នោះ​មាន​អត្ត​ព​លិ​ក​ខ្មែរ​ចំនួន​ជាង ២ ០០០ នាក់ និង​អត្ត​ព​លិ​ក​អន្ដរជាតិ​ចំនួន ៨១៥​នាក់ មក​ពី ៥១​ប្រទេស​។ ប្រទេស​ដែល​មាន​អ្នក​ចូល រួម​ច្រើន ជាងគេ​គឺ ជប៉ុន ចិន វៀតណាម ចក្រភព​អង់គ្លេស និង​ថៃ​។

លើស​ពី​នេះ ឯកឧត្តម​ក៏​សង្ឃឹមថា អត្ត​ព​លិ​ក​ទាំងអស់ នឹង​បន្ដ​ចូលរួម​ទិវា​រត់ប្រណាំង អន្ដរជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អង្គរវត្ត លើក​ទី​២០ នា​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២៤ ខាង​មុខ​ឱ្យ បាន​កាន់តែ​ច្រើន​ផង​ដែរ​។

ឯកឧត្តម​ទេស​រដ្ឋមន្ដ្រី បាន​សម្ដែង​នូវ​សេចក្ដី​សោមនស្ស​យ៉ាង​ក្រៃ​លែង ដោយ​បាន ទទួល​ការ​ចាត់តាំង​ដ៏​ខ្ពង់ខ្ពស់ ចូលរួម​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​ប្រចាំឆ្នាំ​នេះ​។ ក្នុង នាម​សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ដ្រី ឯកឧត្តម​បាន​សម្ដែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ចំពោះ​វត្តមាន​អត្ត​ព​លិ​ក​ជាតិ និង​អន្ដរជាតិ ដែល​បាន​ចូលរួម​ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង អន្ដរជាតិ ចក្រភព​អង្គរ​លើក​ទី​៩ ដែល​ជា​ច​លករ​ដ៏​សំខាន់​ក្នុង​ការ​រួម ចំណែក​លើកកម្ពស់​វិស័យ ទេសចរណ៍ ពិសេស​នៅ​គោលដៅ​ខេត្តសៀមរាប​។

ឯកឧត្តម​បណ្ឌិត ថោ​ង ខុន មាន​ប្រសាសន៍​ថា «​ឆ្លៀត​ក្នុង​ឱកាស​ដ៏​មហោឡារិក​នេះ ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រិ​យ​មិត្ត​ជាតិ​-​អន្ដរជាតិ​ទាំងអស់ ចូលរួម​អបអរសាទរ​ពិធី​បើក ការដ្ឋាន​សាងសង់​ផ្លូវការ “​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​” នា​ថ្ងៃស្អែក​នេះ ដែល​ជា​ព្រែកជីក ប្រវត្តិសាស្ដ្រ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ហើយ​បន្ដ​ស្នាដៃ និង​ជំរុញ​បន្ថែម​ក្នុង​ការ​អភិវឌ្ឍ​គម្រោង​ដោយ​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក្រោម​ស្មារតី “​គម្រោង​របស់​ខ្មែរ​ទាំងអស់ ដោយ​ខ្មែរ និង​ដើម្បី​ខ្មែរ​គ្រប់​រូប​”» ។

ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អគ្គ លេខាធិការ NOCC បានឱ្យ ដឹង​ថា ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​អន្ដរជាតិ ចក្រភព​អង្គរ ឆ្នាំ​នេះ រៀបចំ​ឡើង​ក្នុង​គោលបំណង​សំខាន់​ៗ ៣ រួម​មាន​៖ ១-​ផ្ដោត​ការ​យកចិត្តទុកដាក់​ទៅ លើ​ភាព​សប្បាយ​រីករាយ​របស់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​រាជរដ្ឋាភិបាល ចំពោះ​ព្រឹត្តិការណ៍ ប្រវត្តិសាស្ដ្រ នៃ​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ នា​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២៤, ២-​រត់​ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា និង ៣-​រត់​ដើម្បី​ថែ រក្សា​សោភណភាព អនាម័យ បរិស្ថាន នៅ​តំបន់​បេតិកភណ្ឌ​អង្គ និង​ចូលរួម​លើក កម្ពស់​ប្រតិបត្តិការ​ទេសចរណ៍ នៅ​ខេត្តសៀមរាប​។

សម្រាប់​លទ្ធផល វិញ្ញាសា​រត់​ម៉ា​រ៉ា​តុង (៤២​គីឡូម៉ែត្រ​) ផ្នែក​បុរស​លេខ​១ កីឡាករ​កម្ពុជា វ៉ា​ន់ ភា​រ៉ា ប្រើ​ថិរវេលា ២​ម៉ោង ៤០​នាទី និង ៥១​វិនាទី​/ លេខ​២ កីឡាករ​ជប៉ុន Yuki Kaneyama ប្រើ​ថិរវេលា ២​ម៉ោង ៤៧​វិនាទី និង ២៩​វិនាទី​/ លេខ​៣ កីឡាករ​វៀតណាម Dai Be Thanh ប្រើ​ថិរវេលា ២​ម៉ោង ៥៤​នាទី និង ០៥​វិនាទី​។ វិញ្ញាសា​ម៉ា​រ៉ា​តុង (​រត់​ចម្ងាយ ៤២​គីឡូម៉ែត្រ​) ផ្នែក​នារី​លេខ​១ កីឡាការិនី​អៀ​កឡង់ Caitriona Jennings ប្រើ​ថិរវេលា ៣​ម៉ោង ០៥​នាទី និង ៤៣.១៩​វិនាទី​/ លេខ​២ កីឡាការិនី​វៀតណាម Nguyen Thi Linh ប្រើ​ថិរវេលា ៣​ម៉ោង ១៣​នាទី និង ៣៥.៥៤​វិនាទី លេខ​៣ កីឡាការិនី​ចិន Qi Wang ប្រើ​ថិរវេលា ៣​ម៉ោង ៤១​នាទី និង ០៧.៨០​វិនាទី​៕

Previous articleឯកឧត្តម ខូ​វ ឆាយ ប្រកាសស្វាគមន៍​លោកគ្រូ សឹ​ង្ហ សា​រិ​ទ្ធ ជា​អតីតមន្ត្រី​អាជ្ញាកណ្តាល​ចៅក្រម​របស់​សហព័ន្ធ អោយ​ត្រលប់​មក​ធ្វើការ​វិញ
Next articleហាប់គីដូកម្ពុជាឈ្នះមេដាយ ៤០គ្រឿងពីការប្រកួតជើងឯកពិភពលោក នៅថៃ